COVID-19
អន្តរជាតិ
ដាណឺម៉ាក គ្រោងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដល់ប្រជាជនងាយរងគ្រោះ
13, Jan 2022 , 8:29 pm        
រូបភាព
ប្រជាជនដាណឺម៉ាកតម្រង់ជួរតេស្តរកជំងឺកូវីដ-១៩។ រូបភាព៖ AFP
ប្រជាជនដាណឺម៉ាកតម្រង់ជួរតេស្តរកជំងឺកូវីដ-១៩។ រូបភាព៖ AFP
ដាណឺម៉ាក នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដល់ប្រជាជនងាយរងគ្រោះ។ រដ្ឋមន្រ្តីសុខាភិបាលដាណឺម៉ាក បានបញ្ជាក់បែបនេះ នៅថ្ងៃទី១២ ខែមករា។ ដាណឺម៉ាក នឹងក្លាយជាប្រទេសអឺរ៉ុបទីមួយ ដែលនឹងផ្តល់វ៉ាក់សាំងដូសទី៤ ស្របពេលវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង កំពុងតែរីកសាយក្នុងប្រទេស។

 
 
ចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ មក ករណីឆ្លងជំងឺកូវីដ-១៩ នៅដាណឺម៉ាក បានហក់ឡើងយ៉ាងខ្លាំង ស្របពីវីរុសអូមីក្រុង ត្រូវបានរកឃើញជាបន្តបន្ទាប់។ ដាណឺម៉ាក នៅថ្ងៃទី១២ ខែមករា បានរាយការណ៍ករណីឆ្លងចំនួន ២២៧២៩ករណី និងអ្នកស្លាប់មានចំនួន ២៥នាក់។ ករណីឆ្លងសរុបមានជាង ១លានករណី និងអ្នកស្លាប់មានជាង ៣ពាន់នាក់។ ការហក់ឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ អាចធ្វើឱ្យប៉ះពាល់ដល់បុគ្គលងាយរងគ្រោះនៅក្នុងប្រទេស។ 
 
«យើងពេលនេះ កំពុងចាប់ផ្តើមជំពូកថ្មី ជុំវិញការសម្រេចចិត្តផ្តល់វ៉ាក់សាំងដូសទី៤ ដល់ប្រជាជនងាយរងគ្រោះ»។ លោករដ្ឋមន្រ្តីសុខាភិបាលដាណឺម៉ាក Magnus Heunicke បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន។ 
 
ការប្រកាសរបស់រដ្ឋមន្រ្តីសុខាភិបាលនេះ ធ្វើឡើងស្របពេលសមាជិកសភាប្រទេសអឺរ៉ុបមួយនេះ បានឯកភាពបន្ធូរបន្ថយការរឹតត្បិតនៅសប្តាហ៍នេះ ដោយចាប់ផ្តើមបើករោងភាពយន្តឡើងវិញ សាលតន្រ្តី បន្ទាប់ពីអត្រាអ្នកស្លាប់ និងអ្នកចូលព្យាបាលនៅមន្ទីរពេទ្យ មានស្ថិរភាព។
 
ទន្ទឹមនេះ ប្រធានទីភ្នាក់ងារសុខាភិបាល Danish លោកSoren Brostrom បានអះអាងថា ដាណឺម៉ាក ស្ថិតក្នុងស្ថានការណ៍ល្អ ជាអ្វីដែលបានរំពឹងទុក និងភ័យខ្លាច។ ក្នុងន័យនេះ វីរុសបំប្លែងខ្លួនថ្មី ដែលកំពុងតែរាលដាលខ្លាំង បានបង្កឱ្យមានរោគសញ្ញាស្រាលជាងមុន។ 
 
ដាណឺម៉ាក គឺជាប្រទេសអឺរ៉ុបមួយ ដែលមានអត្រាផ្តល់វ៉ាក់សាំងឱ្យប្រជាជនដ៏ខ្ពស់ ដោយប្រជាជន៤នាក់ក្នុងចំណោម៥នាក់ បានទទួលវ៉ាក់សាំងចំនួនពីរដូស ខណៈប្រជាជនលើសពីពាក់កណ្តាល បានទទួលវ៉ាក់សាំងចំនួន ៣ដូស។ បន្ថែមពីលើនេះ អាជ្ញាធរសុខាភិបាលប្រទេសមួយនេះ ក៏កំពុងពិចារណាផ្តល់វ៉ាក់សាំងដូសទី៤ ដល់មនុស្សចាស់ និងគ្រូពេទ្យនៅមជ្ឈមណ្ឌលមនុស្សចាស់ផងដែរ៕ 

Tag:
 ដាណឺម៉ាក
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com