អន្តរជាតិ
ប្រមុខការទូតអាម៉េរិក៖ លោកពូទីន ចង់បង្កើតសហភាពសូវៀតឡើងវិញ
10, Jan 2022 , 10:59 am        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ ក្រសួងការបរទេសអាម៉េរិក
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ ក្រសួងការបរទេសអាម៉េរិក
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៩ ខែមករា បានយល់ឃើញថា រុស្ស៊ី មានបំណងបង្កើតសហភាពសូវៀតឡើងវិញ។ បើតាមលោកប្លីងខិន បញ្ហានេះ គឺជារឿង ដែលមិនអាចទទួលយកបាន ហើយពិភពលោក ក៏មិនគួរត្រលប់ទៅរកការប្រជែងឥទ្ធិពលទៀតឡើយ។

 
 
ក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ CNN រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ត្រូវបានសួរសំណួរមួយ ទាក់ទិននឹងបំណងរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងការរៀបចំសហភាពសូវៀតឡើងវិញ។ សំណួរមួយនេះ ធ្វើឡើងស្របពេលរុស្ស៊ី បន្តបង្កើតឥទ្ធិពលខ្លួននៅតំបន់អឺរ៉ុបខាងកើត ដែលភាគច្រើនជាអតីតដែនដីរបស់សហភាពសូវៀតដួលរលំនៅក្នុងឆ្នាំ ១៩៩១។ 
 
ជាការឆ្លើយតប លោក ប្លីងខិន បានបញ្ជាក់ថា រុស្ស៊ី មានបំណងបង្កើតសហភាពសូវៀតឡើងវិញ។ «ខ្ញុំគិតថា​ នោះជារឿងពិតប្រាកដណាស់»។ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា នោះ គឺជាវត្ថុបំណងមួយរបស់លោកប្រធានាធិបតី ពូទីន។ បើតាមលោកប្លីងខិន រុស្ស៊ី គឺចង់បង្កើនឥទ្ធិពលឡើងវិញលើបណ្តាប្រទេស ដែលធ្លាប់ជាអតីតដែនដីសហភាពសូវៀត។  
 
ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានចាត់ទុករឿងបែបនោះ មិនអាចទទួលយកបានឡើយ ព្រោះវាអាចធ្វើឱ្យមានអស្ថិរភាព ជម្លោះ និងឈានទៅរកសង្រ្គាមលោក។
 
ក្នុងកិច្ចសម្ភាសដដែល ថ្នាក់ដឹកនាំអាម៉េរិករូបនេះ ក៏បានលើកឡើងពីវិបត្តិនៅអ៊ុយក្រែនផងដែរ។ លោកប្លីងខិន បានបន្តថា អាម៉េរិកប្តេជ្ញាអនុវត្តកិច្ចចរចា និងការទូត ដើម្បីអាចដោះស្រាយបញ្ហាទាំងនោះប្រកបដោយសន្តិវិធី។ ប្រមុខការទូតអាម៉េរិក ក៏បានព្រមានផងដែរថា អាម៉េរិកបានត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយជាមួយរុស្ស៊ី ប្រសិនបើហ៊ានជ្រើសយកការប្រឈមមុខ និងការឈ្លានពាន។ 
 
ក្នុងជំនួបបឋមមួយជាមួយសមភាគីអាម៉េរិក អ្នកស្រី Wendy Sherman នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៩ ខែមករា អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានអះអាងថា វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែកិច្ចពិភាក្សាក៏ប្រឈមការលំបាកផងដែរ។ បើតាមលោក Ryabkov អាម៉េរិក និងរុស្ស៊ី នឹងចំណាយពេលឥតប្រយោជន៍ឡើយ នៅក្នុងជំនួបថ្ងៃទី១០ ខែមករា។ 
 
កន្លងមក រុស្ស៊ី បានបដិសេធថា វាមិនអាចទៅរួចឡើយ ក្នុងការបង្កើតសហភាពសូវៀតឡើងវិញ ហើយនីតិវិធី ក្នុងការបង្រួបបង្រួមរដ្ឋផ្សេងទៀតទៅជាសហភាពសូវៀតក៏ពិបាក៕ 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com