អន្តរជាតិ
ប្រធានាធិបតីបារាំង៖ ប្រជាជនមិនចាក់វ៉ាក់សាំង នឹងត្រូវកម្រិតសកម្មភាពក្នុងសង្គម
05, Jan 2022 , 1:59 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានព្រមានថា ប្រជាជន ដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងរងការរឹតត្បិតសកម្មភាពនៅក្នុងសង្គមដូចជា ហាមឃាត់បរិភោគអាហារក្នុងភោជនីយដ្ឋាន ចូលក្នុងរោងភាពយន្ត ឬចូលក្នុងហាងកាហ្វេជាដើម។ ប៉ុន្តែការព្រមានរបស់លោកប្រធានាធិបតី បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកនយោបាយបារាំង។

 
 
បារាំង នៅថ្ងៃទី៤ ខែមករា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៧ម៉ឺនករណី ស្របពេលវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែអុកឡុកនៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ ទន្ទឹមនេះ សេចក្តីស្នើច្បាប់ទាក់ទិននឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ត្រូវបានសមាជិកសភាបក្សប្រឆាំងពន្យារថែមទៀត។ 
 
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Le Parisien នៅថ្ងៃទី៤ ខែមករា លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានលើកឡើងថា នៅពេលលោកមិនចង់ចាប់បង្ខំឱ្យប្រជាជនចាក់វ៉ាក់សាំង លោកលើកទឹកចិត្តឱ្យប្រជាជនបារាំងទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ លោកក៏បានព្រមានប្រជាជនដែលមិនទទួលវ៉ាក់សាំងផងដែរ។
 
«ខ្ញុំនឹងមិនបញ្ជូនប្រជាជនមិនចាក់វ៉ាក់សាំងទៅក្នុងគុកឡើយ»។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា រដ្ឋាភិបាលសូមជូនដំណឹងថា ចាប់ពីថ្ងៃទី១៥ ខែមករាតទៅ ប្រជាជនដែលមិនទាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមិនអាចទៅភោជនីយដ្ឋាន ទៅក្នុងហាងកាហ្វេ និងចូលទៅក្នុងរោងភាពយន្តទៀតហើយ។ 
 
បន្ទាប់ពីការលើកឡើងរបស់មេដឹកនាំបារាំងរូបនេះ អ្នកនយោបាយ និងសមាជិកព្រឹទ្ធសភាបារាំងបានរិះគន់យ៉ាងខ្លាំង។ តាមការចុះផ្សាយរបសទីភ្នាក់ងារព័ត៌មាន AFP លោក Bruno Retailleau សមាជិកព្រឹទ្ធសភាបារាំង គ្មានបញ្ហាអាសន្នផ្នែកសុខាភិបាលណាមួយ ត្រូវបានបង្ហាញត្រឹមពាក្យសម្តីនោះឡើយ។ ចំណែកអ្នកស្រី Marine le Pen អ្នកនយោបាយបារាំង បានចាត់ទុកសម្តីរបស់លោកម៉ាក្រុង មិនសក្ដិសមនឹងតំណែងជាប្រធានាធិបតីបារាំង។ 
 
បារាំង ជាប្រទេសមួយនៅតំបន់អឺរ៉ុប ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនដល់ប្រជាជនខ្លួន។ ប្រជាជនពេញវ័យច្រើនជាង៩០ភាគរយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរដូស។ គិតត្រឹមថ្ងៃទី៤ ខែមករា បារាំងមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០,៥លានករណី និងអ្នកស្លាប់មានចំនួនជាង ១២ម៉ឺននាក់៕ 

Tag:
 បារាំង
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com