ជាតិ
សង្គមជាតិ
ចាប់បុរសវៀតណាមម្នាក់ ជាមួយគ្រឿងញៀនជាង១៨១គីឡូក្រាម
04, Jan 2022 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
សមត្ថកិច្ចភ្នំពេញ បានចាប់បុរសជនជាតិវៀតណាមម្នាក់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ហើយបានដកហូតគ្រឿងញៀន១៨១​គីឡូក្រាម និង៣៧០ក្រាម។ ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់នេះ ទើបនឹងត្រូវអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

 
 
បុរសជនជាតិវៀតណាមនោះ ឈ្មោះ លូ តុង ហ៊ុយ (Luu Tung Huy) អាយុ២៥ឆ្នាំ។ អគ្គស្នងការដ្ឋានគរបាលជាតិ អះអាងថា ជនសង្ស័យ  និងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការភ្នំពេញហើយ ដើម្បីអនុវត្តបន្តតាមច្បាប់។ 
 
នៅជិតដំណាច់ឆ្នាំ២០២១ មានបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំៗ កើតឡើងផ្ទួនៗគ្នា។ 
 
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច ចាប់បានក្រុមជនល្មើសជនជាតិចិនមានគ្នា៩នាក់ ក្នុងរាជធានីភ្នំពេញ និងរឹបអូសគ្រឿងញៀន៣៤៧គីឡូក្រាមពីពួកគេ។ 
 
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច ចុះបង្ក្រាបជនល្មើសជនជាតិចិនជាង១០នាក់ ដែលលួចផលិតគ្រឿងញៀនក្នុងរោងចក្រ នៅខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច រកឃើញគ្រឿងញៀនដល់ទៅជាង២តោន (២២៣៧គីឡូក្រាម) និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនដល់ទៅជាង៨៤តោន។
 
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀន១៦៦គីឡូក្រាម នៅម្តុំកោះល្ង ខេត្តស្ទឹងត្រែង។ ជនល្មើស លួចដឹកគ្រឿងញៀនទាំង១៦៦គីឡូក្រាមនេះ ដោយទូកម៉ាស៊ីន ពីប្រទេសឡាវ ចូលមកកម្ពុជាតាមដងទន្លេមេគង្គ។ ករណីនេះ ជនល្មើស រត់រួច។
 
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ច ចាប់បុរសសញ្ជាតិកាណាដាម្នាក់ ក្នុងរាជធានីភ្នំពេញ និងរឹបអូសគ្រឿងញៀន១៦៧គីឡូក្រាម។
 
ក្នុង​ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា ​រឹបអូសគ្រឿងញៀន-​សារធាតុ​ញៀនសរុប​ជាង ៤តោន និង​ចាប់ជនសង្ស័យ​ជាង ១ម៉ឺននាក់ (១៣៧៦៥នាក់) ដោយ​ក្នុង​នោះ ​មាន​ជនបរទេស​ជាង ៣៦២​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ ដែលផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍។
 
ចំណែកក្នុង២០២០ ជនសង្ស័យជាង ២ម៉ឺននាក់ ត្រូវបានឃាត់ខ្លួន និង​គ្រឿង​ញៀនជាង ៣តោន ត្រូវបានរឹបអូស។ 
 
តាមរយៈតួលេខខាងលើ ក្នុងឆ្នាំ២០២១ ជនសង្ស័យ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន មានចំនួនតិចជាងក្នុងឆ្នាំ២០២០ តែគ្រឿងញៀនក្នុងឆ្នាំ២០២១ មានចំនួនច្រើនជាងក្នុង២០២០៕ 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com