អន្តរជាតិ
KCNA៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចេញពីផ្លូវរថភ្លើង
15, Jan 2022 , 12:24 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែមករា បានបាញ់មីស៊ីលចេញពីផ្លូវរថភ្លើងចំនួន ពីរគ្រាប់។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៥ ខែមករា។ នេះជាលើកទីបីហើយ ដែលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលនៅក្នុងឆ្នាំ ២០២២។

 
 
នៅរសៀលថ្ងៃទី១៤ ខែមករា អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានចាប់សញ្ញាមីស៊ីលចំនួនពីរគ្រាប់ ដែលកូរ៉េខាងជើងបានបាញ់។ ការបាញ់មីស៊ីលចំនួនពីរគ្រាប់នោះ ធ្វើឡើងបន្ទាប់ពីក្រុងព្យុងយ៉ាងរងទណ្ឌកម្មជាថ្មី ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ 
 
តាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន KCNA កូរ៉េខាងជើង បានសាកល្បងបាញ់មីស៊ីលនៅខេត្ត North Pyongan ដែលមានព្រំដែនជាប់ជាមួយចិន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីប្រសិទ្ធភាពនៃប្រព័ន្ធបាញ់មីស៊ីលចេញពីផ្លូវរថភ្លើង។ នេះជាការបាញ់មីស៊ីលចេញពីរថភ្លើងលើកដំបូងរបស់កូរ៉េខាងជើង បើគិតចាប់ពីខែកញ្ញា ឆ្នាំ២០២១។ 
 
ទីភ្នាក់ងារព័ត៌មានដដែល បានបន្តថា មីស៊ីលទាំងពីរគ្រាប់នោះ បានវាយប្រហារចំគោលដៅ នៅក្នុងសមុទ្រខាងកើតរបស់កូរ៉េ។ យោធាកូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែមករា បានអះអាងថា មីស៊ីលចំនួនពីរគ្រាប់ បានហោះចេញពីខេត្ត North Pyongan ដោយហោះបានប្រមាណ ៤៣០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ៣៦គីឡូម៉ែត្រ និងល្បឿន Mach 6 ឬមានល្បឿនលឿនជាងសំឡេង ៦ដង៕ 
 

Tag:
 កូរ៉េខាងជើង
  មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com