អន្តរជាតិ
កូរ៉េខាងត្បូង អះអាងថា មានសមត្ថភាពចាប់សញ្ញា និងស្ទាក់មីស៊ីលកូរ៉េខាងជើង
13, Jan 2022 , 10:29 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
យោធាកូរ៉េខាងត្បូង មានសមត្ថភាពក្នុងការចាប់សញ្ញា និងបង្អាក់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ដែលត្រូវបានអះអាងជាមីស៊ីលមានល្បឿនលឿនជាងសំឡេង។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៣ ខែមករា។ បើតាមអ្នកនាំពាក្យរូបនេះ កូរ៉េខាងត្បូង នៅតែបន្តអភិវឌ្ឍសមត្ថភាពប្រព័ន្ធការពារ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង។

 
 
កូរ៉េខាងជើង បានសាកល្បងមីស៊ីលចំនួនពីរគ្រាប់ក្នុងពេលមួយសប្ដាហ៍មកនេះ។ មីស៊ីលទាំងពីរគ្រាប់នេះ សុទ្ធតែត្រូវបានក្រុងព្យុងយ៉ាងចាត់ទុកជាមីស៊ីលមានល្បឿនលឿនជាងសំឡេង ដែលអាចគេចពីប្រព័ន្ធការពារមីសីល។ បន្ទាប់ពីមានការបារម្ភជុំវិញមីស៊ីលបំពាក់បច្ចេកវិទ្យាខ្ពស់បែបនោះ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតប។ 
 
«ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា យោធាកូរ៉េខាងត្បូង មានសមត្ថភាព មិនត្រឹមតែចាប់សញ្ញាមីស៊ីលនោះឡើយ ប៉ុន្តែក៏អាចបាញ់ស្ទាក់បានផងដែរ»។ លោក Boo Seung-chan អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា ដោយបន្ថែមថា កូរ៉េខាងត្បូង នៅតែបន្តពង្រឹងសមត្ថភាពប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការគំរាមកំហែង។ 
 
ក្នុងសន្និសីទដដែលនេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានបង្ហាញពីល្បឿនមីស៊ីល ដែលកូរ៉េខាងជើង បានបាញ់សាកល្បង ក្នុងសប្តាហ៍នេះផងដែរ។ បើតាមលោក Boo មីស៊ីលនោះ មានល្បឿន Mach 10 ឬ មានល្បឿនលឿនជាងសំឡេង ១០ដង ក្នុងដំណាក់កាល ដែលវាទើបតែត្រូវបានបាញ់ចេញពីដី។ លោកBoo ក៏បានបញ្ជាក់ផងដែរថា មីស៊ីលនោះ អាចជាមីស៊ីលបាលីស្ទិក។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap មីស៊ីលចម្ងាយមធ្យម Rodong របស់កូរ៉េខាងជើង ត្រូវបានដឹងថា មានល្បឿនលើសពី Mach 9 ពេលទើបបាញ់ចេញពីដី ប៉ុន្តែវាមានល្បឿនយឺតនៅពេលធ្លាក់ចុះ និងវាយប្រហារគោលដៅ។ ចំណែកមីស៊ីលមានល្បឿនលឿនជាងសំឡេង អាចហោះបានក្នុងល្បឿនយ៉ាងហោចណាស់ Mach 5 ឬប្រមាណ៦១៧៤គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅពេលធ្លាក់ចុះ ដើម្បីវាយប្រហារលើគោលដៅ។
 
 សូមបញ្ជាក់ថា មិនដល់មួយសប្តាហ៍ឡើយ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចំនួន ២លើក ដើម្បីអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន។ មីស៊ីលទាំងនោះ សុទ្ធតែត្រូវបានក្រុងព្យុងយ៉ាង ចាត់ទុកជាមីស៊ីលមានល្បឿនលឿនជាងសំឡេង៕

អត្ថបទទាក់ទង
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com