កីឡាអន្តរជាតិ
អន្តរជាតិ
Afcon 2021 ៖ គ្រូអេហ្ស៊ីបថា ចាញ់នីហ្សេរីយ៉ា ដោយសារទម្រង់លេងក្នុងក្រុមមិនស៊ីសង្វាក់គ្នា
12, Jan 2022 , 12:10 pm        
រូបភាព
 រួបភាព៖ CAF
រួបភាព៖ CAF
នីហ្សេរីយ៉ាបានយកឈ្នះក្រុមខ្លាំងអេហ្ស៊ីបដោយលទ្ធផល ១-០ ក្នុងវគ្គសន្សំពិន្ទុ ពូល D នៃព្រឹត្តិការណ៍ពានរង្វាន់ Africa Cup of Nations ថ្ងៃទី១១ខែមករា។ គ្រូអេហ្ស៊ីបថា ការចាញ់នេះ ដោយសារកូនក្រុមប្រមូលអារម្មណ៍លេងមិនបានល្អ។



ជ័យជម្នះ១គ្រាប់ដែលជួយផ្តល់៣ពិន្ទុទៅឱ្យក្រុមនីហ្សេរីយ៉ា គឺធ្វើបានដោយកីឡាករខ្សែប្រយុទ្ធរបស់ក្រុម Leicester City កីឡាករ Kelechi Iheanacho នៅនាទី៣៦ ដែលជាការបញ្ជូនបាល់បានយ៉ាងល្អពីកីឡាករ Joe Aribo។ លោក Augustin Eguavoen គ្រូបង្វឹកនីហ្សេរីយ៉ា ថា វាជាជ័យជម្នះដ៏ធំមួយ ដែលកីឡាករខិតខំស្វែងរកមកបាន។
 
ក្រោយរបូត៣ពិន្ទុនៅប្រកួតបើកឆាកក្នុងពូលបែបនេះ លោក Carlos Queiroz គ្រូបង្វឹកអេហ្ស៊ីបបាននិយាយសំដៅចំៗទៅលើកូនក្រុមថា ពួកគេធ្វើមិនបានល្អ ហើយដូចគ្មានអារម្មណ៍ប្រកួត។
 
«ការបង្ហាញទម្រង់លេងវគ្គទីមួយគឺខ្សោយខ្លាំងណាស់ ជាហេតុផ្តល់ឱកាសដល់គូរប្រកួតប្រជែងរកគ្រាប់បាន ហើយវាជាការពិត។ យើងដូចគ្មានអារម្មណ៍នៅលើទីលានសោះ ហើយការប្រកួតនៅវគ្គទីពីរ ទើបយើងអាចកែប្រែស្ថានការណ៍បានខ្លះ ។​ និយាយឱ្យត្រង់ទៅយើងគ្មានហេតុផលណាចាញ់នីហ្សេរីយ៉ាឡើយ។ យើងនៅសល់៦ពិន្ទុទៀតដែលត្រូវស្វែងរកពីក្រុមស៊ូដង់និងហ្គីណេប៊ីស្សូបន្ទាប់ទៀត។»លោក Queiroz និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។

  រួបភាព៖ CAF
 
ក្រឡេកទៅកាន់ការប្រកួតដទៃទៀត ក្រុមស៊ូដង់និងហ្គីណេប៊ីស្សូ បានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ០-០ នៃការប្រកួតឈានចូលថ្ងៃទី១២ខែមករានេះ។ នីហេ្សរីយ៉ាឈរលេខ១ ពូល D ហ្គីណេប៊ីស្សូលេខ២ ស៊ូដង់លេខ៣ និងអេហ្ស៊ីបលេខ៤បណ្តោះអាសន្ន។
 
ចំណែកការប្រកួតបើកឆាកពូល E វិញ ក្រុមការពារតំណែងជើងឯកអាល់ហ្សេរី បានត្រឹមស្មើ ០-០ ជាមួយក្រុមសៀរ៉ាឡេអូនតែប៉ុណ្ណោះ៕

Tag:
 Egypt
  Africa Cup of Nations 2021
© រក្សាសិទ្ធិដោយ thmeythmey.com