អន្តរជាតិ
ប្រធានសភាអឺរ៉ុប David Sassoli ទទួលមរណភាពនៅវ័យ ៦៥ឆ្នាំ
11, Jan 2022 , 11:52 am        
រូបភាព
ប្រធានសភាអឺរ៉ុប លោក David Sassoli។ រូបភាព៖ AFP
ប្រធានសភាអឺរ៉ុប លោក David Sassoli។ រូបភាព៖ AFP
ប្រធានសភាសហភាពអឺរ៉ុប លោក David Sassoli បានទទួលមរណភាពនៅអ៊ីតាលី ក្នុងវ័យ ៦៥ឆ្នាំ។ អ្នកនាំពាក្យរបស់លោក បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Twitter ក្នុងថ្ងៃទី១១ ខែមករា។

 
 
លោក David Sassoli ប្រធានសភាអឺរ៉ុប បានទទួលមរណភាពនៅម៉ោង ១ និង១៥នាទីព្រឹក ក្នុងថ្ងៃទី១១ ខែមករា នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅប្រទេសអ៊ីតាលី។ បើតាមលោក Roberto Cuillo អ្នកនាំពាក្យប្រធានសភាអឺរ៉ុប លោក Sassoli បានព្យាបាលនៅមន្ទីរពេទ្យនៅអ៊ីតាលីជាច្រើនថ្ងៃ ដោយសារតែជំងឺធ្ងន់ធ្ងរ ទាក់ទិននឹងបញ្ហាប្រព័ន្ធភាពស៊ាំ។ 
 
លោក Sassoli ដែលបានឡើងកាន់តំណែងជាប្រធានសភាអឺរ៉ុបចាប់ពីឆ្នាំ២០១៩ មក ធ្លាប់ព្យាបាលជំងឺរលាកសួតម្តងហើយ នៅក្នុងខែកញ្ញា នាមន្ទីរពេទ្យ នៅបារាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
សូមបញ្ជាក់ថា ដោយសារស្ថានភាពជំងឺ លោក Sassoli បានអវត្តមាន និងមិនអាចធ្វើជាប្រធានសភាសហភាពអឺរ៉ុប ដែលតាំងមូលដ្ឋាននៅក្រុង Strasbourg ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានទេ៕ 

Tag:
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com