អន្តរជាតិ
ចិនប្រគល់នាវាមុជទឹកឱ្យមីយ៉ាន់ម៉ា ប្រជែងឥទ្ធិពលជាមួយឥណ្ឌា
06, Jan 2022 , 7:29 pm        
រូបភាព
នាវាមុជទឹកមីយ៉ាន់ម៉ា ទទួលបានពីចិន។ រូបភាព៖ Myawady
នាវាមុជទឹកមីយ៉ាន់ម៉ា ទទួលបានពីចិន។ រូបភាព៖ Myawady
មីយ៉ាន់ម៉ា ក្នុងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានទទួលនាវាមុជទឹកមួយគ្រឿងពីចិន ក្រោមអធិបតីរបស់អគ្គមេបញ្ជាការយោធា មីន អ៊ុងឡាំង ចំខួបនៃការបង្កើតកងទ័ពជើងទឹកលើកទី៧៤ ។ នាវាមុជទឹកប្រភេទ Ming និងដើរដោយថាមពលអគ្គិសនី-ឥន្ធនៈនេះ ត្រូវបានដាក់ឈ្មោះ Min Ye Kyaw Htin ។ ការប្រគល់នាវាមុជទឹកនេះ ជាការប្រជែងឥទ្ធិពលជាមួយឥណ្ឌាមកលើមីយ៉ាន់ម៉ា ដែលកំពុង ស្ថិតក្រោមការដឹកនាំរបស់យោធា។

 
 
ក្នុងខែតុលា ឆ្នាំ២០២០ មីយ៉ាន់ម៉ា បានទទួលនាវាមុជទឹកដើរដោយថាមពលអគ្គិសនី និងឥន្ធនៈមួយគ្រឿង ប្រភេទKilo ដែលខ្លួនបានទិញពីឥណ្ឌា។ នាវាមុជទឹកប្រភេទនោះ ត្រូវបានប្តូរឈ្មោះជា Min Ye Thein Kha Thu។ នាវាមុជទឹកនោះ ត្រូវបានរៀបចំឡើងវិញ បន្ទាប់ពីត្រូវបានប្រើប្រាស់ក្នុងកម្លាំងយោធាឥណ្ឌារយៈពេល ៣០ឆ្នាំ។ ឥណ្ឌា បានអះអាងថា នាវាមុជទឹកប្រភេទKilo នេះ អាចឱ្យមីយ៉ាន់ម៉ាប្រើប្រាស់បានរហូតដល់ឆ្នាំ២០៣០។ មីយ៉ាន់ម៉ា បានប្រើប្រាស់នាវាមុជទឹកនោះ សម្រាប់ហ្វឹកហឺ្វនកងទ័ពជើងទឹករបស់ខ្លួន។ 
 
បន្ទាប់ពីមីយ៉ាន់ម៉ាទទួលបាននាវាមុជទឹកនោះ សារព័ត៌មាន Global Times បានបញ្ចេញវិចារណកថាមួយរិះគន់យ៉ាងខ្លាំង។ បើតាមសារព័ត៌មានចិន បើទោះឥណ្ឌារៀបចំនាវាមុជទឹកប្រភេទ Kilo ឡើងវិញក៏ដោយ ប៉ុន្តែប្រព័ន្ធបច្ចេកវិទ្យា និងសម្ភារនាវាមុជទឹក មិនត្រូវបានធ្វើទំនើបកម្មឡើយ និងគ្រាន់តែចង់បោះចោលនាវាមុជទឹកដែលហួសសម័យ និងចូលនិវត្តន៍ប៉ុណ្ណោះ។ 
 
តាមរយៈការលក់នាវាមុជទឹកនោះ ឥណ្ឌា ចង់បង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងឆកសមុទ្រ Bengal ច្រកមីយ៉ាន់ម៉ាដែលមានព្រំដែនសមុទ្រវែងអន្លាយជាប់ Bengal ។ ក្រោមហេតុផលនេះ ឥណ្ឌា និងមីយ៉ាន់ម៉ា បានធ្វើសមយុទ្ធកងទ័ពជើងទឹកចំនួនពីរលើក នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ ២០២២។ នៅក្នុងឆ្នាំ ២០១៩ ឥណ្ឌា និងមីយ៉ាន់ម៉ា បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារថែមទៀត។ បន្ថែមពីនេះ ប្រទេសជិតខាងទាំងពីរ បានអភិវឌ្ឍទំនាក់ទំនងលើវិស័យផ្សេងទៀតជាច្រើន ដើម្បីរក្សាតុល្យភាពនៃឥទ្ធិពលចិន មកលើមីយ៉ាន់ម៉ា។ 
 
ការរក្សាឥទ្ធិពលឥណ្ឌានៅក្នុងឆកសមុទ្រ Bengal ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិសន្តិសុខភាពជាដៃគូសន្តិសុខចតុភាគី (QUAD) ខណៈបារម្ភចិនអភិវឌ្ឍកំពង់ផែទឹកជ្រៅ Kyaukphyu របស់មីយ៉ាន់ម៉ា ដែលអាចភ្ជាប់ទៅខេត្តយូណាន។ ឥណ្ឌា អាម៉េរិក និងជប៉ុនសុទ្ធតែបារម្ភថា គម្រោងមួយនេះ អាចត្រូវបានចិនប្រើប្រាស់សម្រាប់គោលដៅយោធា។ 
 
