អន្តរជាតិ
លោក វ៉ាង​ យី៖ ចិន នឹងមិនធ្វើឱ្យបណ្តាប្រទេសអាហ្រ្វិកធ្លាក់ក្នុងអន្ទាក់បំណុលឡើយ
07, Jan 2022 , 3:24 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ជាមួយសមភាគីកេនយ៉ា អ្នកស្រី Raychelle Omamo នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងក្រុងមុំបាសា នៅថ្ងៃទី៦ ខែមករា។ រូបភាព៖ ក្រសួងការបរទេសកេនយ៉ា-Twitter
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ជាមួយសមភាគីកេនយ៉ា អ្នកស្រី Raychelle Omamo នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងក្រុងមុំបាសា នៅថ្ងៃទី៦ ខែមករា។ រូបភាព៖ ក្រសួងការបរទេសកេនយ៉ា-Twitter
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី៦ ខែមករា បានជំទាស់ជាថ្មីនឹងការចោទប្រកាន់លើគម្រោងអភិវឌ្ឍន៍របស់ចិន ដែលនាំឱ្យប្រទេសខ្លះធ្លាក់ក្នុងអន្ទាក់បំណុល តាមរយៈការផ្តល់កម្ចីដ៏ច្រើនសន្ធឹក។ បើតាមលោក វ៉ាង គម្រោងអភិវឌ្ឍន៍ចិន មិនមែនជាអន្ទាក់ឡើយ ផ្ទុយទៅវិញ ភាពក្រីក្រ និងភាពពុំទទួលបានការអភិវឌ្ឍន៍ទៅវិញទេ ដែលជាអន្ទាក់។

 
 
ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំជាមួយបណ្តាប្រទេសអាហ្វ្រិក ដោយមានទំហំពាណិជ្ជកម្ម ២០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៩។ នេះបើតាមទិន្នន័យរបស់ចិន។ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅថ្ងៃទី៥ ខែធ្នូ បានធ្វើទស្សនកិច្ចនៅអាហ្វ្រិក ស្របពេលបណ្តាប្រទេសមួយចំនួននៅទ្វីបមួយនេះ ជំពាក់បំណុលចិនជាច្រើន។ 
 
កេនយ៉ា ជាគោលដៅមួយរបស់លោក វ៉ាង ។ ចិន ជាម្ចាស់បំណុលលំដាប់ទីពីររបស់កេនយ៉ា បន្ទាប់ពីធនាគារពិភពលោក និងបានផ្តល់មូលនិធិអភិវឌ្ឍជាច្រើនដល់ប្រទេសនៅក្នុងទ្វីបអាហ្រ្វិកមួយនេះ ក្នុងនោះមានដូចជា ផ្លូវរថភ្លើង ក្នុងទំហំ៥ពាន់លានដុល្លារផងដែរ។ ដោយកេនយ៉ា បានពឹងផ្អែកលើមូលនិធិចិនយ៉ាងខ្លាំងបែបនេះ អ្នកជំនាញមួយចំនួន បានព្រមានដដែលៗថា កេនយ៉ា អាចធ្លាក់ក្នុងអន្ទាក់បំណុល។ 
 
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីកេនយ៉ា អ្នកស្រី Raychelle Omamo ក្នុងក្រុងមុំបាសា រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានច្រានចោលជាថ្មីចំពោះការចោទប្រកាន់លើគម្រោងអភិវឌ្ឍន៍ចិន ដែលនាំឱ្យធ្លាក់ទៅក្នុងអន្ទាក់បំណុល។ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានការពារថា អន្ទាក់បំណុល មិនបានកើតមានឡើយ ហើយវាត្រូវបានបង្កើតឡើងដោយមនុស្សមួយក្រុម ក្រោមចេតនាបង្អាក់ការអភិវឌ្ឍនៅតំបន់អាហ្វ្រិកប៉ុណ្ណោះ។ 
 
«ប្រសិនបើ វាមានអន្ទាក់នៅតំបន់អាហ្រ្វិក អន្ទាក់ទាំងនោះ គឺជាភាពក្រីក្រ និងភាពមិនទទួលបានការអភិវឌ្ឍ»។ លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា បញ្ហាទាំងពីរនេះ គួរតែលុបបំបាត់ឱ្យបានកាន់តែឆាប់រហ័ស។ 
 
ក្នុងសន្និសីទដដែល ទីប្រឹក្សារដ្ឋចិនរូបនេះ បានលើកឡើងថា ចិនមិនធ្លាប់ភ្ជាប់លក្ខខណ្ឌនយោបាយទៅនឹងកិច្ចសហប្រតិបត្តិការជាមួយអាហ្រ្វិកឡើយ ហើយក៏មិនធ្លាប់ដាក់សម្ពាធលើប្រទេសណាដែរ។ លោក វ៉ាង បានបន្ថែមថា ចិនបានត្រៀមខ្លួនជាស្រេចជាមួយបណ្តាប្រទេសជាមិត្ត ក្នុងការជួយសេដ្ឋកិច្ចតំបន់អាហ្រ្វិកឱ្យមានកំណើន លុបបំបាត់ភាពក្រីក្រ និងកសាងអនាគតដ៏ល្អរួមគ្នា។ 
 
ក្រៅពីកេនយ៉ា ចិនមានគម្រោងធំៗ នៅក្នុងបណ្តាប្រទេសផ្សេងទៀត។ 
 
អន្ទាក់បំណុល គឺជាស្ថានភាពម្ចាស់បំណុល បានផ្តល់កម្ចីដ៏ច្រើនទៅកូនបំណុល ដែលស្ទើរតែមិនមានលទ្ធផល ក្នុងការសងត្រលប់ទៅវិញ។ ជាញយៗ ចិន តែងត្រូវបានបណ្តាប្រទេសមួយចំនួនចោទថា បានអនុវត្តការទូតអន្ទាក់បំណុលលើបណ្តាប្រទេសមួយចំនួន ដើម្បីទាយយកប្រយោជន៍ និងមានឥទ្ធិពលលើ៕ 

Tag:
 ចិន
  អាហ្រ្វិក
  កេនយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com