អន្តរជាតិ
ព្រះអង្គម្ចាស់អង់គ្លេស Andrew អស់តំណែងយោធា និងងារក្នុងរាជវង្សដោយសាររឿងអាស្រូវផ្លូវភេទ
14, Jan 2022 , 11:00 am        
រូបភាព
ព្រះអង្គម្ចាស់ Andrew បុត្រាទីពីរបស់ម្ចាស់ក្សត្រិយ៍ Elizabeth ទី២។ រូបថត AFP
ព្រះអង្គម្ចាស់ Andrew បុត្រាទីពីរបស់ម្ចាស់ក្សត្រិយ៍ Elizabeth ទី២។ រូបថត AFP
រាជវង្សអង់គ្លេស បានប្រកាសពីការដកតំណែងរបស់ព្រះអង្គម្ចាស់ Andrew និងងារនៅក្នុងរាជវង្ស ស្របពេលបុត្រទីពីរ របស់មហាក្សត្រុិយ៍អង់គ្លេសអង្គនេះ កំពុងតតាំងក្តីនៅអាម៉េរិកជុំវិញបទចោទរំលោភបំពានផ្លូវភេទក្មេងស្រីមិនទាន់គ្រប់អាយុ។ យ៉ាងណាមិញ ក្សត្រ Andrew បានបដិសេធការចោទប្រកាន់នោះ។

 
 
ព្រះអង្គម្ចាស់អង់គ្លេស Andrew ដែលមានព្រះជន្ម ៦១ឆ្នាំ ត្រូវបានបង្ខំឱ្យបោះបង់រាជកិច្ចសាធារណៈនៅក្នុងឆ្នាំ២០១៩ ដោយសារតែពាក់ព័ន្ធនឹងជនល្មើសរំលោភបំពានផ្លូវភេទ  Jeffrey Epstein។ បន្ថែមពីនេះ សមាជិករាជវង្សអង់គ្លេស ត្រូវបានដកតំណែងនៅក្នុងរាជវង្ស និងក្នុងជួរយោធាបន្ថែមទៀត។ 
 
«ដោយមានការឯកភាព និងកិច្ចព្រមព្រៀងពីម្ចាស់ក្សត្រីយ៍ តួនាទីយោធា និងងារក្នុងរាជវង្សរបស់ Duke of York ត្រូវបានប្រគល់ឱ្យម្ចាស់ក្សត្រីវិញ»។ រាជវាំង Buckingham បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១៣ ខែមករា មុនបន្ថែមថា ក្សត្រ Andrew នឹងលែងបំពេញរាជកិច្ចជាសាធារណៈណាមួយទៀត ហើយនឹងតតាំងក្ដីក្នុងនាមជាប្រជាជន។ 
 
ការដកបុណ្យសក្ដិនេះ កើតឡើងបន្ទាប់ពីមេធាវីរបស់ព្រះអង្គម្ចាស់ Andrew មិនអាចបញ្ចុះបញ្ជូលចៅក្រមអាម៉េរិកឱ្យលើកចោលបទចោទ។ លោកស្រី Virginia Giuffre ចោទបុត្រាទីពីររបស់ម្ចាស់ក្សត្រិយ៍អង់គ្លេសថា បានរំលោភបំពានផ្លូវភេទលើលោកស្រី នៅពេលមានវ័យ១៧ឆ្នាំ។ កន្លងមក  ព្រះអង្គម្ចាស់អង្គនេះ បានបដិសេធការរំលោភបំពានផ្លូវភេទនោះដែលកើតមាននៅផ្ទះរបស់លោក Epstein កាលពីពីរទសវត្សរ៍មុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Al Jazeera។​
 
ជាមួយគ្នាដែរ ការដកតំណែងក្នុងជួរយោធា ធ្វើឡើងបន្ទាប់ពីទាហានចូលនិវត្តន៍នៅក្នុងកងទ័ពជើងទឹក កងទ័ពអាកាស និងកងទ័ពជើងគោករបស់អង់គ្លេសច្រើនជាង ១៥០រូប បានស្នើឱ្យមហាក្សត្រី ដែលជាអគ្គមេបញ្ចាការកំពូល ដកតំណែង ក្រោមហេតុផលមិនសក្ដិសមក្នុងជួរយោធាតទៅទៀត។ បើតាមសេចក្តីស្នើនោះ កងកម្លាំងរបស់អង់គ្លេស ត្រូវតែគោរពសុចរិតភាព ភាពស្មោះត្រង់ និងទង្វើប្រកបដោយកិត្តិយស៕

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com