ដោយមើលឃើញថាឥណ្ឌាបានពង្រឹងឥទ្ធិពល និងយុទ្ធសាស្រ្តរបស់ខ្លួនមកលើមីយ៉ាន់ម៉ា និងអាស៊ីអាគ្នេយ៍ តាមរយៈការលក់នាវាមុជទឹក ចិនក៏ផ្តល់នាវាមុជទឹកមួយគ្រឿងដែរ ស្របពេលមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ មើលមុខគ្នាមិនចំលើបញ្ហាព្រំដែន, ពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត។ 
 
មិនតែប៉ុណ្ណោះ ការទទួលបាននាវាមុជទឹករបស់ចិន ធ្វើឡើងស្របពេលទស្សនកិច្ចរបស់ លោកលេខាផ្នែកកិច្ចការបរទេសឥណ្ឌា Harsh Shringla នៅមីយ៉ាន់ម៉ា ក្នុងថ្ងៃទី២២ និងថ្ងៃទី២៣ ខែធ្នូ។ នេះជាទស្សនកិច្ចជាន់ខ្ពស់មួយ បន្ទាប់ពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល។ 
 
មីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានទទួលនាវាមុជទឹកមួយគ្រឿងពីចិន ចំខួបនៃការបង្កើតកងទ័ពជើងទឹកលើកទី៧៤ ។ នាវាមុជទឹក ដែលត្រូវបានដាក់ឈ្មោះ Min Ye Kyaw Htin ត្រូវប្រើប្រាស់ក្នុងមុខងារពីរ ដូចជានាវាមុជទឹកសម្រាប់វាយប្រហារ និងសម្រាប់ហ្វឹកហ្វឺន។ យ៉ាងណាមិញ ព័ត៌មានលម្អិតជុំវិញនាវាមុជទឹកនេះ មិនត្រូវបានបង្ហាញឱ្យដឹងឡើយ ថាតើចិនផ្តល់ឱ្យ ឬលក់ឱ្យមីយ៉ាន់ម៉ា។ 
 
ការទទួលបាននាវាមុជទឹកនេះ នឹងជួយឱ្យមីយ៉ាន់ម៉ា អាចអភិវឌ្ឍសមត្ថភាពធ្វើសង្រ្គាមទាំងបីមុខព្រួញ (Three-dimensional Warfare) ដែលមានដូចជាការធ្វើសង្រ្គាមលើអាកាស, លើដី និងលើទឹក។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានរដ្ឋ Myawady លោក Yan Naing Tun មេបញ្ជាការនាវាមុជទឹក Min Ye Kyaw Htin បានលើកឡើងថា នាវាមុជទឹក នឹងអនុញ្ញាតកងទ័ពជើងទឹកមីយ៉ាន់ម៉ា អាចអភិវឌ្ឍខ្លួនក្នុងសង្រ្គាមវិស័យទាំងបី។ 
 
សម្រាប់ក្រុងប៉េកាំង ការប្រគល់នាវាមុជទឹកនេះ ចង់បង្ហាញពីមិត្តភាពរបស់ខ្លួនទៅមីយ៉ាន់ម៉ា ស្របពេលប្រទេសមួយនេះ កំពុងតែរួមរឹតដោយសារតែសម្ពាធ និងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ ការផ្តល់នាវាមុជទឹកទៅមីយ៉ាន់ម៉ា អាចធ្វើឱ្យចិនទទួលបានគម្រោងអភិវឌ្ឍកំពង់ផែ ក្រោមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ បន្ថែមទៀតផងដែរ។ 
 
ឆកសមុទ្រ Bengal ជាសមុទ្រយុទ្ធសាស្រ្តរបស់ឥណ្ឌា។ បញ្ហានេះបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ចិន។ ការអភិវឌ្ឍកំពង់ផែទឹកជ្រៅ Kyaukphyu របស់មីយ៉ាន់ម៉ាពីសំណាក់ចិន អាចជួយឱ្យក្រុងប៉េកាំងពង្រីកឥទ្ធិពលខ្លួនបន្ថែមទៀត ទៅក្នុងឆកសមុទ្រ Bengal ក៏ដូចជាអាចគាំទ្រនាវាយោធារបស់ខ្លួន។ ម្យ៉ាង កំពង់ផែKyaukphyu អាចធ្វើឱ្យចិនដឹកទំនិញខ្លួន ទៅខេត្តយូណាន ដោយមិនឆ្លងកាត់ច្រកសមុទ្រ Malacca ដែលវាងផ្លូវឆ្ងាយផង។  
 
ក្រៅពីនាវាមុជទឹក ឥណ្ឌា បានលក់អាវុធជាច្រើនទៅមីយ៉ាន់ម៉ា យន្តហោះល្បាតសមុទ្រ, កាំភ្លើងធំ, កាំភ្លើង និងគ្រាប់បែកជាដើម។ យ៉ាងណាមិញ ចិន ក៏ជាទីផ្សារលក់អាវុធដ៏ធំមួយរបស់មីយ៉ាន់ម៉ាដែរ។ កន្លងមកមីយ៉ាន់ម៉ា បានបញ្ជាទិញយន្តហោះចម្បាំង និងនាវាចម្បាំងពីចិន៕ 
 
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា ស្ថិតក្នុងប្រទេសចំនួន ៥ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមាននាវាមុជទឹក ក្នុងនោះមានដូចជា ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី៕ 

Tag:
 មីយ៉ាន់ម៉ា
  ចិន
  នាវាមុជទឹក
© រក្សាសិទ្ធិដោយ thmeythmey.com