អន្តរជាតិ
ប្រមុខការទូតម៉ាឡេស៊ី៖ មុនទៅមីយ៉ាន់ម៉ា​ សម្ដេចហ៊ុន សែន គួរពិភាក្សាជាមួយមេដឹកនាំអាស៊ានឯទៀត
14, Jan 2022 , 5:00 pm        
រូបភាព
លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី។ រូបភាព៖ Bernama
លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី។ រូបភាព៖ Bernama
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah នៅថ្ងៃទី១៣ ខែមករា បានលើកឡើងថា សម្តេចហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុនដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ាក្នុងនាមជាប្រធានផ្លាស់វេន។ ទន្ទឹមនេះ ប្រមុខការទូតម៉ាឡេស៊ីរូបនេះ បានចាត់ទុកទស្សនកិច្ចសម្តេច ហ៊ុន សែន នៅមីយ៉ាន់ម៉ា មិនទទួលបានជោគជ័យឡើយ។

 
 
ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា បានទទួលទាំងការគាំទ្រ និងការមិនគាំទ្រពីសហគមន៍អន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចនោះ កម្ពុជាបាននាំជំនួយមនុស្សធម៌ ស្របពេលយោធាមីយ៉ាន់ម៉ា បានប្រកាសអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២ ។ ទន្ទឹមនេះ កម្ពុជាក៏បានបញ្ជាក់ផងដែរថា ទស្សនកិច្ចនោះ មិនមែនជាការទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឡើយ។ 
 
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ា ប្រមុខការទូតម៉ាឡេស៊ី ក៏បានចេញមុខមកប្រតិកម្មដែរ នៅថ្ងៃទី១៣ ខែមករា។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងទីក្រុងគូឡាឡាំពួ លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បានថ្លែងថា សមាជិកអាស៊ានមួយចំនួន បានបង្ហាញក្តីបារម្ភពីទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន អាចត្រូវបានមើលឃើញថា ជាការទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ 
 
«មនុស្សមួយចំនួន បានយល់ថា សម្តេច ហ៊ុន សែន មិនគួរធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាឡើយ ដោយសារទស្សនកិច្ចនោះ ត្រូវបានយល់ថា ជាការទទួលស្គាល់របបសឹក»។ លោក Saifuddin បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា សម្រាប់គំនិតម៉ាឡេស៊ី សម្តេច ហ៊ុន សែន មានសិទ្ធិធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែដោយសារ កម្ពុជា បានកាន់តំណែងជាប្រធានផ្លាស់វេនអាស៊ាន សម្តេច ហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ានផ្សេងទៀតសិន។ 
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានដដែលនោះ ប្រមុខការទូតរូបនេះ បានយល់ឃើញថា ទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន មិនទទួលបានជោគជ័យអ្វីឡើយ។ បើតាមរដ្ឋមន្រ្តីរូបនេះ មនុស្សមួយចំនួន បានយល់ថា ទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅមីយ៉ាន់ម៉ា គឺជាការចាប់ផ្តើមនៃការសម្របសម្រួល ប៉ុន្តែម៉ាឡេស៊ី មិនទាន់បានឃើញរឿងទាំងនោះ កើតឡើងឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងរៀបចំឡើងនៅសប្តាហ៍ខាងមុខ នាខេត្តសៀមរាប ត្រូវបានលើកពេល ដោយសារតែរដ្ឋមន្រ្តីមួយចំនួនពិបាក ក្នុងការចូលរួម៕ 

Tag:
 ម៉ាឡេស៊ី
  កម្ពុជា
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com