ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ងាយៗ! ចង់ឱ្យស្បែកស្រស់ស្អាត ប្រើប្រទាលកន្ទុយក្រពើ បែបនេះទៅ
11, Jan 2022 , 10:59 pm        
រូបភាព
ទោះបីជាស្គាល់ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ប្រទាលកន្ទុយក្រពើអាចប្រើឱ្យស្បែកស្រស់ស្អាត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ប្រទាលកន្ទុយក្រពើជាម៉ាសបិតមុខបែបធម្មជាតិ ៖

 
១. រូបមន្តសម្រាប់កម្ចាត់ស្នាមលើស្បែក
 
សាកសមសម្រាប់ស្បែកដែលមានបញ្ហាឡើងស្នាមដោយសារមុន, ស្នាមអ៊ុចៗព្រោះអាយុ និងសូម្បីតែការរលាក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើតំបន់ស្បែកដែលមានបញ្ហាមុនពេលចូលគេង សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗក្រោយរយៈពេលពី ១០ ទៅ ១៥នាទី ឬនៅព្រឹកបន្ទាប់តែម្ដង។ អនុវត្តសារឡើងវិញរហូតពណ៌នៃស្បែកមានលក្ខណៈប្រសើរជាងមុន។
 
២. រូបមន្តសម្រាប់ស្បែកខ្លាញ់
 
ស្បែកខ្លាញ់អាចបង្កឱ្យឡើងមុនដោយសាររន្ធញើសងាយនឹងស្ទះរន្ធញើសព្រោះញើស, ធូលី និងខ្លាញ់ ឬប្រេង។ ដើម្បីព្យាបាលបញ្ហានេះ, អ្នកអាចលាយជែលប្រទាលកន្ទុយក្រពើ ២ស្លាបព្រាជាមួយទឹកប៉េងប៉ោះស្រស់ ១ស្លាបព្រាកាហ្វេ និងយ៉ាអួរ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នាក្លាយជាល្បាយខាប់ៗ។ លាបល្បាយនេះលើស្បែកនិងរងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
 
៣. រូបមន្តសម្រាប់ស្បែកស្ងួត
 
អ្វីដែលអ្នកត្រូវការ គឺជែលប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាបាយ និងចេកទុំប្រមាណពី ៣ ទៅ ៤ដុំ។ កិនចេកឱ្យម៉ដ្ឋសិន បន្ទាប់មកសឹមលាយជែលប្រទាលកន្ទុយក្រពើស្រស់ចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អនុវត្តម្ដងក្នុងមួយសប្តាហ៍ ឬ ២ដងក្នុងមួយសប្តាហ៍ប្រសិនបើចាំបាច់។ រូបមន្តនេះសាកសមសម្រាប់ស្បែកស្ងួតនិងស្បែកធម្មតា។
 
៤. រូបមន្តសម្រាប់ឱ្យស្បែកសបែបធម្មជាតិ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែល ឬសាច់ប្រទាលកន្ទុយក្រពើជាមួយស្ករសរហូតក្លាយជាល្បាយម៉ដ្ឋខាប់ៗ រួចបន្ថែមទឹកក្រូចឆា្មរស្រស់ ១ ស្លាបព្រាកាហ្វេចូលសឹមកូរឱ្យសព្វ។ លាបម៉ាស្សាល្បាយថ្នមៗលើតំបន់ស្បែកដែលចង់ឱ្យស។​ លាងសម្អាតចេញជាមួយទឹកធម្មតា។
 
៥. រូបមន្តសម្រាប់កម្ចាត់កោសិកាស្បែកងាប់ៗ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើ ២ស្លាបព្រាកាហ្វេជាមួយស្ករស ១ស្លាបព្រាកាហ្វេ និងចេកទុំកិនម៉ដ្ឋ ១ផ្លែឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងកសម្រាប់រយៈពេលពី ២​ ទៅ ៣នាទី។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com