កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយផ្ដួល Juventus យកពាន Supercoppa កីឡាករ Inter ស្នើសុំរង្វាន់ពីម្ចាស់ក្លិប
13, Jan 2022 , 3:37 pm        
រូបភាព
កីឡាករក្លិប Inter Milan ទាំងអស់ បានស្នើសុំរង្វាន់ពីប្រធានក្លិប Steven Zhang បន្ទាប់ប្រកួតឈ្នះ Juventus ក្នុងលទ្ធផល ២-១ យ៉ាងតឹងតែងហើយលើកពាន Supercoppa Italiana ថ្ងៃទី១៣ខែមករា។ នេះបើតាមគ្រូបង្វឹក Simone Inzaghi។



២គ្រាប់របស់ Inter Milan ធ្វើបានដោយកីឡាករ Lautaro Martinez នាទី៣៥ បាល់ពិន័យ ១១ម៉ែត្រ និងកីឡាករ Alexis Sanchez នៅនាទី១២០+១ ជាគ្រាប់ជ័យជម្នះ។ ១គ្រាប់របស់ក្រុមសេះបង្កង់ដោយកីឡាករ Weston Mckennie នាទី២៥។
 
នេះជាពាន Supercoppa លើកទី៦សម្រាប់ Inter ។ Inter ឈរចំណាត់ថ្នាក់លេខ៣ដែលមានពាននេះច្រើនបន្ទាប់ពី AC Milan មាន៧ និង Juventus មាន៩។ ជាមួយជ័យជម្នះនេះ​ គ្រូបង្វឹក Inter Simone Inzaghi ចង់ឱ្យប្រធានក្លិបផ្ដល់រង្វាន់ឱ្យសមាជិកក្រុម។
 
«គាត់ (Steven Zhang) សប្បាយចិត្តខ្លាំង គាត់បាននាំក្រុមឱ្យរួបរួមគ្នានិងសាមគ្គីភាព។ កីឡាករទាំងអស់បានតបថា ពួកគេចង់បានរង្វាន់ ហើយខ្ញុំគិតថាប្រធានក្លិបនឹងផ្តល់វាជូនទៅពួកគេ។»លោក Inzaghi ប្រាប់ទៅកាន់កាសែត Mediaset បែបនេះក្រោយចប់ប្រកួត។


 
គ្រូបង្វឹកវ័យ៤៨ឆ្នាំក៏រំពឹងបន្តទៀតថា Inter នឹងបន្តប្រើទម្រង់លេងដ៏ល្អបែបនេះដើម្បី ពានរង្វាន់លីគកំពូលអ៊ីតាលីក្នុងរដូវកាលនេះ។
 
«នេះជាពេលវេលាដ៏ល្អ យើងក៏កំពុងស្ថិតនៅកំពូលតារាងស្រាប់ យើងត្រូវតែយកពាននោះមកឱ្យខានតែបាន។ ខ្ញុំសប្បាយចិត្តខ្លាំងនិងលទ្ធផលដែលទទួលបានពេលនេះ។» លោក Inzaghi បន្តប្រាប់ទៅទូរទស្សន៍ Inter TV បែបនេះ។
 
មិនតែប៉ុណ្ណោះលោក Inzaghi ក៏បានអរគុណចំពោះការស្រលាញ់គាំទ្ររបស់អ្នកគាំទ្រ Inter ជុំវិញពិភពលោកដែលតែងជួយដល់ក្លិប និងជួយក្លិបបន្តគម្រោងទៅមុខយ៉ាងជោគជ័យបែបនេះ៕

Tag:
 Inter Milan
  Simone Inzaghi
  Supercoppa Italiana
© រក្សាសិទ្ធិដោយ thmeythmey.com