អន្តរជាតិ
ជំនួបអាម៉េរិក និងរុស្ស៊ី គ្មានលទ្ធផល ក្រោយជជែកគ្នា៧ម៉ោងនៅហ្សឺណែវ
11, Jan 2022 , 11:02 am        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេស លោកSergey Ryabkov ជាមួយសមភាគីអាម៉េរិក អ្នកស្រី Wendy Sherman នៅទីក្រុងហ្សឺណែវ ក្នុងថ្ងៃទី១០ ខែមករា។ រូបភាព៖ AFP
អនុរដ្ឋមន្រ្តីការបរទេស លោកSergey Ryabkov ជាមួយសមភាគីអាម៉េរិក អ្នកស្រី Wendy Sherman នៅទីក្រុងហ្សឺណែវ ក្នុងថ្ងៃទី១០ ខែមករា។ រូបភាព៖ AFP
ជំនួបមន្រ្តីជាន់ខ្ពស់រុស្ស៊ី និងអាម៉េរិក បានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន និងការពង្រាយទ័ពរុស្ស៊ី។ ក្នុងកិច្ចប្រជុំនោះ រុស្ស៊ី និងអាម៉េរិក នៅតែបន្តខ្វែងគំនិតគ្នាលើបញ្ហាដូចជា សមាជិកភាពរបស់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធយោធាណាតូនិងសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនជាដើម។

 
 
បន្ទាប់ពីវិបត្តិអ៊ុយក្រែនកើតមានជាច្រើនខែ រុស្ស៊ី និងអាម៉េរិក បានរៀបចំជំនួបជាន់ខ្ពស់មួយនៅថ្ងៃទី១០ ខែមករា។ តំណាងរុស្ស៊ី ដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេស Sergey Ryabkov ដែលជជែកជាមួយសមភាគីអាម៉េរិក Wendy Sherman ។ ក្រោយជំនួបរយៈពេល៧ម៉ោង ក្នុងក្រុងហ្សឺណែវ ភាគីទាំងពីរនៅតែបន្តយល់ឃើញខុសគ្នាលើបញ្ហាចាស់ៗដដែល។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាច្រើនម៉ោង លោក Ryabkov នៅតែបន្តទាមទារឱ្យសម្ព័ន្ធយោធាណាតូ (NATO) លុបចោលការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិក និងបញ្ឈប់ការពង្រីកឥទ្ធិពលខ្លួនមកក្នុងប្រទេសក្បែររុស្ស៊ី។ 
 
«អាម៉េរិក និងរុស្ស៊ី មានការយល់ឃើញខុសគ្នា លើអ្វីដែលត្រូវដោះស្រាយ»។ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ មុនអំពាវនាវឱ្យអាម៉េរិកបង្ហាញពីការទទួលខុសត្រូវឱ្យបានខ្ពស់បំផុត និងបង្ការហានិភ័យផ្សេងៗ។ ចំណែកអ្នកស្រី Sherman វិញ បានទាត់ចោលការទាមទាររុស្ស៊ី។ 
 
«អាម៉េរិក នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកបង្ខំអង្គការណាតូ មិនឱ្យទទួលយកសមាជិកឡើយ»។ អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានលើកឡើងបែបនេះ មុនបន្តថា រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានស្នើគំនិតមួយចំនួនទៅកាន់ក្រុងមូស្គូ ដែលជាផលប្រយោជន៍សន្តិសុខរួម និងអាចកែលម្អស្ថិរភាពជាយុទ្ធសាស្រ្ត។  
 
ក្នុងកិច្ចប្រជុំដដែលនេះ អ្នកការទូតអាម៉េរិក បានលើកឡើងជាថ្មី ជុំវិញលទ្ធភាពនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បើទោះកន្លងមក រុស្ស៊ី បានបដិសេធការចោទប្រកាន់នោះជាច្រើនលើកក្តី។ បើតាមអ្នកស្រី Sherman រុស្ស៊ីនឹងប្រឈមការបាត់បង់ និងផលវិបាកធ្ងន់ធ្ងរខ្លាំងជាងអ្វីដែលធ្លាប់កើតមាននៅក្នុងឆ្នាំ ២០១៤ នៅពេលរុស្ស៊ីក្តោបក្តាប់យកគ្រីមៀ។ កាលនោះ មន្រ្តីរុស្ស៊ីជាច្រើនរូប បានរងទណ្ឌកម្មពីសំណាក់អាម៉េរិក និងបណ្តាប្រទេសអឺរ៉ុប។ 
 
ផ្ទុយការលើកឡើងរបស់អាម៉េរិក អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានការពារថា ខ្លួនគ្រាន់តែឆ្លើយតបនឹងទង្វើបែបគឃ្លើនរបស់បក្សសម្ព័ន្ធយោធាណាតូ និងអ៊ុយក្រែនប៉ុណ្ណោះ។ ទន្ទឹមនោះ លោក Ryabkov បានថ្កោសទោសអាម៉េរិក ដែលនៅតែបន្តព្រមានចាត់វិធានការលើរុស្ស៊ី ខណៈពេលខ្លួនបានយល់ព្រមបន្តកិច្ចពិភាក្សា។ 
 
បើទោះមានការខ្វែងគំនិតគ្នាលើបញ្ហាចាស់ៗជាច្រើន ក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន បានឯកភាពបន្តខិតខំជាមួយគ្នាដដែល ដើម្បីកាត់បន្ថយភាពតានតឹងលើវិបត្តិអ៊ុយក្រែន។ ជំនួបជាន់ខ្ពស់នេះ ត្រូវបានអ្នកស្រី Sherman ចាត់ទុកជាកិច្ចចរចាដោយស្មោះត្រង់ និងដោយផ្ទាល់ ដែលលើកទឹកចិត្តឱ្យមានការស្វែងយល់ពីគ្នាជុំវិញបញ្ហាសន្តិសុខ។ 
 
បន្ទាប់ពីជំនួបជាមួយអាម៉េរិក រុស្ស៊ីនឹងមានជំនួបផ្សេងទៀតជាមួយអង្គការណាតូ និងបណ្តាប្រទេសអឺរ៉ុបនៅថ្ងៃខាងមុខ ដើម្បីជជែកពីវិបត្តិនៅអ៊ុយក្រែន។ កិច្ចប្រជុំដ៏សំខាន់ទាំងនោះ ធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បារម្ភថា រុស្ស៊ី អាចនឹងឈ្លានពានអ៊ុយក្រែនជាថ្មី ដូចដែលធ្លាប់កើតមាននៅក្នុងឆ្នាំ២០១៤ ៕ 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com