អន្តរជាតិ
ប្រមុខការទូតអឺរ៉ុប៖ បញ្ហាសន្តិសុខអ៊ុយក្រែន នឹងធ្វើឱ្យប៉ះពាល់សន្តិសុខអឺរ៉ុប
06, Jan 2022 , 11:00 am        
រូបភាព
លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប។ រូបភាព៖ AFP
លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប។ រូបភាព៖ AFP
អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប Josep Borrell ព្រមានថា រុស្ស៊ីនឹងរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានវាយប្រហារលើអ៊ុយក្រែន។ មន្រ្តីជាន់ខ្ពស់របស់អឺរ៉ុបរូបនេះ ក៏បានយល់ឃើញថា គ្មានឡើយសន្តិសុខនៅអឺរ៉ុប ប្រសិនបើសន្តិសុខនៅអ៊ុយក្រែនស្ថិតក្រោមការគំរាម។

 
 
លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប នៅថ្ងៃទី៥ ខែមករា បានធ្វើទស្សនកិច្ចនៅក្នុងតំបន់ Luhansk ដែលជាទីតាំងជម្លោះរវាងអ៊ុយក្រែន និងកងកម្លាំងផ្តាច់ទឹកដី ដែលគាំទ្រដោយរុស្ស៊ី។ នេះជាទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អឺរ៉ុបដំបូងទៅកាន់ទៅតំបន់ជម្លោះនៅអ៊ុយក្រែន ដែលបានផ្ទុះឡើង ចាប់តាំងពីឆ្នាំ២០១៤ មក។ 
 
ក្នុងដំណើរទស្សនកិច្ចនោះ លោក Borrell បានសង្កត់ធ្ងន់ថា ជម្លោះនៅតំបន់ព្រំដែនអ៊ុយក្រែន កាន់តែធ្ងន់ទៅ ស្របពេលភាពតានតឹងនេះ គឺមានពាក់ព័ន្ធនឹងសន្តិសុខរបស់អឺរ៉ុប។ ក្នុងន័យនេះ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប បានបញ្ជាក់ថា អឺរ៉ុបមានជំហរដ៏រឹងមាំ និងការប្តេជ្ញាខ្ពស់ថា រាល់ការឈ្លានពានប្រឆាំងអ៊ុយក្រែន នឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ។ បើតាមលោក Borrell បញ្ហាសន្តិសុខរបស់អ៊ុយក្រែន អាចធ្វើឱ្យប៉ះពាល់ដល់អឺរ៉ុប។ 
 
«វាគ្មានឡើយសន្តិសុខនៅអឺរ៉ុប ដោយគ្មានសន្តិសុខនៅអ៊ុយក្រែន»។ មន្រ្តីការទូតជាន់ខ្ពស់អឺរ៉ុប បានថ្លែងបែបនេះ មុនបន្តថា វាច្បាស់ណាស់ រាល់បញ្ហាពាក់ព័ន្ធនឹងអ៊ុយក្រែន អឺរ៉ុប ចាំបាច់ត្រូវតែមានវត្តមាននៅក្នុងនោះ។ មិនតែប៉ុណ្ណោះ លោក Borrell ក៏បានឯកភាពក្នុងការជជែកជាមួយមន្រ្តីអាម៉េរិក ទាក់ទិននឹងរុស្ស៊ីផងដែរ។ 
 
ទស្សនកិច្ចរបស់លោក Borrell នៅព្រំដែនអ៊ុយក្រែន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរៀបចំជំនួបជាន់ខ្ពស់រវាងអាម៉េរិក-រុស្ស៊ី និងរុស្ស៊ី-បណ្តាប្រទេសអឺរ៉ុប ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន។ មកទល់ពេលនេះ រុស្ស៊ី មិនទាន់ចេញប្រតិកម្មអ្វីឡើយ ទាក់ទិននឹងទស្សនកិច្ចរបស់មន្រ្តីអឺរ៉ុបទៅតំបន់ជម្លោះនៅអ៊ុយក្រែន។ 
 
ក្នុងថ្ងៃដដែលនោះ ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានជួបជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ប្រមុខការទូតអាម៉េរិក បានចាត់ទុកសកម្មភាពរុស្ស៊ី ជាការគំរាមសន្តិភាព និងស្ថិរភាពនៅអឺរ៉ុប។ ទាក់ទិននឹងបញ្ហានេះ លោកប្លីងខិន បានថ្កោលទោស ការប្រមូលផ្តុំទ័ពរុស្ស៊ីនៅតំបន់ព្រំដែនក្បែរអ៊ុយក្រែន។ 
 
មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក៏បានជំរុញឱ្យរុស្ស៊ីកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែនជាមួយអ៊ុយក្រែនផងដែរ ដើម្បីធ្វើឱ្យកិច្ចប្រជុំខាងមុខ ទទួលបានជោគជ័យ ប៉ុន្តែរុស្ស៊ីនឹងរងផលវិបាកកាន់តែធ្ងន់ ប្រសិនបើបន្តដាក់សម្ពាធលើអ៊ុយក្រែន៕ 

Tag:
 EU
  រុស្ស៊ី
  អាម៉េរិក
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com