អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលពីរគ្រាប់ទៀត បន្ទាប់ពីរងទណ្ឌកម្មអាម៉េរិក
14, Jan 2022 , 3:09 pm        
រូបភាព
កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែមករា បានបាញ់មីស៊ីលពីរគ្រាប់ទៀត។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ។ ការបាញ់នោះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។

 
 
 
អគ្គនាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា កូរ៉េខាងជើង បានបាញ់មីស៊ីលពីរគ្រាប់ ប៉ុន្តែមិនបានបញ្ជាក់ឱ្យបានលម្អិតឡើយ។ នេះជាលើកទី៣ ហើយ ដែលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលនៅក្នុងឆ្នាំ ២០២២។ 
 
ការបាញ់មីស៊ីលចុងក្រោយនេះ ធ្វើឡើងតែរយៈពេលពីរថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រកាសដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាង ក្រោមហេតុផលបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 
 
មិនតែប៉ុណ្ណោះ មុនការសាកល្បងនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានរិះគន់កូរ៉េខាងជើងថា កូរ៉េខាងជើងព្យាយាមបាញ់មីស៊ីលជាច្រើនសារ ដោយសារតែចង់បានការចាប់អារម្មណ៍ ។ បញ្ហានេះ អាចបង្កឱ្យមានអស្ថិរភាពក្នុងតំបន់។ 
 
សម្រាប់មីស៊ីលពីរលើកមុន កូរ៉េខាងជើង បានអះអាងថា ជាមីស៊ីលមានល្បឿនលឿនជាងសំឡេង ដែលអាចវាយប្រហារ និងទម្លុះប្រព័ន្ធការពាររបស់សត្រូវ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា មីស៊ីលដែលបាញ់លើកទីពីរ ទំនងជាមីស៊ីលបាលីស្ទិក។ 
 
គួររំលឹកថា បន្ទាប់ពីកិច្ចចរចាលើការរំសាយកម្មវិធីនុយក្លេអ៊ែររវាងអាម៉េរិក និងកូរ៉េខាងជើង បានជាប់គាំងនៅក្នុងឆ្នាំ ២០១៩ មក ក្រុងព្យុងយ៉ាង បានធ្វើតេស្តមីស៊ីលជាច្រើនប្រភេទ ដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន បើទោះរងទណ្ឌកម្មជាច្រើនពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាម៉េរិក និងប្រទេសអឺរ៉ុបក៏ដោយ៕ 

អត្ថបទទាក់ទង
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com