អន្តរជាតិ
ជំនួបណាតូនិងរុស្ស៊ីលើបញ្ហាអ៊ុយក្រែន បញ្ចប់ដោយគ្មានលទ្ធផល
13, Jan 2022 , 12:05 pm        
រូបភាព
ប្រមុខអង្គការណាតូ (ស្ដាំ) លោក Jens Stoltenberg ឈរជាមួយអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Alexander Grushko (កណ្ដាល) នៅថ្ងៃទី១២ ខែមករា។ រូបភាព៖ AFP
ប្រមុខអង្គការណាតូ (ស្ដាំ) លោក Jens Stoltenberg ឈរជាមួយអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Alexander Grushko (កណ្ដាល) នៅថ្ងៃទី១២ ខែមករា។ រូបភាព៖ AFP
តំណាងរុស្ស៊ី និងបក្សសម្ព័ន្ធយោធាណាតូ នៅថ្ងៃទី១២ ខែមករា បានជួបគ្នា នៅទីស្នាក់ការកណ្តាលរបស់ណាតូ នាទីក្រុងព្រុចសែល បែលហ្ស៊ិក ដើម្បីជជែកពីវិបត្តិអ៊ុយក្រែន។ ជំនួបដ៏សំខាន់មួយនេះ បានបញ្ចប់ទៅដោយមិនមានលទ្ធផលអ្វីឡើយ ដោយអង្គការណាតូ នៅតែបន្តគាំទ្រឱ្យអ៊ុយក្រែនចូលជាសមាជិក ប្រសិនបើត្រូវតាមលក្ខខណ្ឌ ខណៈរុស្ស៊ីព្រមានពីលទ្ធភាពផ្ទុះឡើងនៃសង្រ្គាម។​

 
 
បន្ទាប់ពីជំនួបជាមួយអាម៉េរិក តំណាងរុស្ស៊ី បានបន្តជួបជាមួយអង្គការណាតូ ក្នុងគោលបំណងបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន។ វិបត្តិអ៊ុយក្រែន បានកើតឡើងជាច្រើនខែមកហើយ បន្ទាប់ពីរុស្ស៊ី បានបញ្ជូនទ័ពប្រមាណ ១០ម៉ឺននាក់ ទៅតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួន។ បញ្ហានេះ បានធ្វើឱ្យប្រទេសលោកខាងលិចបារម្ភពីការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែនដូចឆ្នាំ ២០១៤ ។
 
តាមរយៈកិច្ចប្រជុំពិសេសលើកដំបូងបើគិតចាប់ពីឆ្នាំ២០១៩ ជំនួបបក្សសម្ព័ន្ធយោធាណាតូ និងរុស្ស៊ី មិនទទួលបានលទ្ធផលធំដុំអ្វីឡើយ។ ការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូ ក៏ដូចជាការពង្រាយ និងការគ្រប់គ្រងអាវុធនៅអឺរ៉ុប បានក្លាយជារបៀបវារៈនៃជំនួបនោះ។ 
 
«នេះមិនមែនជាកិច្ចពិភាក្សាងាយស្រួលឡើយ»។ ប្រមុខអង្គការណាតូ លោក Jens Stoltenberg បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំ មុននឹងបន្តថា យ៉ាងណាក៏ដោយ កិច្ចប្រជុំរវាងរុស្ស៊ី និងណាតូ នៅតែសំខាន់ ព្រោះវាជាសញ្ញាវិជ្ជមានមួយ ដែលភាគីទាំងពីរ បានមកអង្គុយនៅតុចរចា ដើម្បីដោះស្រាយបញ្ហា។
 
លោក Stoltenberg បន្តថា រុស្ស៊ី បានលើកឡើងពីសំណើដែលបានដាក់ចេញនៅក្នុងខែធ្នូ កន្លងមក រួមទាំងការទាមទារឱ្យឈប់ទទួលសមាជិកថ្មី និងដកកម្លាំងយោធាពីបណ្តាប្រទេសនៅអឺរ៉ុបខាងកើត។ យ៉ាងណាមិញ សមាជិកអង្គការយោធាមួយនេះ បានបដិសេធសំណើខាងលើ និងបន្តអះអាងពីគោរនយោបាយទ្វារបើកចំហសម្រាប់សមាជិកថ្មី រួមទាំងសិទ្ធិសម្រាប់ប្រជាជាតិនីមួយៗក្នុងការរៀបចំសន្តិសុខផ្ទាល់ខ្លួន។ 
 
បើទោះជំនួបពិសេសមួយនេះ មិនទទួលបានលទ្ធផល ប្រមុខណាតូ បានអះអាងថា ណាតូ បានត្រៀមខ្លួនជាស្រេចក្នុងការជួបជាមួយរុស្ស៊ីម្តងទៀត ដើម្បីស្វែងរកលទ្ធផលប្រកបដោយការស្ថាបនា។ កិច្ចពិភាក្សាលើកក្រោយ អាចនឹងជជែកពីចំណាត់ការដ៏ច្បាស់លាស់មួយលើតម្លាភាពនៃការធ្វើសមយុទ្ធយោធា ដើម្បីបង្ការឧបទ្ទវហេតុយោធា និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។
 
ចំណែកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Alexander Grushko វិញ បានបញ្ជាក់ថា ក្រុងមូស្គូនឹងសម្រេចចិត្តមួយ ថាតើត្រូវបន្តកិច្ចចរចា ឬយ៉ាងណា។ តំណាងរុស្ស៊ីរូបនេះ បានចាត់ទុក ការធានារបស់អង្គការណាតូមិនពង្រីកឥទ្ធិពលខ្លួនមកអឺរ៉ុបខាងកើត គឺជារឿងដ៏សំខាន់ណាស់។ លើសពីនេះ អនុរដ្ឋមន្រ្តីការបរទេសរូបនេះ បានចោទណាតូថា បានព្យាយាមពង្រឹងឧត្តមភាពរបស់ខ្លួននៅក្នុងតំបន់ទាំងអស់ ដែលនោះ អាចនាំឱ្យមានសង្រ្គាមផ្ទុះឡើង។
 
ក្នុងន័យនេះ លោក Grushko ព្រមានថា ប្រសិនបើចំណាត់ការណាតូ គឺជាការគំរាមកំហែង រុស្ស៊ី​នឹងស្វែងរកវិធានការទប់ស្កាត់ការសម្លុតនោះ។ 
 
សូមបញ្ជាក់ថា ជំនួបចំនួនពីរលើក រវាងរុស្ស៊ី-អាម៉េរិក និងរុស្ស៊ី-ណាតូ ជុំវិញបញ្ហាអ៊ុយក្រែន មិនទាន់ទទួលបានផ្លែផ្កាអ្វីធំដុំឡើយ ដោយរុស្ស៊ីបានទាមទារឱ្យណាតូ កុំទទួលយកអ៊ុយក្រែនជាសមាជិក ខណៈណាតូ និងអាម៉េរិក ទាមទារឱ្យរុស្ស៊ីបញ្ជូនទ័ពទៅមូលដ្ឋានទ័ពវិញ៕

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com