អន្តរជាតិ
កាហ្សាក់ស្ថានបន្តរួមរឹតដោយកុបកម្ម ខណៈកម្លាំងអន្តរជាតិទៅដល់ដើម្បីរក្សាសណ្ដាប់ធ្នាប់
07, Jan 2022 , 11:29 am        
រូបភាព
កុបករកាហ្សាក់ស្ថានចូលអុកឡុកអាគាររដ្ឋាភិបាល។ រូបថត AFP
កុបករកាហ្សាក់ស្ថានចូលអុកឡុកអាគាររដ្ឋាភិបាល។ រូបថត AFP
កុបកម្មនៅតែបន្តកើតមាននៅក្នុងទីក្រុង Almaty ដែលជាទីក្រុងធំជាងគេរបស់កាហ្សាក់ស្ថាន។ ផ្ដើមចេញពីការ តវ៉ាដោយសារការកើនឡើងតម្លៃប្រេង ការជួបជុំក៏ប្រែទៅជាហិង្សា។ ប៉ូលិស, កម្លាំងសន្តិសុខ និងយោធា ត្រូវបានរដ្ឋាភិបាលកាហ្សាក់ស្ថាន បញ្ជូនទៅទប់ស្កាត់កុបកម្ម។ ការប៉ះទង្គិចរវាងកម្លាំងសន្តិសុខ និងប៉ូលិស ជាមួយកុបករ ធ្វើឱ្យមនុស្សជាច្រើននាក់ បាត់បង់ជីវិត និងរបួស ខណៈមនុស្សប្រមាណ ២ពាន់នាក់ ត្រូវបានចាប់ខ្លួន។

 
 
ការតវ៉ានៅក្រុង Almaty របស់កាហ្សាក់ស្ថាន បានចាប់ផ្តើមឡើងនៅថ្ងៃទី២ ខែមករា និងបានវិវដ្តជាកុបកម្ម បន្ទាប់ពីមានដុតអាគាររដ្ឋជាច្រើនកន្លែង។ ដោយសារភាពចលាចលកើតឡើងនៅក្នុងប្រទេស ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលពីរសប្តាហ៍ និងស្នើសុំជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខ​សមូហភាព (CSTO) ដើម្បីរក្សាស្ថិរភាពក្នុងប្រទេស។ តាមការស្នើសុំនេះ កងឆត្រយោងរុស្ស៊ី បានទៅដល់កាហ្សាក់ស្ថានហើយ ក្រោមបេសកកម្ម «ថែរក្សាសន្តិភាព»។ កងកម្លាំងប្រមាណ ២៥០០នាក់ នៃ CSTO នឹងត្រូវបញ្ជូនទៅកាហ្សាក់ស្ថាន។ 
 
ចាប់តាំងពីការតវ៉ាផ្ទុះឡើងនៅដើមខែមករា មនុស្សជាច្រើននាក់ បានបាត់បង់ជីវិតក្នុងនោះរួមទាំងកម្លាំងសន្តិសុខ និងប៉ូលិសកាហ្សាក់ស្ថានផង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Interfax កម្លាំងសន្តិសុខកាហ្សាក់ស្ថានចំនួន ១៨រូប បានបាត់បង់ជីវិត ខណៈ៧៤៨នាក់ផ្សេងទៀត រងរបួស។ 
 
ស្របគ្នានេះ កុបករជាច្រើននាក់ បានបាត់បង់ជីវិត ខណៈកុបករផ្សេងទៀត​ ត្រូវបានចាប់ខ្លួន និងរបួស។ ក្រសួងមហាផ្ទៃកាហ្សាក់ស្ថាន បានបញ្ចេញរបាយការណ៍ថា មនុស្សចំនួន ២២៩៨នាក់ ត្រូវបានចាប់ខ្លួន ក្នុងពេលតវ៉ា។ លើសពីនេះ អ្នកតវ៉ាច្រើនជាង ១ពាន់នាក់ បានរបួស ដោយក្នុងនោះមនុស្ស ៤០០នាក់ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ និង៦២នាក់​ស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់។ 
 
ការតវ៉ាដែលផ្ទុះឡើងនៅដើមខែមករា​ បានកើតឡើងដោយសារតែតម្លៃប្រេងឡើងថ្លៃ និងការមិនពេញចិត្តចំពោះលោក Nursultan Nazarbayev អតីតប្រធានាធិបតី ដែលបានបន្តក្ដាប់អំណាចក្នុងតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ។ ស្របពេលបាតុកម្មផ្ទុះឡើងបែបនេះ រដ្ឋាភិបាលកាហ្សាក់ស្ថាន បានកាត់ផ្តាច់អ៊ីនធឺណិតនៅក្នុងប្រទេស និងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនដែលរកស៊ីជីក Bitcoin តាមអ៊ីនធឺណិតយ៉ាងខ្លាំង។ 
 
មកទល់ពេលនេះ សហគមន៍អន្តរជាតិ កំពុងតាមដានស្ថានការណ៍វិវដ្តនៅកាហ្សាក់ស្ថាន។ អាម៉េរិក បានអះអាងថា ខ្លួនកំពុងឃ្លាំមើលពីការបំពានសិទ្ធិមនុស្ស បន្ទាប់ពីរុស្ស៊ីបញ្ជូនទ័ពទៅកាហ្សាក់ស្ថាន។ ចំណែកអង់គ្លេសវិញ បានអំពាវនាវឱ្យអ្នកតវ៉ារក្សាភាពស្ងប់ស្ងៀម និងកុំប្រើហិង្សា ខណៈប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានជំរុញឱ្យគ្រប់ភាគីនៅកាហ្សាក់ស្ថានទាំងអស់ បញ្ចៀសអំពើហិង្សា និងស្វែងរកសេចក្តីសម្រេចប្រកបដោយសន្តិភាព៕ 

Tag:
 កាហ្សាក់ស្ថាន
  កុបកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com