ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារសម្បូរ Choline ដូចស៊ុត ល្អចំពោះបេះដូង, ខួរក្បាល និងកាត់បន្ថយមហារីក
07, Jan 2022 , 6:59 am        
រូបភាព
Choline ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់មុខងាររាងកាយជាច្រើន ជាពិសេសជួយគាំទ្រសុខភាពបេះដូង, ធ្វើឱ្យខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ រាងកាយរបស់ពួកយើងអាចផលិតសារធាតុចិញ្ចឹមនេះបានក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ ដូច្នេះវាជាការសំខាន់ណាស់ក្នុងការទាញយកសារធាតុចិញ្ចឹមនេះពីក្នុងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជាប្រភពដ៏ប្រសើរនៃសារធាតុ Choline ៖

 
១. ស៊ុត
 
ស៊ុតមួយគ្រាប់ធំមានផ្ទុក ១៤៧មីលីក្រាមនៃសារធាតុ choline។ ទោះជាយ៉ាងណាផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកបរិមាណនៃ Choline ខ្ពស់ជាងផ្នែកពណ៌ស។ ការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា សារធាតុ phospholipids ក្នុងផ្នែកពណ៌លឿងនៃស៊ុតជួយឱ្យការស្រូបយកសារធាតុ choline កាន់តែមានលក្ខណៈប្រសើរឡើង។
 
២. ត្រី
 
ជាពិសេសត្រីធូនណា និងត្រីសាលម៉ុន គឺមានផ្ទុកសារធាតុ Choline ខ្ពស់។ ត្រីប្រភេទនេះក៏មានផ្ទុកសម្បូរដោយអាស៊ីតខ្លាញ់សុខភាពល្អផងដែរ។
 
៣. សាច់គ្រឿងក្នុង
 
មួយបន្ទះនៃថ្លើមគោ (៨៥ក្រាម) មានផ្ទុកសារធាតុ Choline ដល់ទៅ ៣៥៩មីលីក្រាម។ សាច់គោក៏ជួយធ្វើឱ្យបរិមាណនៃជាតិដែកក្នុងឈាមមានលក្ខណៈប្រសើរឡើង ព្រមទាំងជួយឱ្យមុខងារនៃការចងចាំល្អជាងមុនផងដែរ។ ៨៥ក្រាមនៃថ្លើមមាន់អាចមានផ្ទុកសារធាតុ Choline ដល់ទៅ ២៤៧មីលីក្រាម។
 
៤. សណ្ដែកសៀង
 
សណ្ដែកសៀងមិនទាន់ចម្អិន (១០០ក្រាម) មានផ្ទុកសារធាតុ Choline ១១៦មីលីក្រាម។ ទោះជាយ៉ាងណាផលិតផលអាហារផ្សេងទៀតដែលផ្សំឡើងពីសណ្ដែកសៀងក៏អាចផ្ដល់នូវសារធាតុ Choline បានយ៉ាងប្រសើរផងដែរ។
 
៥. បន្លែប្រភេទ Cruciferous
 
រួមមានប្រូខូលី និងផ្កាខាត់ណាជាដើមសុទ្ធតែជាប្រភពដ៏ប្រសើរនៃសារធាតុ Choline។ ប្រមាណ ៩១ក្រាមនៃប្រូខូលីមានផ្ទុកសារធាតុ Choline ១៧មីលីក្រាម និងផ្កាខាត់ណា ១០៧ក្រាមមានផ្ទុកសារធាតុ Choline ៤៧.៧មីលីក្រាម។
 
៦. ដំឡូងបារាំង
 
១៧៣ក្រាមនៃដំឡូងបារាំងមានផ្ទុកសារធាតុ choline ដល់ទៅ ២៤.៩មីលីក្រាម។ ដំឡូងបារាំងពណ៌ក្រហម គឺជាប្រភពដ៏ប្រសើរមួយទៀតនៃសារធាតុ choline ជាមួយកាបូអ៊ីដ្រាត។ ដំឡូងបារាំងក្រហម ១មើមតូចប្រមាណ ១៣៨ក្រាមដែលដុតចម្អិនរួចមានផ្ទុកសារធាតុ Choline ២៦.១មីលីក្រាម។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com