អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​
09, Jan 2022 , 5:59 pm        
រូបភាព
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ បានកើតឡើង។ ក្នុងសប្តាហ៍ថ្មីនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាថ្មី ដែលខ្លួនចាត់ទុកមីស៊ីលមានល្បឿនលឿនជាងសំឡេង។ ទន្ទឹមនេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ៥ បានឯកភាពទប់ស្កាត់ការរីកសាយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចៀសសង្រ្គាម។ ស្របគ្នាដែរ ជំងឺកូវីដ-១៩ ដែលបង្កដោយវីរុសអូមីក្រុង បានរីកសាយយ៉ាងខ្លាំងនៅលើពិភពលោក។


ថ្ងៃទី៣ ខែមករា

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Kim Boo-Kyum បានអំពាវនាវឱ្យមន្រ្តីរដ្ឋរក្សាអព្យាក្រឹតផ្នែកនយោបាយ និងគោរពវិន័យ ខណៈពេលប្រទេសនៅតំបន់អាស៊ីខាងកើតមួយនេះ ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែមីនាខាងមុខ។ ផ្នែកយោធា ក៏ទទួលបានការណែនាំនេះដូចគ្នាដែរ។

មហាអំណាចពិភពលោកទាំង៥ បានចេញសេចក្ដីថ្លែងការណ៍រួមដ៏កម្រមួយ ដើម្បីទប់ស្កាត់ការរីកសាយនៃការប្រើប្រាស់អាវុធបរិមាណូ និងបញ្ចៀសជម្លោះនុយក្លេអ៊ែរ ខណៈភាពតានតឹងរវាងលោកខាងលិច និងលោកខាងកើតកំពុងតែកើតមាន។ មហាអំណាចទាំង៥ ឯកភាពមិនឱ្យមានសង្រ្គាមនុយក្លេអ៊ែរដែលនឹងមិនមានអ្នកឈ្នះឡើយ។ 

ថ្ងៃទី៤ ខែមករា

ទីក្រុងចិនមួយទៀត ត្រូវបានបិទខ្ទប់ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធរចិននៅទីក្រុងអ៊ីចូវ ក្នុងខេត្តហឺណាន បានប្រកាសមិនអនុញ្ញាតឱ្យប្រជាជន​ច្រើនជាង​១​លាននាក់​ចាកចេញពីផ្ទះនោះទេ បន្ទាប់ពីបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ចំនួនតែបីករណីប៉ុណ្ណោះ។

ប្រធានប្រតិបត្តិហុងកុង អ្នកស្រី ការី ឡាំ បាននិយាយថា អ្នកស្រីមិនអាចទទួលយកបានការលើកឡើងដែលថា សិទ្ធិសេរីភាពសារព័ត៌មាននៅកុងហុងកំពុងទទួលការគំរាម​ និងជិតបាត់បង់ទាំងស្រុង។ លោកស្រីក៏ច្រានការរិះគន់បែបនេះដែលកើតឡើង បន្ទាប់ពីប៉ូលិសបានឆ្មក់ចូល ការិយាល័យសារព័ត៌មានជាបន្តបន្ទាប់។

ថ្ងៃទី៥ ខែមករា

អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប Josep Borrell ព្រមានថា រុស្ស៊ីនឹងរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានវាយប្រហារលើអ៊ុយក្រែន។ មន្រ្តីជាន់ខ្ពស់របស់អឺរ៉ុបរូបនេះ ក៏បានយល់ឃើញថា គ្មានឡើយសន្តិសុខនៅអឺរ៉ុប ប្រសិនបើសន្តិសុខនៅអ៊ុយក្រែនស្ថិតក្រោមការគំរាម។

មីស៊ីលដែលបាញ់ ជាមីស៊ីលល្បឿនលឿនជាងសំឡេង។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង បានអះអាងថា កាសាកល្បងនោះ ទទួលជោគជ័យផងដែរ។

