អន្តរជាតិ
កងកម្លាំងបរទេសដឹកនាំដោយរុស្ស៊ី ចាប់ផ្តើមដកចេញពីកាហ្សាក់ស្ថាន
13, Jan 2022 , 11:58 pm        
រូបភាព
កងកម្លាំងមកពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព។ រូបភាព៖ AFP
កងកម្លាំងមកពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព។ រូបភាព៖ AFP
កងកម្លាំងច្រើនជាង ២ពាន់នាក់ ដែលមកពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) បានចាប់ផ្តើមដកចេញពីកាហ្សាក់ស្ថានហើយ បន្ទាប់ពីប្រទេសមួយនេះ បានស្តារស្ថិរភាពឡើងវិញ។ រដ្ឋាភិបាលក្រុងមូស្គូ បានអះអាងបែបនេះ នៅថ្ងៃទី១៣ ខែមករា។

 
 
កុបកម្មនៅក្នុងក្រុង Almaty បានធ្វើឱ្យប្រធានាធិបតីកាហ្សាក់ស្ថាន ស្នើសុំកម្លាំងជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដើម្បីគ្រប់គ្រងស្ថិរភាព ស្របពេលកុបករ បានគ្រប់គ្រង និងដុតអាគាររដ្ឋជាច្រើនកន្លែង។ តាមការស្នើសុំ កងកម្លាំងជាង ២០០០នាក់ ដែលដឹកនាំដោយរុស្ស៊ី ត្រូវបានបញ្ជូនទៅប្រទេសនៅតំបន់អាស៊ីកណ្តាលមួយនេះ នៅថ្ងៃទី៦ ខែមករា ។ ពេលនេះ កម្លាំងទាំងនោះ បានចាប់ផ្តើមដកចេញពីកាហ្សាក់ស្ថានហើយ បន្ទាប់ពីស្ថិរភាព ត្រូវបានរៀបចំឡើងវិញ។ 
 
«កម្លាំងសន្តិភាពសមូហភាព...កំពុងចាប់ផ្តើមរៀបចំសម្ភារ និងឧបករណ៍សម្រាប់ដាក់លើយន្តហោះ»។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បែបនេះ។ ចំណែកមេបញ្ជាការរុស្ស៊ី ដែលដឹកនាំកងកម្លាំង CSTO នៅកាហ្សាក់ស្ថាន បានអះអាងថា ប្រតិបត្តិការសន្តិភាពបានបញ្ចប់ហើយ ដោយកិច្ចការត្រូវបានបំពេញរួចរាល់។ សមាជិកអង្គការCSTO ទាំងអស់ ដែលមានដូចជា រុស្ស៊ី បេឡារុស អាមេនី តាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន សុទ្ធតែបញ្ជូនកម្លាំងទ័ពមកកាហ្សាក់ស្ថាន។ 
 
ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Almaty នៅថ្ងៃទី១២ ខែមករា កន្លងទៅ ចាត់ទុកបេសកកម្មរបស់កងកម្លាំង CSTO គឺជារឿងដ៏សំខាន់មួយ ព្រោះអង្គការមួយនេះ បានជួយបង្កើតស្ថិរភាពនៅក្នុងប្រទេសឡើងវិញ។ បើតាមលោកប្រធានាធិបតី បេសកកម្មនេះ អាចចាត់ទុកថាទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការបង្រ្កាបលើភេរវករ។ 
 
ក្នុងកុបកម្មនៅកាហ្សាក់ស្ថាន មនុស្សប្រមាណ ១៦៤នាក់ បានបាត់បង់ជីវិត ដោយអ្នកស្លាប់ចំនួន ១០៣នាក់ មានវត្តមាននៅក្នុងទីក្រុង Almaty។ ទន្ទឹមនេះ មនុស្សជិត ៨ពាន់នាក់ ត្រូវបានប៉ូលិសកាហ្សាក់ស្ថានឃុំខ្លួន។ 
 
កន្លងមក ការបញ្ជូនទ័ពរបស់អង្គការ CSTO ទៅកាហ្សាក់ស្ថាន បានរងការរិះគន់ខ្លាំងពីអាម៉េរិក ដោយប្រមុខការទូតអាម៉េរិក បានស្នើឱ្យកាហ្សាក់ស្ថានផ្តល់ចម្លើយជុំវិញការស្នើសុំកម្លាំងយោធានោះ។ ជាការឆ្លើយតប មេដឹកនាំកាហ្សាក់ស្ថាន បានការពារថា ការសង្ស័យលើបេសកកម្មរក្សាសន្តិភាពនៅកាហ្សាក់ស្ថាន កើតចេញពីកង្វះព័ត៌មាននៅក្នុងប្រទេសមួយនេះ៕ 

Tag:
 រុស្ស៊ី
  កាហ្សាក់ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com