អន្តរជាតិ
CICP សម្ពោធសៀវភៅបង្ហាញឱកាសនិងបញ្ហាប្រឈម ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន
12, Jan 2022 , 8:59 pm        
រូបភាព
សៀវភៅ Cambodia’s Chairmanship of ASEAN Challenging Perceptions, Concretizing Consolidations។ រូបភាព៖ Thmey thmey
សៀវភៅ Cambodia’s Chairmanship of ASEAN Challenging Perceptions, Concretizing Consolidations។ រូបភាព៖ Thmey thmey
វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) នៅថ្ងៃទី១២ ខែមករា បានសម្ពោធសៀវភៅ «កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន៖ ការឆ្លើយតបនឹងទស្សនៈប្រឈម និងការពង្រឹងប្រសិទ្ធភាពកិច្ចការតំបន់»  ដោយមានការគាំទ្រពីអង្គការ The Asia Foundation។ សៀវភៅ ដែលមានកម្រាស់ ១៦២ ទំព័រនេះ បានបង្ហាញពីទស្សនៈរបស់អ្នកជំនាញជុំវិញឱកាស បញ្ហាប្រឈម ក៏ដូចជារក្សាទំនាក់ទំនងជាមួយដៃគូនៅក្រៅតំបន់ និងតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន។

 
 
សៀវភៅ «កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន៖ ការឆ្លើយតបនឹងទស្សនៈប្រឈម និងការពង្រឹងប្រសិទ្ធភាពកិច្ចការតំបន់» ត្រូវបានវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពសម្ពោធជាផ្លូវការ នាសណ្ឋាគារ Raffles Hotel Le Royal ។ សៀវភៅមួយក្បាលនេះ ត្រូវបានបោះពុម្ភឡើង ដើម្បីបង្ហាញ និងផ្តល់ជាគំនិតដល់បុគ្គលពាក់ព័ន្ធ អ្នកធ្វើគោលនយោបាយ មន្រ្តីទូត អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅជាដើម។ 
 
«ខ្ញុំរីករាយបង្ហាញថា សៀវភៅមួយក្បាលនេះ ត្រូវបានចងក្រងឡើងយ៉ាងម៉ត់ចត់ ជុំវិញបញ្ហាកើតឡើងនាពេលថ្មីៗ នៅក្នុងតំបន់ និងពិភពលោក»។ លោកសុធីរៈ បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា ការវិវដ្តសន្តិសុខនៅក្នុងតំបន់ តម្រូវឱ្យអាស៊ាន ត្រូវតែប្រុងយ័ត្នខ្ពស់ ដើម្បីគ្រប់គ្រងបញ្ហាប្រឈម និងត្រូវគោរពតាមមាគ៌ាអាស៊ាន ក្នុងការកែលម្អផលប្រយោជន៍សន្តិសុខរយៈពេលវែង។ 


 ទិដ្ឋភាពអ្នកចូលរួមក្នុងពិធីសម្ពោធសៀវភៅ Cambodia’s Chairmanship of ASEAN Challenging Perceptions, Concretizing Consolidations នៅថ្ងៃទី១២ ខែមករា។ រូបភាព៖ CICP
 
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានបន្ថែមថា លោកមានជំនឿលើសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងអភិវឌ្ឍទំនាក់ទំនងនៅក្នុងតំបន់អាស៊ាន ដោះស្រាយបញ្ហាឆ្លងតំបន់ និងបញ្ហាមិនមែនប្រពៃណី ដូចជាបរិស្ថាន ការបម្រែបម្រួលអាកាសធាតុ ដែលអាចគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។ 
 
ក្នុងពិធីដដែលនោះ លោក Kavi Chongkittavorn សហអ្នកនិពន្ធសៀវភៅម្នាក់ បានជំរុញឱ្យអាស៊ានបន្តអនុវត្តសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងដូចជាបញ្ហានៅមីយ៉ាន់ម៉ា និងបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ ក្នុងជំពូកទី៣ លោក Kavi បានលើកឡើងពីតួនាទីរបស់អាស៊ានក្នុងការរក្សាសន្តិភាព និងសន្តិសុខ។
 
ចំណែកលោកស្រី Charmaine Misalucha-Willoughby សហនិពន្ធសៀវភៅមួយរូបទៀត បានលើកឡើងពី ការប្តេជ្ញាចិត្តរបស់សមាជិកអាស៊ានចំពោះ«ម៉ាគ៌ាអាស៊ាន» ក៏ដូចជាភាពចាំបាច់របស់ «មាគ៌ាអាស៊ាន» ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង រួមទាំងការរក្សាស្ថិរភាពនៅក្នុងតំបន់។
 
តាមរយៈការបោះពុម្ភនេះ បុគ្គលពាក់ព័ន្ធ ក៏ដូចជាអ្នកធ្វើគោលនយោបាយ និងអ្នកផ្សេងទៀត អាចទទួលបានចំណុចណែនាំចំនួន៣ធំៗ ដូចជា ភាចចាំបាច់នៃមជ្ឈភាពអាស៊ានក្នុងបរិបទការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ, សារសំខាន់នៃកិច្ចសហប្រតិបត្តិការក្រោមសសរស្តម្ភទាំងបី របស់អាស៊ាន និងការទូតសាធារណៈនៅក្នុងបរិបទអាស៊ាន។ 


 លោក ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធសៀវភៅ Cambodia’s Chairmanship of ASEAN Challenging Perceptions, Concretizing Consolidations។ រូបភាព៖ CICP

សូមបញ្ជាក់ថា « កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន៖ ការឆ្លើយតបនឹងទស្សនៈប្រឈម និងការពង្រឹងប្រសិទ្ធភាពកិច្ចការតំបន់»  ត្រូវបានសម្ពោធស្របពេលខួបលើកទី៥៥ នៃការបង្កើតអាស៊ាន ដោយមានចំនួន១០ជំពូក និងចំណុចចំនួន២ផ្សេងទៀត។ ក្នុងនោះ អ្នកជំនាញ បានលើកឡើងពី មជ្ឈភាពអាស៊ាន បញ្ហាប្រឈមរបស់កម្ពុជាក្នុងនាមជាសមាជិកអាស៊ាន និងប្រធានផ្លាស់វេនអាស៊ាន បញ្ហាសមុទ្រចិនខាងត្បូង រួមទាំងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងអត្តសញ្ញាណអាស៊ានជាដើម៕ 

Tag:
 កម្ពុជា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com