ថ្ងៃទី៦ ខែមករា

រដ្ឋមន្រ្តីការបរទេសជប៉ុន ហាយ៉ាស៊ី យូស៊ីម៉ាសា បានជំរុញឱ្យសមភាគីអាម៉េរិក រឹតបន្តឹងការចល័តទ័ពអាម៉េរិកនៅជប៉ុន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាលើកោះអូគីណាវ៉ា ក៏ដូចជាសហគមន៍នៅជុំវិញនោះ។ ការអំពាវនាវរបស់ប្រមុខការទូតជប៉ុន ធ្វើឡើងបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ផ្ទុះឡើងជាចង្កោមនៅមូលដ្ឋានយោធាអាម៉េរិកនៅជប៉ុន។

ក្រោយបរាជ័យបង្ក្រាប​បាតុក​ម្មទាក់ទិនរឿងប្រេងសាំងឡើងថ្លៃ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានស្នើរសុំជំនួយពីប្លុកសន្តិសុខក្នុងតំបន់ដែលដឹកនាំដោយរុស្ស៊ី។​ ក្រោយការស្នើសុំពីសំណាក់លោកប្រធានាធិបតី កងឆត្រយោងរុស្ស៊ី បានទៅកាហ្សាក់ស្ថានហើយ ក្រោមបេសកកម្ម «រក្សាសន្តិភាព»។

ថ្ងៃទី៧ ខែមករា

គណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា (CRPH) ដែលតំណាងឱ្យសមាជិកសភាជាប់ឆ្នោត បានអំពាវនាវឱ្យសម្តេច ហ៊ុន សែន ប្រធានផ្លាស់វេនអាស៊ាន គោរពសេចក្តីប្រាថ្នា និងកិច្ចខិតខំរបស់ប្រជាជនមីយ៉ាន់ម៉ា សម្រាប់ប្រជាធិបតេយ្យ។ ក្រុមសមាជិកសភាដែលជាប់ឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០ អះអាងថាវិបត្តិមីយ៉ាន់ម៉ាថ្ងៃនេះកើតចេញពីលទ្ធផលដោយផ្ទាល់ ពីការក្តាប់អំណាចដោយលោក មីន អ៊ុងឡាំង និងក្រុមយោធា។

កូរ៉េខាងជើង បានសរសេរលិខិតមួយផ្ញើឱ្យចិនដោយបញ្ជាក់ពីអវត្តមានរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកខែកុម្ភៈខាងមុខ។ ក្នុងលិខិតដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ទីក្រុងព្យុងយ៉ាង បានទម្លាក់កំហុសលើទង្វើអរិភាពរបស់អាម៉េរិក និងការរាលដាលជំងឺកូវីដ-១៩។

ថ្ងៃទី៨ ខែមករា

ពលរដ្ឋបារាំងជាង១០ម៉ឺននាក់ ធ្វើបាតុកម្មទូទាំងប្រទេស ដើម្បីប្រឆាំងគម្រោងរបស់រដ្ឋាភិបាលប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ក្នុងការចាត់វិធានការលើអ្នកមិនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ អ្នកតវ៉ាខ្លះ ថែមទាំងនិយាយវាយប្រហារលោក ម៉ាក្រុង ចំពោះការប្រើពាក្យសម្ដីធ្ងន់ៗរបស់លោកទៀតផង។

រុស្ស៊ី បង្ហាញការខឹងសម្បារជាខ្លាំង បន្ទាប់ពីប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន និយាយដៀមដាមការបញ្ជូនទ័ពទៅកាន់កាហ្សាក់ស្ថានដែលកំពុងរួមរឹតដោយបាតុកម្ម។ បើតាមក្រសួងការបរទេសរុស្ស៊ី យោធាអាម៉េរិកនោះទៅវិញទេដែលដើរជ្រៀតជ្រែកប្រទេសដទៃ។

 

© រក្សាសិទ្ធិដោយ thmeythmey.com