កីឡាអន្តរជាតិ
អន្តរជាតិ
Xavi រំពឹងឈ្នះ Real Madrid ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Supercopa Espana
12, Jan 2022 , 5:29 pm        
រូបភាព
គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez បានដាស់តឿនកូនក្រុមឱ្យផ្តល់មេរៀនទៅកាន់ Real Madrid សម្រាប់ការប្រកួតថ្ងៃទី១២ ខែមករានេះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Supercopa Espana ។ Xavi ចង់ឱ្យកូនក្រុមយកជ័យជម្នះ ដែលជាថ្ងៃបង្ហាញខ្លួនដំបូងខ្សែប្រយុទ្ធរបស់ Ferran Torres ផង។



ជំនួប El Clasico រវាងក្រុមយក្សរបស់អេស្ប៉ាញទាំងពីរក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Supercopa Espana ត្រូវធ្វើឡើងនៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត។
 
Real Madrid បច្ចុប្បន្ន ជាក្រុមកំពុងស្ថិតនៅចំណាត់លេខ១ កំពូលតារាង La Liga ដែលមានគម្លាតពិន្ទុពីក្រុម Barcelona ឈរលេខ៦រហូតដល់ទៅ១៧ពិន្ទុ។ បើទោះបីជា Barca មិនអាចប្រជែងពាន La Liga ក្នុងរដូវកាលនេះ តែ Xavi បានរំពឹងខ្លាំងលើក្រុមកីឡាករអាចជួយនាំយកពានរង្វាន់ផ្សេងមកឱ្យក្លិប ព្រមទាំងជាពានដំបូងបន្ទាប់ពីចូលមកដឹកនាំ។

 រូបភាព៖ FC Barcelona
 
«នេះជាឱកាសដែលយើងអាចឃើញថាក្រុមកំពុងស្ថិតនៅត្រង់ចំណុចណា។ ប្រកួតនេះវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើង វានឹងអាចជាលទ្ធផលដល់យើង។ រឿងដំបូងគឺត្រូវតែឆ្លងឱ្យផុតទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយបន្ទាប់មកយើងមានទំនុកចិត្តសម្រាប់ផ្តល់វិធីសាស្ត្រចំពោះការប្រកួតដើម្បីឈ្នះពានតែម្តង។» Xavi បាននិយាយបែបនេះមុនការប្រកួត។
 
Barca កំពុងជួបបញ្ហាកីឡាករមានរបួស ព្រមទាំងកីឡាករឆ្លងកូវីដ-១៩ ជាមួយគ្នា។ ប៉ុន្តែ Xavi យល់ថា កម្លាំងស្នូលសំខាន់របស់ក្រុមកំពុងតែចាប់ផ្តើមភាពលេចធ្លោឡើង។ Xavi ជឿជាក់ខ្លាំងលើកីឡាករវ័យក្មេងដូចជា Pedri, Ansu Fati, Frenkie de Jong, Ronald Araujo ដែលមានវត្តមានឡើងវិញជួយ Barca រាត្រីនេះ។

 រូបភាព៖ Real Madrid CF
 
«យើងត្រូវតែល្អប្រសើរឡើងវិញ យើងកំពុងតែកសាងគម្រោងហើយវាត្រូវការពេលវេលា ហើយប្រកួតនេះជាការធ្វើតេស្តយ៉ាងល្អ។ វាជាប្រកួត Clasico អ៊ីចឹងហើយមនុស្សគ្រប់គ្នានឹងរីករាយទស្សនាប្រកួតប្រជែងដែលមានក្រុមព្យាយាមប្រយុទ្ធទៅវគ្គផ្តាច់ព្រ័ត្របែបនេះ។ យើងគឺ Barca ហើយយើងត្រូវទៅបានផ្តាច់ព្រ័ត្រ។» គ្រូបង្វឹកវ័យ៤១ឆ្នាំ បានបន្ថែមបែបនេះ។
 
មូលហេតុដែលនាំឱ្យក្រុមយក្សអេស្ប៉ាញទាំង២ត្រូវជួបប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របែបនេះដោយសារតែរដូវកាល ២០២០-២១ Real Madrid បញ្ចប់ចំណាត់ថ្នាក់លេខ២នៅ La Liga ហើយ Barca ឈ្នះ Copa Del Rey។ ចំណែក Atletico Madrid ម្ចាស់ពាន La Liga រដូវកាល ២០២០-២០២១ ត្រូវជួបក្រុមជើងឯករង Copa Del Rey ក្រុម Athletic Bilbao នៅថ្ងៃទី១៣ខែមករា៕

Tag:
 Xavi Hernandez
  Real Madrid
  Super Copa Espana
© រក្សាសិទ្ធិដោយ thmeythmey.com