ជាតិ
លោក កឹម សុវណ្ណា និងមិត្តភក្តិ បានដើរកម្សាន្តផ្សងព្រេងចម្ងាយ២៥០គីឡូម៉ែត្រ ក្នុងពេល១៥ ថ្ងៃ
08, Jan 2022 , 7:29 pm        
រូបភាព
ភ្នំពេញ៖ លោក កឹម សុវណ្ណា ជាអ្នកថតរូបម្នាក់ បានដើរឡើងភ្នំចម្ងាយ២៥០គីឡូម៉ែត្រ ជាមួយនឹងមិត្តភក្តិជាង១០នាក់ទៀត ដោយបានចំណាយពេលរយៈពេល១៥ថ្ងៃ។ ដ្បិតលោក ធ្លាប់ដើរផ្សងព្រេងច្រើនលើករួចមកហើយ តែនេះជាបទពិសោធដំបូងរបស់លោក ដែលដើរចម្ងាយឆ្ងាយបែបនេះ។

 
លោក កឹម សុវណ្ណា បានដើរឡើងភ្នំចម្ងាយ២៥០គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ទី២ ខែធ្នូ ឆ្នាំ២០២១ ជាមួយមិត្តភក្ដិជាង១០នាក់ផ្សេងទៀត។ រយៈពេល១៥ថ្ងៃនៃដំណើរផ្សងព្រេងនេះ លោក សុវណ្ណា បានទៅដល់តំបន់ធម្មជាតិច្រើនកន្លែងដូចជា ភ្នំខ្នងវាល ភ្នំខ្នងផ្សា ភ្នំខ្នងវិហារ ភ្នំខ្នងក្រពើ នាខេត្តកំពង់ស្ពឺ ទឹកធ្លាក់ឆាយយោង ពយម្រេញកង្កែប ទឹកធ្លាក់ស្ទឹងកែប នៅខេត្តកោះកុង និងគោលដៅចុងក្រោយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
 
ការដើរផ្សងព្រេង ឡើងភ្នំ មិនមែនជារឿងថ្មីសម្រាប់លោក សុវណ្ណា ឡើយ តែវាជាលើកដំបូងរបស់លោក ដែលដើរចម្ងាយឆ្ងាយបែបនេះ។ «ឡើងភ្នំ ដើរព្រៃហ្នឹងជាចំណូលចិត្តខ្ញុំ។ ខ្ញុំដើររហូតហ្នឹង គ្រាន់តែមិនដែលដើរឆ្ងាយ ហើយយូរអ៊ីចឹង។ ធម្មតាខ្ញុំដើរ១០-២០ ទៅ៣០គីឡូម៉ែត្រទៅត្រឹមខ្នងផ្សា វាលធំអ៊ីចឹងទៅ។ តែមក២៥០គីឡូម៉ែត្រនេះជាលើកដំបូង។ ហើយយើងដើរស្ទើរតែជុំវិញជួរភ្នំក្រវ៉ាញហើយ»។ នេះជាការលើកឡើងរបស់លោក សុវណ្ណា ដោយបន្តថា គម្រោងដើរផ្សងព្រេងចម្ងាយឆ្ងាយនេះ លោក និងមិត្តភក្ដិ បានគិតជាយូរហើយ ព្រោះមានតំបន់ធម្មជាតិថ្មីៗ ស្អាតៗជាច្រើន ដែលលោកមិនទាន់បានទៅដល់។ 


 
លើសពីនេះ លោក សុវណ្ណា និងមិត្តភក្ដិ មានគោលដៅចង់ជំរុញសក្ដានុពលទេសចរណ៍ធម្មជាតិក្នុងស្រុក ព្រោះវាអាចជាផ្នែកមួយជួយបង្កើនជីវភាពសហគមន៍ និងបំផុសកីឡាឡើងភ្នំ រួមទាំងជួយអភិរក្សសត្វ តាមរយៈការដោះអន្ទាក់របស់ព្រានព្រៃផងដែរ។ លោក បញ្ជាក់ថា ដំណើរផ្សងព្រេង១៥ថ្ងៃនេះ លោក ដោះអន្ទាក់សត្វព្រៃបានជាង២០អន្ទាក់ពីក្នុងព្រៃជ្រៅៗ។
 
ទោះបីមានបទពិសោធច្រើនក្នុងដំណើរផ្សងព្រេង លោក មិនរំពឹងថាខ្លួនអាចទៅដល់គោលដៅជាង២០០គីឡូម៉ែត្រនេះឡើយ។ ប៉ុន្តែការអត់ធ្មត់ សាមគ្គីភាព បានជំរុញឱ្យលោក អាចសម្រេចគោលដៅនេះ ហើយទទួលបានបទពិសោធមិនធ្លាប់ជួបពីដំណើរផ្សងព្រេងកន្លងមក។ 


 
«ដំបូងខ្ញុំគិតថាមិនអាចធ្វើបានទេ ហើយប្រហែលអាចបោះបង់ចោលនៅកន្លែងណាមួយ។ ប៉ុន្តែនៅពេលទៅៗ យើងចេះតែអាចទៅបាន ហើយខ្ញុំក៏ទៅតរហូតជាមួយគេ។ រហូតដល់ថ្ងៃចុងក្រោយ ដល់គោលដៅនៅស្រុកវាលវែងខ្ញុំពិតជារំភើបខ្លាំងមែនទែន ព្រោះមិននឹកស្មានថាខ្លួនឯងអាចធ្វើបាន»។ នេះជាការលើកឡើងរបស់លោក សុវណ្ណា ដោយបន្តថា ដំណើរផ្សងព្រេងលើកនេះ បង្ហាញឱ្យលោកឃើញពីសាមគ្គីភាពក្នុងចំណោមសមាជិកក្នុងក្រុម ដូចជាការចែករំលែកអាហារ មិនទុកគ្នាចោល និងចេះជួយគ្នាទៅវិញទៅមក។ 
 
ក្រោយសម្រេចគោលដៅ លោក សុវណ្ណា ក៏មានមហិតាកាន់តែខ្ពស់ជាងនេះ ដោយគ្រោងផ្សងព្រេងចម្ងាយ៣៥០គីឡូម៉ែត្រ នៅឆ្នាំ២០២២នេះ ប៉ុន្តែលោក មិនទាន់កំណត់ពេលវេលាជាក់លាក់ឡើយ។ ទន្ទឹមនឹងនេះ លោក ក៏ជំរុញឱ្យយុវជនងាកមកចាប់អារម្មណ៍ការដើរផ្សងព្រេងតាមព្រៃភ្នំ ព្រោះវាក៏កីឡាមួយ និងជួយជំរុញតំបន់ទេសចរណ៍ក្នុងប្រទេសផងដែរ៕





Tag:
 ផ្សងព្រេង
  ឡើងភ្នំ
  កឹម សុវណ្ណា
© រក្សាសិទ្ធិដោយ thmeythmey.com