អន្តរជាតិ
ជប៉ុន ជំរុញឱ្យអាម៉េរិករឹតបន្តឹងកងទ័ពក្នុងបន្ទាយកោះអូគីណាវ៉ា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
06, Jan 2022 , 4:32 pm        
រូបភាព
មូលដ្ឋានទ័ពអាកាសអាម៉េរិក Futenma លើកោះអូគីណាវ៉ា។ រូបថត AFP
មូលដ្ឋានទ័ពអាកាសអាម៉េរិក Futenma លើកោះអូគីណាវ៉ា។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសជប៉ុន ហាយ៉ាស៊ី យូស៊ីម៉ាសា (Hayashi Yoshimasa) នៅថ្ងៃទី៦ ខែមករា បានជំរុញឱ្យសមភាគីអាម៉េរិក រឹតបន្តឹងការចល័តទ័ពអាម៉េរិកនៅជប៉ុន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាលើកោះអូគីណាវ៉ា ក៏ដូចជាសហគមន៍នៅជុំវិញនោះ។ ការអំពាវនាវរបស់ប្រមុខការទូតជប៉ុន ធ្វើឡើងបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ផ្ទុះឡើងជាចង្កោមនៅមូលដ្ឋានយោធាអាម៉េរិកនៅជប៉ុន។

 
ក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅព្រឹកថ្ងៃទី៦ ខែមករា (ម៉ោងនៅជប៉ុន) ជាមួយសមភាគីអាម៉េរិក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសជប៉ុន ហាយ៉ាស៊ី យូស៊ីម៉ាសា បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ បានហក់ឡើងយ៉ាងខ្លាំងនៅមូលដ្ឋានយោធាអាម៉េរិកនៅជប៉ុន និងជំរុញឱ្យចាត់វិធានការដូចជា បម្រាមគោចរ ដើម្បីកាត់បន្ថយករណីឆ្លងទៅក្នុងសហគមន៍ជុំវិញនោះ ក៏ដូចជាការព្រួយបារម្ភរបស់ប្រជាជននៅក្នុងតំបន់។
 
ជប៉ុន នៅថ្ងៃទី៤ ខែមករា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាង ៤០០ករណី នៅមូលដ្ឋានយោធាអាម៉េរិក នៅខេត្តអូគីណាវ៉ា ខណៈករណីឆ្លងក្នុងខេត្តមួយនេះ សរុបមានជាង ៦២៣ករណី។ 
 
ទាក់ទិននឹងសំណើពីភាគីជប៉ុន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានលើកឡើងថា អាម៉េរិកទទួលស្គាល់ពីភាពចាំបាច់នៃការការពារសុវត្ថិភាព និងសុខភាពប្រជាជនជប៉ុន។ បើតាមប្រមុខការទូតអាម៉េរិក លោកនឹងបញ្ជូនសំណើរបស់ជប៉ុនទៅក្រសួងការពារជាតិអាម៉េរិក។
 
ចំណែកកម្លាំងទ័ពអាម៉េរិកនៅជប៉ុន បានអះអាងថា ខ្លួនបានរៀបចំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានយោធាយ៉ាងត្រឹមត្រូវ ដើម្បីទប់ស្កាត់ករណីឆ្លង។ វិធានការទាំងនោះ មានដូចជា ស្នើឱ្យកម្លាំងទ័ពអាម៉េរិកពាក់ម៉ាស់ និងការធ្វើតេស្ត។
 
ជប៉ុន ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២១ បានហាមឃាត់អ្នកដំណើរមកពីក្រៅប្រទេសស្ទើរតែទាំងស្រុង ដើម្បីទប់ស្កាត់វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង។ ប៉ុន្តែយោធាអាម៉េរិក នៅតែអាចចល័តទ័ពចេញចូលជប៉ុន ក្រោមការធ្វើតេស្ត និងចត្តាឡីស័កដោយឡែក ពីវិធានការដាក់ចេញដោយរដ្ឋាភិបាលក្រុងតូក្យូ។ កន្លងមក អភិបាលខេត្តអូគីណាវ៉ា លោក Denny Tamaki បានរិះគន់យោធាអាម៉េរិក ដែលមិនគោរពតាមវិធានការទប់ស្កាត់របស់ជប៉ុនពេលត្រឡប់ពីបរទេស។ 
 
មិនតែប៉ុណ្ណោះ អភិបាលខេត្តរូបនេះ នៅខែមុន ក៏បានបង្ហាញការសោកស្តាយទៅមេបញ្ជាការអាម៉េរិក ជុំវិញករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងនៅមូលដ្ឋានយោធាអាម៉េរិកផងដែរ។ ចាប់តាំងពីការព្រួយបារម្ភពីសំណាក់ជប៉ុន កម្លាំងទ័ពអាម៉េរិក ត្រូវបានធ្វើតេស្តក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីមកដល់ប្រទេសអាស៊ីមួយនេះ។
 
សូមបញ្ជាក់ថា ជប៉ុន នៅថ្ងៃទី៦ ខែមករា បានប្រកាសករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៥០៦ករណី និងអ្នកស្លាប់មានចំនួន ១នាក់។ ករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅជប៉ុន មានចំនួនជាង ១,៧លានករណី និងអ្នកស្លាប់មានជាង ១ម៉ឺននាក់។ ទន្ទឹមនេះ ជប៉ុន បានផ្តល់វ៉ាក់សាំងចំនួន ២០១លានដូស ដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន ៩៩,៤លាននាក់ បានទទួលវ៉ាក់សាំងចំនួនពីរដូស៕ 

Tag:
 ជប៉ុន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com