កីឡាអន្តរជាតិ
ជាតិ
ប្រណាំងកង់ រកជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១
08, Jan 2022 , 7:59 am        
រូបភាព
ប្រណាំងកង់
ប្រណាំងកង់
សហព័ន្ធកីឡាទោចក្រយាន្ដកម្ពុជា បានបញ្ចប់ការចុះឈ្មោះចូលរួមប្រកួតកីឡាប្រណាំងទោចក្រយាន ជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ប្រភេទកង់គួក (Road Bike) និងកង់ភ្នំ (Mountain Bike) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ ការប្រកួតថ្នាក់ជាតិនេះ នឹងប្រព្រឹត្តទៅ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ ក្រោមគម្រោងជំនួយ ឧបត្ថម្ភរបស់ក្រសួង អប់រំ យុវជន និងកីឡា ។ 

 
ក្រោមជំនួយឧបត្ថម្ភរបស់ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទោចក្រយាន្ដកម្ពុជា នឹងប្រកួតរកជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ។ ការប្រកួតនេះ ត្រូវបានពន្យាពេលដោយសារបញ្ហាកូវីដ-១៩ ទើបសហព័ន្ធកំណត់ប្រារព្វការប្រកួត នៅដើមខែមករា ឆ្នាំ២០២២ ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានអ្នកចូលរួម ប្រមាណ២០០ នាក់ ក្នុងនោះមានកីឡាការិនី ២០នាក់ ។ សហព័ន្ធ បានដាក់ការប្រកួតលើ ៧វិញ្ញាសា៖
 
១-កង់គួកបុរសថ្នាល អាយុ១៨ឆ្នាំចុះក្រោម ប្រកួតចម្ងាយ ១០៥ គីឡូម៉ែត្រ
២-កង់គួកបុរសឈុតធំ អាយុ១៨ ឆ្នាំឡើងទៅ ប្រកួតចម្ងាយ ១០៥ គីឡូម៉ែត្រ
៣-កង់គួកបុរស អាយុ៤០ឆ្នាំឡើងទៅ ប្រកួតចម្ងាយ ១០៥ គីឡូម៉ែត្រ
៤-កង់ភ្នំបុរសថ្នាល អាយុ១៨ឆ្នាំចុះក្រោម ប្រកួត២៥ គីឡូម៉ែត្រ
៥-កង់ភ្នំបុរសឈុតធំ អាយុ១៨ឆ្នាំឡើងទៅ ប្រកួត២៥ គីឡូម៉ែត្រ
៦-កង់ភ្នំនារី អាយុ ១៥ឆ្នាំឡើងទៅ ប្រកួត២៥ គីឡូម៉ែត្រ
៧-កង់ភ្នំបុរស អាយុ ៤០ឆ្នាំឡើងទៅ ប្រកួត២៥ គីឡូម៉ែត្រ ។
 
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបន្ថែមថា សហព័ន្ធមានវិធានការការពារខ្ពស់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះការប្រកួតនេះ ។ បើតាមលោក នូ ចំរើន កីឡាករ កីឡាការិនី និងអ្នកចូលរួម ត្រូវចាក់វ៉ាក់សាំងយ៉ាងហោចណាស់ បាន២ដូស  និងត្រូវវាស់កម្ដៅមុនពេលចូលរួមប្រកួត ជាពិសេស អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
 
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ប្រាប់សារពត៌មាន Thmey Thmey ថា៖«ប្រកួតថ្នាក់ជាតិ គឺជាការប្រកួតកម្រិតខ្ពស់ ។ កីឡាករ និងកីឡាការិនី ដែលជាប់ចំណាត់ថ្នាក់ គឺត្រូវបានប្រមូលផ្តុំចូលក្រុមជម្រើសជាតិ និងប្រកួតតំណាងជាតិ»។ 
 
សហព័ន្ធ បានត្រៀមខ្លួន ពង្រឹងសមត្ថភាព កីឡាករ និងកីឡាការិនីជម្រើសជាតិ សម្រាប់ការប្រកួតលើឆាកអន្ដរជាតិនានា ជាពិសេស ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
 

Tag:
 ប្រណាំងកង់
© រក្សាសិទ្ធិដោយ thmeythmey.com