កីឡាអន្តរជាតិ
អន្តរជាតិ
Afcon 2021 ៖ ក្រុមការពារតំណែងជើងឯកអាល់ហ្សេរី ជួប សៀរ៉ាឡេអូន មុន​ នីហ្សេរីយ៉ា ជួបអេហ្ស៊ីប
11, Jan 2022 , 5:30 pm        
រូបភាព
ជំនួបពានរង្វាន់ Africa Cup Of Nations 2021 នាយប់ថ្ងៃទី១១ខែមករា រវាងអាល់ហ្សេរី ក្រុមការពារតំណែងជើងឯក ត្រូវប្រកួតតទល់ជាមួយក្រុមសៀរ៉ាឡេអូន នាកីឡដ្ឋាន Japoma Stadium វេលាម៉ោង ៨ យប់ (ម៉ោងនៅកម្ពុជា)។ មុនការជំនួបដ៏ធំរវាងនីហ្សេរីយ៉ាជួបតទល់ជាមួយអេហ្ស៊ីប វេលាម៉ោង ១១ យប់។



អាល់ហ្សេរីនឹងត្រូវប្រកួតបើកឆាកក្នុងជំនួបដំបូងពូល E ក្នុងនាមជាម្ចាស់ការពារតំណែងជើងឯកពានរង្វាន់ Afcon 2019។ មកដល់ពេលនេះពួកគេ គឺជាក្រុមដែលកំពុងបន្តដំណើរស្វែងរកជ័យជម្នះរហូតដល់ ៣៤ប្រកួត ដោយមិនទាន់ចាញ់ម្តងឡើយ ចាប់តាំងពីឆ្នាំ២០១៩មក។ ជោគជ័យចុងក្រោយមួយទៀតរបស់អាល់ហ្សេរី គឺឈ្នះពានរង្វាន់ Arab Cup កាលពីខែធ្នូកន្លងទៅ។

 រូបភាពពីគេហទំព័រ៖ CAF
 
កាលឆ្នាំ ១៩៩៦ ក្រុមទាំងពីរនេះ ធ្លាប់បានស្ថិតនៅក្នុងពូលជាមួយគ្នាម្តងរួចមកហើយ ដោយអាល់ហ្សេរីបានយកឈ្នះលទ្ធផល២-០ លើសៀរ៉ាឡេអូន។ នេះជាលើកទី៦ដែលក្រុមទាំងពីរបានជួបគ្នា ក្រោយខកខានជួបគ្នា អស់រយៈពេល​ ២៦ឆ្នាំមកនេះ។ 
 
ក្រុមទាំងពីរធ្លាប់បានជួបគ្នា៥លើករួចមកហើយ ក្នុងនោះសុទ្ធសឹងតែជាការប្រកួតក្នុងពានរង្វាន់ជម្រុះ World Cup និងពានរង្វាន់ AFCON នេះតែម្តង។ ៥ប្រកួតដែលបានជួបគ្នា អាល់ហ្សេរីបានយកឈ្នះ ២ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួតទៅលើសៀរ៉ាឡេអូន។

 រូបភាពពីគេហទំព័រ៖ CAF
 
ការប្រកួតនាយប់នេះកីឡាករសំខាន់ ដែលគួរឱ្យចាប់អារម្មណ៍នោះ មានខ្សែប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Riyad Mahrez និងកីឡាករ Islam Slimani របស់ក្លិប Olympique Lyonnais។ កីឡាករទាំង២គឺជាកីឡាករ ដែលអាចរកគ្រាប់បាល់ឱ្យក្រុមអាល់ហ្សេរី ក្នុងចំណោម៣ប្រកួតនៃពាន AFCON ចុងក្រោយ។
 
ក្រឡែកទៅមើលការប្រកួតដ៏ធំរវាងក្រុមនីហ្សេរីយ៉ា និងអេហ្ស៊ីប ដែលត្រូវប្រជែងគ្នា ដើម្បីដណ្តើមតំណែងលេខ១ក្នុងពូលD វេលាម៉ោង ១១ នាកីឡដ្ឋាន Roumde Adjia Staium។​ 
នេះជាការបង្ហាញខ្លួនលើកទៅ១៩ ហើយ សម្រាប់នីហ្សេរីយ៉ា ក្នុងការប្រកួតពានរង្វាន់ Afcon។ ពួកគេបានឈានជើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររហូតដល់ទៅ ១៤លើកផងដែរ។ នីហ្សេរីយ៉ា ក៏ជាជើងឯក៣សម័យដែរ នៃពានរង្វាន់ទ្វីបអាហ្វ្រិកមួយនេះ។ 

 រូបភាពពីគេហទំព័រ៖ CAF
 
ចំណែកអេហ្ស៊ីបវិញជាការបង្ហាញវត្តមានទី២៥ ហើយក្នុងពានរង្វាន់ Africa Cup of Nations ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រមួយ។ អេហ្ស៊ីបបានឈ្នះជើងឯក Afcon ៧លើករួចមកហើយ ដែលច្រើនជាងក្រុមជម្រើសជាតិដទៃ ក្នុងទ្វីបអាហ្រ្វីក។ 
 
ក្រុមទាំងពីរធ្លាប់បានជួបគ្នា១៨លើករួចមកហើយ ដោយ៥ប្រកួតចុងក្រោយនីហ្សេរីយ៉ា បានយកឈ្នះលើអេហ្ស៊ីបបានតែ១លើកប៉ុណ្ណោះ ឯ ៤ប្រកួតផ្សេងទៀតស្មើ២និងចាញ់២។

 រូបភាពពីគេហទំព័រ៖ CAF
 
កីឡាករដែលលេខធ្លោរខ្លាំងក្នុងការប្រកួតរវាងក្រុមទាំងពីរ មានខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Mohamed Salah។ ចាប់តាំងពី Salah បានបង្ហាញខ្លួនលើកដំបូង តាំងពីឆ្នាំ ២០១៧មក គ្រាប់បាល់ជាង៦០ភាគរយ ត្រូវបានរកដោយកីឡាករខ្សែប្រយុទ្ធរូបនេះ។  ក្នុងចំណោម១០គ្រាប់ Salah អាចរកបាន៨គ្រាប់ និង២គ្រាប់បញ្ជូនឱ្យមិត្តរួមក្រុមស៊ុត៕

Tag:
 Africa Cup of Nations 2021
© រក្សាសិទ្ធិដោយ thmeythmey.com