កីឡាអន្តរជាតិ
អន្តរជាតិ
Salah ថាមិនទាមទារអ្វីផ្សេងក្រៅពីបន្តកិច្ចសន្យាថ្មី ខណៈអនាគតស្ថិតនៅក្នុងដៃ Liverpool
13, Jan 2022 , 8:29 am        
រូបភាព
ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool បាននិយាយថា គេមិនបានទាមទារឱ្យមានភាពរញ៉េរញ៉ៃណាមួយឡើយ ជុំវិញកិច្ចសន្យាជាមួយ Liverpool ទេ ខណៈពេលអនាគតស្ថិតនៅក្នុងដៃរបស់ក្លិបកាន់កាប់។



ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបនឹងត្រូវផុតកុងត្រាជាមួយក្រុមហង្សក្រហមនៅក្នុងរដូវកាល ២០២២-២៣ ខាងមុខ ។ មកដល់ពេលនេះនៅមិនទាន់មានការចរចាលើសំណើបន្តកិច្ចសន្យាថ្មីណាមួយឡើយ។
 
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំក៏បានបញ្ជាក់ច្បាស់ៗថា រូបគេចង់បន្តស្នាក់នៅទឹកដី Anfield ។ប៉ុន្តែអនាគតគឺស្ថិតនៅលើម្ចាស់ក្លិបហង្សក្រហម Fenway Sports Group សម្រាប់ឈានដល់កិច្ចព្រមព្រៀងថ្មីណាមួយដែលសមរម្យ។ និយាយប្រាប់ទស្សនាវដ្តី GQ, Salah បានស្នើសុំក្លិបបង្ហាញការដឹងគុណចំពោះរឿងគ្រប់យ៉ាងដែលបានជួយក្លិប Liverpool ចាប់តាំងពីឆ្នាំ ២០១៧មក។
 
«ខ្ញុំចង់ស្នាក់នៅទីនេះបន្ត ប៉ុន្តែវាមិនស្ថិតនៅក្នុងដៃខ្ញុំឡើយ គឺស្ថិតលើក្លិបជាអ្នកសម្រេច។ ខ្ញុំចង់បានអ្វី ពួកគេដឹងច្បាស់ណាស់ ហើយខ្ញុំមិនបានទាមទារចំពោះរឿងឆ្គួតៗឡើយ ក្រៅពីបន្តកិច្ចសន្យាថ្មី។ ខ្ញុំបានរស់នៅជាមួយក្លិប៥ឆ្នាំ ខ្ញុំយល់ដឹងច្បាស់ពីក្លិប ខ្ញុំស្រលាញ់អ្នកគាំទ្រ ហើយអ្នកគាំទ្រស្រលាញ់ខ្ញុំ។ ប៉ុន្តែផ្នែកគ្រប់គ្រង ពួកគេបានប្រាប់ថា ក្នុងកាលៈទេសៈនេះ គឺវាស្ថិតនៅក្នុងដៃរបស់ពូកគេ។» Salah ប្រាប់ទស្សនាវដ្តី GQ បែបនេះ។
 
ក្នុងរដូវកាល ២០២១-២២ នេះខ្សែប្រយុទ្ធ Mohamed Salah បានបង្ហាញនៅទម្រង់លេងឱ្យក្រុម Liverpool បានយ៉ាងល្អ ដោយក្នុងចំណោមការបង្ហាញខ្លួន២៦ប្រកួត រូបគេអាចស្វែងរកគ្រាប់បាល់ដល់ទៅ ២៣គ្រាប់ និងបញ្ជូនបាល់៩គ្រាប់ឱ្យមិត្តរួមក្រុម៕

Tag:
 Mohamed Salah
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com