ជាតិ
សង្គមជាតិ
អ្នកស្រី ទ្រី ដាណា សូមទោសចំពោះការប្រើពាក្យ «ព្នងចុងស្រុក»
07, Jan 2022 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកស្រី ទ្រី ដាណា ជាអ្នកលក់ពេជ្រ និងជាអ្នកលក់ផលិតផលតាមអនឡាញ បានចេញមកសូមទោសជាសាធារណៈទៅកាន់ជនជាតិដើមភាគតិចព្នង ចំពោះការប្រើពាក្យសម្តីរបស់អ្នកស្រី ដែលដៀលអតីតស្វាមីរបស់អ្នកស្រីថា ដូចព្នងចុងស្រុក។ ការសូមទោសរបស់អ្នកស្រី ធ្វើឡើងតាមរយៈសំណេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៦មករា ឆ្នាំ២០២២ ដោយអមជាមួយនឹងរូបរបស់អ្នកស្រីមួយសន្លឹក ដែលតែងខ្លួនជាជនជាតិដើមភាគតិចនៅទឹកជ្រោះមួយកន្លែង។

 
«ខ្ញុំ មិនធ្លាប់មើលងាយអ្នកណា ជាតិសាសន៍ណាទេ មានតែការគោរពស្រលាញ់ និងផ្ដល់ស្នាមញញឹមជូនពួកគាត់។ ប៉ុន្តែការនិយាយពេលខឹង តែងមានលើសលួស ឬកំហុសមួយពេល ដោយសារពេលនោះនាងខ្ញុំ មិនបាននិយាយសំដៅលើពួកគាត់ទេ គឺសំដៅលើអតីតប្ដីនាងខ្ញុំប៉ុណ្ណោះ ដោយសារខឹងពេក នាងខ្ញុំសុំទោស ចំពោះការប្រើពាក្យព្នងចុងស្រុក តែការនិយាយនោះ មិនមានចេតនាប្រមាថមើលងាយលើបងប្អូនជនជាតិ(ដើម)ពូនងទេ។ នាងខ្ញុំគោរពស្រលាញ់ ចូលចិត្តវប្បធម៌បងប្អូនជនជាតិដើមភាគតិច»។ នេះជាសំណេររបស់អ្នកស្រី ទ្រី ដាណា។  
 
មិនត្រឹមតែសូមទោសទេ អ្នកស្រី ថែមទាំងអំពាវនាវកុំឲ្យមានការរើសអើសជាតិសាសន៍ផងដែរ ហើយត្រូវគោរពស្រលាញ់ជនរួមជាតិ លើទឹកដីខ្មែរតែមួយដែរ។
 
អ្នកស្រី ទ្រី ណាដា ត្រូវតំណាងជនជាតិដើមភាគតិចព្នង ដាក់បណ្តឹងទៅតុលាការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣មករា ឆ្នាំ២០២២ ដើម្បីប្តឹងអ្នកស្រី។ ក្នុងបណ្តឹង តំណាងជនជាតិដើមភាគតិច ទាមទារឲ្យអ្នកស្រី សូមទោសជាសាធារណៈ និងបង់ប្រាក់២សែនដុល្លារ ទុកជាការសងជំងឺចិត្ត។ 
 
កាលពីចុងខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានទិតៀនអតីតស្វាមីរបស់អ្នកស្រី ក្នុងការផ្សាយផ្ទាល់ ហើយក៏ជ្រុលមាត់ ដូចអតីតស្វាមីរបស់អ្នកស្រី ថាដូចព្នងចុងស្រុក។ អ្នកស្រី និយាយថា៖«...អានេះ ចេញមក យូកូមបាតផ្សារម៉ង ឈ្លើយម៉ង  ចេញមក ព្នងចុងស្រុកម៉ង»។
 
ពាក្យព្នងចុងស្រុកនេះហើយ ដែលធ្វើឲ្យជនជាតិដើមភាគតិចព្នង មិនអាចទទួលយកបាន ហើយចាត់តំណាងរបស់ពួកគេ ឲ្យរៀបចំបណ្តឹងប្តឹងអ្នកស្រីទៅតុលាការ៕  

Tag:
 ទ្រី ដាណា
  ជនជាតិដើមភាគតិចព្នង) ព័ត៌មានជាតិ៖ សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com