អន្តរជាតិ
សមាជិកសភាជាប់ឆ្នោតមីយ៉ាន់ម៉ា ជំរុញឱ្យសម្តេច ហ៊ុន សែន គោរពក្តីប្រាថ្នាប្រជាជន លើប្រជាធិបតេយ្យ
07, Jan 2022 , 4:30 pm        
រូបភាព
សម្តេច ហ៊ុន សែន ជាមួយរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin។ រូបភាព៖ Facebook-សម្តេចហ៊ុន សែន
សម្តេច ហ៊ុន សែន ជាមួយរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin។ រូបភាព៖ Facebook-សម្តេចហ៊ុន សែន
គណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា (CRPH) ដែលតំណាងឱ្យសមាជិកសភាជាប់ឆ្នោត នៅថ្ងៃទី៧ ខែមករា បានអំពាវនាវឱ្យសម្តេច ហ៊ុន សែន ប្រធានផ្លាស់វេនអាស៊ាន គោរពសេចក្តីប្រាថ្នា និងកិច្ចខិតខំរបស់ប្រជាជនមីយ៉ាន់ម៉ា សម្រាប់ប្រជាធិបតេយ្យ។ ក្រុមសមាជិកសភាដែលជាប់ឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០ អះអាងថាវិបត្តិមីយ៉ាន់ម៉ាថ្ងៃនេះកើតចេញពីលទ្ធផលដោយផ្ទាល់ ពីការក្តាប់អំណាចដោយលោក មីន អ៊ុងឡាំង និងក្រុមយោធា។

 
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែមករា បានចាប់ផ្តើមទស្សនកិច្ចនៅមីយ៉ាន់ម៉ារយៈពេល ២ថ្ងៃ ដើម្បីជជែកជាមួយមេដឹកនាំយោធា លោកមីន អ៊ុងឡាំង ពីកិច្ចសហប្រតិបត្តិការទ្វេភាគី, ពហុភាគី ក៏ដូចជាការឯកភាពចំនួន ៥ចំណុចរបស់អាស៊ាន ដែលបានដាក់ចេញនៅក្នុងខែមេសា ឆ្នាំ២០២១ កន្លងមក។ 
 
ចំពេលដំណើរទស្សនកិច្ចនេះ គណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា ដែលត្រូវបានបង្កើតឡើងដោយសមាជិកសភាជាប់ឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បានអំពាវនាវឱ្យសម្តេច ហ៊ុន សែន គោរពការចង់បានរបស់ប្រជាជនមីយ៉ាន់ម៉ា។ 
 
«សមាជិក​ CRPH ជំរុញឱ្យប្រធានអាស៊ាន នាយករដ្ឋមន្រ្តីកម្ពុជា...គោរពសេចក្តីប្រាថ្នា និងកិច្ចខិតខំរបស់ប្រជាជនមីយ៉ាន់ម៉ាចំពោះប្រជាធិបតេយ្យ»។ គណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ាបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញថ្ងៃទី៧ ខែមករា។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក្រុមសមាជិកសភាជាប់ឆ្នោតមួយនេះ ក៏បានលើកឡើងផងដែរថា យោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តសកម្មភាពឃោរឃៅ និងឧក្រិដ្ឋកម្ម ដើម្បីការពារអំណាចរបស់ខ្លួន។ បើតាមគណៈកម្មាធិការ វិបត្តិមីយ៉ាន់ម៉ា ដែលមាននៅក្នុងថ្ងៃនេះ គឺដោយសារតែលទ្ធផលនៃការក្តាប់អំណាចរបស់ក្រុមយោធា និងលោក មីន អ៊ុងឡាំង។ 
 
ក្នុងន័យនេះ គណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា បានជំរុញឱ្យកម្ពុជារក្សាទំនាក់ទំនងល្អ មិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារយោធាមក មីយ៉ាន់ម៉ាបានជួបប្រទះបញ្ហាជាច្រើន ក្នុងនោះមានដូចជាបញ្ហាមនុស្សធម៌, ការប៉ះទង្គិចរវាងកម្លាំងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច, ការធ្វើចំណាកស្រុករបស់ប្រជាជន និងបញ្ហាផ្សេងទៀត៕

Tag:
 មីយ៉ាន់ម៉ា
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com