អន្តរជាតិ
ប្រធានាធិបតីកាហ្សាក់ស្ថាន៖ កាហ្សាក់ស្ថាន ឆ្លងផុតការប៉ុនប៉ងធ្វើរដ្ឋប្រហារ
11, Jan 2022 , 8:29 pm        
រូបភាព
លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន។ រូបថត Xinhua
លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន។ រូបថត Xinhua
ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅថ្ងៃទី១០ ខែមករា បានលើកឡើងថា កាហ្សាក់ស្ថាន បានឆ្លងផុតការប៉ុនប៉ងធ្វើរដ្ឋប្រហារ បន្ទាប់ពីការផ្ទុះឡើងនៃចលាចលនៅក្នុងប្រទេស។ ទន្ទឹមនោះ លោកប្រធានាធិបតី បានការពារការស្នើសុំកម្លាំងជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ។

 

កាហ្សាក់ស្ថាននៅប៉ុន្មានសប្តាហ៍មុន មានកុបកម្មយ៉ាងខ្លាំងនៅក្នុងប្រទេស ដែលតម្រូវឱ្យលោកប្រធានាធិបតី  Kassym-Jomart Tokayev ស្នើសុំកម្លាំងជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពដឹកនាំដោយរុស្ស៊ី។ ក្នុងកុបកម្មក្នុងក្រុង Almaty និងតំបន់ផ្សេងទៀត អ្នកតវ៉ា បានគ្រប់គ្រង និងដុតអាគាររដ្ឋាភិបាលជាច្រើនកន្លែង។   

បន្ទាប់ពីអស្ថិរភាពជាច្រើនថ្ងៃ កាហ្សាក់ស្ថាន បានត្រលប់មកមានស្ថិរភាពវិញហើយ ខណៈពេលប្រព័ន្ធអ៊ីនធឺណិត ក៏ត្រូវបានស្តារឡើងវិញដែរ។ ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១០ ខែមករា លោកប្រធានាធិបតីកាហ្សាក់ស្ថាន បានអះអាងថា សណ្តាប់ធ្នាប់ ត្រូវបានរៀបចំបានឡើងវិញហើយ ប៉ុន្តែប្រតិបត្តិការតាមប្រម៉ាញ់ ក្រុមភេរវករ នៅតែបន្ត។   

ក្នុងន័យនេះ មេដឹកនាំកាហ្សាក់ស្ថាន បានយល់ឃើញថា ប្រទេសលោក បានឆ្លងកាត់ការប៉ុនប៉ងការធ្វើរដ្ឋប្រហារ។ «ចលនានៃការតវ៉ាបានផ្ទុះឡើង...គឺដើម្បីបំផ្លាញសណ្តាប់ធ្នាប់ និងគ្រប់គ្រងអំណាច»។ លោក Tokayev បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា លោក កំពុងតែជជែកពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា។   

ក្នុងជំនួបដដែល លោកប្រធានាធិបតី បានបន្ថែមទៀតថា ការធ្លាក់ចុះនៃទីក្រុង Almaty អាចបើកផ្លូវឱ្យមានការដណ្តើមគ្រប់គ្រងក្រុង និងឈានទៅដល់ការគ្រប់គ្រងប្រទេសទាំងមូល។ ការតវ៉ានៅកាហ្សាក់ស្ថាន បានផ្ទុះឡើងដោយសារតែការហក់ឡើងនៃតម្លៃប្រេង មុននឹងតវ៉ាទ្រង់ទ្រាយធំជុំវិញឥទ្ធិពល និងអំណាចរបស់អតីតប្រធានាធិបតីកាហ្សាក់ស្ថាន Nursultan Nazarbayev នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ។   

បន្ទាប់ពីអះអាងថាកាហ្សាក់ស្ថានត្រលប់មករកស្ថិរភាព លោកប្រធានាធិបតី បានបញ្ជាក់ថា ប្រតិបត្តិការប្រឆាំងភេរវកម្មទ្រង់ទ្រាយធំ នឹងបញ្ចប់ក្នុងពេលឆាប់ៗ ជាមួយនឹងបេសកកម្មរបស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដែលមានកងកម្លាំងពីប្រទេសសម្ព័ន្ធមិត្តចូលរួមជាង ២ពាន់នាក់ និងរថយន្តយោធាជាង ២៥០គ្រឿង។ បើតាមលោកប្រធានាធិបតី កម្លាំងបរទេស នឹងចាប់ផ្ដើមដកចេញវិញនៅពីរថ្ងៃទៀត។  

មេដឹកនាំកាហ្សាក់ស្ថាន ក៏បានការពារការស្នើសុំកម្លាំងជំនួយពី អង្គការ CSTO ផងដែរ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេស ហើយបានប្រាប់ថា ការសង្ស័យលើបេសកកម្មរក្សាសន្តិភាពនៅកាហ្សាក់ស្ថាន កើតចេញពីកង្វះព័ត៌មាននៅក្នុងប្រទេសមួយនេះ។ ការលើកឡើងរបស់លោកប្រធានាធិបតី ទំនងថ្លែងទៅកាន់អាម៉េរិក ដែលកន្លងមក ចង់ឱ្យកាហ្សាក់ស្ថានបកស្រាយពីសំណើសុំកម្លាំងជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព។   

ក្នុងថ្ងៃដដែលនោះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានទូរសព្ទជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov។ បញ្ហាកាហ្សាក់ស្ថាន ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរលើកយកមកជជែក។ បើតាមលោកវ៉ាង ចិនគាំទ្រកម្លាំងរបស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដែលដឹកនាំដោយរុស្ស៊ី ដើម្បីទប់ស្កាត់ចលាចលនៅកាហ្សាក់ស្ថាន។    

ប្រមុខការទូតចិន បានលើកឡើងទៀតថា ចិន និងរុស្ស៊ី គួរតែប្រឆាំងកម្លាំងបរទេស ក្នុងការជ្រែកជ្រៀកកិច្ចការផ្ទៃក្នុងនៅបណ្តាប្រទេសអាស៊ីកណ្តាល និងទប់ស្កាត់បដិវត្តន៍ពណ៌៕ 

Tag:
 កាហ្សាក់ស្ថាន
  រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com