កីឡាអន្តរជាតិ
អន្តរជាតិ
Ahmet Calik អតីតកីឡាករតួកគីនិង Galatasaray បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍
12, Jan 2022 , 3:40 pm        
រូបភាព
អតីតខ្សែការពារក្រុមជម្រើសជាតិតួកគីនិងក្លិប Galatasaray កីឡាករ Ahmet Calik បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តត្រឹមវ័យ​២៧ឆ្នាំ។



ព័ត៌មានអំពីការស្លាប់បាត់បងជីវិតរបស់ខ្សែការពារ Calik ត្រូវបានប្រកាសដោយក្លិប Konyaspor ដែលជាក្លិបកីឡាករវ័យ២៧ឆ្នាំលេង ក្នុងរដូវកាលនេះ។ Calik ផ្ទេរពី Galatasaray ទៅកាន់ Konyaspor ក្នុងឆ្នាំ២០២០។
 
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ Calik ត្រូវបានកាសែត Hurriyet បានរាយការណ៍ថា រថយន្តរបស់កីឡាកររូបនេះ ធ្វើដំណើរធ្លាក់ចេញពីផ្លូវនៅលើកំណាត់ផ្លូវរវាងទីក្រុង Ankara និងទីក្រុង Nigde។ មិនតែប៉ុណ្ណោះប្រព័ន្ធផ្សព្ធផ្សាយរបស់តួកគី ក៏បានផ្សាយវីដេអូអំពីគ្រោះថ្នាក់រថយន្ត ដែលបើកបរដោយកីឡាករ Calik បានធ្លាក់ទៅក្នុងវាលស្រែហើយមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។
 
«យើងកំពុងតែមានទុក្ខយ៉ាងខ្លាំងដោយបានបាត់បង់នូវកីឡាករមួយរូប ប្រចាំក្លិបគឺកីឡាករ Ahmet Calik។ Calik ជាកីឡាករមួយរូបដែលទទួលបានការស្រលាញ់ពីអ្នកគាំទ្រ ក៏ដូចជាប្រជាជនក្នុងទីក្រុងយើងទាំងមូល ចាប់តាំងរូបគេមកដល់នៅថ្ងៃដំបូង។ យើងទាំងអស់គ្នាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ Ahmet Calik។»ក្លិប Konyaspor បានប្រកាសក្នុងសេចក្តីថ្លែងការបែបនេះ។
 
ក្លិប Konyaspor ក៏បានប្រកាសទៀតថា ការបញ្ចុះសពរបស់ Calik និងត្រូវធ្វើឡើងនៅថ្ងៃទី១៣ មករា បន្ទាប់ពីពិធីបុណ្យសពបានបញ្ចប់នៅទីក្រុង Elmadag Sungar Mospue។ ក្លិប Galatasaray ក៏បានបង្ហាញអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់អតីតកីឡាករ Calik ថា​ ជារឿងដែលសោកស្តាយខ្លាំងបំផុត៕

Tag:
 Ahmet Calik
  Football
© រក្សាសិទ្ធិដោយ thmeythmey.com