ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! ជំងឺមហារីកក្រពេញអូវ៉ែ អាចបង្កអាការៈ ៨នេះឱ្យលេចឡើង
05, Jan 2022 , 6:59 am        
រូបភាព
ជំងឺមហារីកក្រពេញអូវ៉ែអាចឆក់យកអាយុជីវិតរបស់ស្ត្រីបានយ៉ាងងាយគួរឱ្យបារម្ភ! ថាតើជំងឺនេះអាចបង្កអាការៈអ្វីខ្លះឱ្យលេចឡើង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញាដែលអាចលេចឡើងនៅពេលមានជំងឺមហារីកក្រពេញអូវ៉ែ ៖

 
១. ស្រកទម្ងន់លឿនខុសប្រក្រតី
 
ការស្រកទម្ងន់ខ្លាំងយ៉ាងឆាប់រហ័សទាំងដែលមិនបានធ្វើលំហាត់ប្រាណនិងតមអាហារ គឺអាចជាអាការៈ ឬរោគសញ្ញាគួរឱ្យបារម្ភមួយនៃជំងឺមហារីកក្រពេញអូវ៉ែដំណាក់កាលដំបូង។ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានឆាប់នៅពេលជួបប្រទះអាការៈស្រកទម្ងន់លឿនខុសប្រក្រតី ឬដោយមិនបានរំពឹងទុក។
 
២. នោមញឹក
 
ការមានអារម្មណ៍ចេះតែចង់ទៅនោម ឬការនោមញឹកក៏អាចជារោគសញ្ញាមួយនៃជំងឺមហារីកក្រពេញអូវ៉ែផងដែរ។ នេះរួមបញ្ចូលទាំងភាពមិនអាចទ្រាំទប់នោមបាន ឬបាត់បង់ការគ្រប់គ្រងលើផ្លោកនោមតែម្ដង។ ទោះបីជាអាចជារោគសញ្ញានៃបញ្ហាសុខភាពផ្សេងដូចជាការឆ្លងមេរោគផ្លូវបង្ហូវនោម ប៉ុន្តែក៏អាចជាអាការៈនៃជំងឺធ្ងន់ធ្ងរផ្សេងទៀតដែរ។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរធ្វេសប្រហែសឡើយ!
 
៣. ឈឺខ្នងផ្នែកខាងក្រោម
 
ការឈឺខ្នងផ្នែកខាងក្រោមហាក់ដូចជាឈឺរាលទៅតំបន់អាងត្រគាក ជាពិសេសប្រសិនបើអាការៈនេះមិនបាត់ទៅវិញសោះ។
 
៤. ឈឺក្នុងពោះនិងហើមពោះ
 
ទំហំពោះរបស់អ្នកហាក់ដូចជារីកជាងមុននាំឱ្យមានអារម្មណ៍ហើមពោះនិងតឹងពេញដោយហ្គាស។ អ្នកជំងឺភាគច្រើនលើកឡើងពីអាការៈឈឺចាប់ក្នុងពោះដែលមានរយៈពេលយូរជាង ២សប្តាហ៍និងដោយគ្មានអមមកជាមួយនូវអាការៈរាគ, មករដូវ ឬគ្រុនពោះវៀនអ្វីឡើយ។ អ្នកក៏អាចនឹងសម្គាល់ឃើញថាសម្លៀកបំពាក់អាចមានអារម្មណ៍តឹងជាងមុននៅជុំវិញត្រគាកនិងចង្កេះ។
 
៥. ភាពប្រែប្រួលនៃចលនាពោះវៀន
 
រាគ, ទល់លាមក និងភាពប្រែប្រួលនៃចលនាពោះវៀនជាញឹកញយផ្សារភ្ជាប់នឹងជំងឺមហារីកក្រពេញអូវ៉ែគួរឱ្យកត់សម្គាល់។ ស្ថានភាពនេះកើតឡើងនៅពេលដុំសាច់ក្រពេញអូវ៉ែហើម ហើយដាក់សម្ពាធលើផ្លោកនោម, ពោះវៀន និងក្រពះ។
 
៦. ពិបាករំលាយអាហារ
 
ក្រហាយទ្រូង, បញ្ហាពាក់ព័ន្ធក្រពះពោះវៀន, ចង្អោរចង់ក្អួត, ហ្គាសក្នុងពោះ និងពិបាករំលាយអាហារមិនឈប់ គឺជារោគសញ្ញាទូទៅនៃជំងឺមហារីកក្រពេញអូវ៉ែ។
 
៧. ការហូរឈាមទ្វារមាស
 
ការហូរឈាមពីទ្វារមាស់ខុសប្រក្រតី ឬដែលមិនមែនមកពីការមករដូវ គឺជារោគសញ្ញាគួរឱ្យកត់សម្គាល់មួយនៃជំងឺមហារីកក្រពេញអូវ៉ែ។ នេះរួមបញ្ចូលទាំងភាពមិនប្រក្រតីផ្សេងទៀតនៃទ្វារមាសដូចជាឡើងពងបែក ឬឈឺចាប់ក្នុងតំបន់ទ្វារមាស និងភាពប្រែប្រួលនៃស្បែកត្រង់តំបន់នេះ។
 
៨. អស់កម្លាំង
 
ការជួបប្រទះអាការៈអស់កម្លាំងខ្លាំងនិងខ្សោយកម្លាំង គឺជារោគសញ្ញាគួរឱ្យកត់សម្គាល់មួយទៀតនៃជំងឺមហារីកក្រពេញអូវ៉ែ។
 
ចំណាំ៖ នេះមិនមែនមានន័យថា ទាល់តែមានគ្រប់រោគសញ្ញា ឬអាការៈដូចបានរៀបរាប់ខាងលើទើបអ្នកអាចបញ្ហាសុខភាព។ ការមានត្រឹមតែមួយរោគសញ្ញាក៏អាចមានន័យថា មានអ្វីមួយមិនស្រួល ឬខុសប្រក្រតីកើតឡើងហើយ។ ប្រសិនបើរោគសញ្ញានៅតែបន្តសម្រាប់រយៈពេលយូរជាង ២សប្តាហ៍ ឬច្រើនជាងនេះ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com