អន្តរជាតិ
សិង្ហបុរីនៅតែបដិសេធតំណាងយោធាមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំ បើមិនអនុវត្តចំណុចឯកភាពទាំង៥
15, Jan 2022 , 3:52 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង។ រូបភាព៖ ក្រសួងព័ត៌មាន និងទំនាក់ទំនងសិង្ហបុរី
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង។ រូបភាព៖ ក្រសួងព័ត៌មាន និងទំនាក់ទំនងសិង្ហបុរី
ប្រសិនបើមិនមានការវិវដ្តដ៏សំខាន់មួយ នៅក្នុងការអនុវត្តការឯកភាព ៥ចំណុច លើបញ្ហាមីយ៉ាន់ម៉ា អាស៊ាន គួរតែរក្សាសេចក្តីសម្រេចរបស់ខ្លួន ក្នុងការមិនអញ្ជើញតំណាងយោធាចូលរួម ក្នុងកិច្ចប្រជុំ។ ប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុង បានថ្លែងបែបនេះ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយសម្តេច ហ៊ុន សែន ក្នុងថ្ងៃទី១៤ ខែមករា។

 
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមករា បានជួបជាមួយសមភាគីសិង្ហបុរី លោក លី សៀនឡុង តាមប្រព័ន្ធវីដេអូ ដើម្បីជជែកពីជំងឺកូវីដ-១៩ និងស្ថានការណ៍មីយ៉ាន់ម៉ា។ ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានថ្លែងពីលទ្ធផល និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា។ ជាការឆ្លើយតប នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី បានអរគុណសម្ដេច ហ៊ុន សែន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហានយោបាយនៃប្រទេសជិតខាង។  
 
ក្នុងជំនួបតាមប្រព័ន្ធវីដេអូដដែលនោះ លោកនាយកមន្រ្តីសិង្ហបុរី បានយល់ឃើញថា យោធាមីយ៉ាន់ម៉ា មិនបានអនុវត្តការឯកភាពទាំង៥ ចំណុច ដែលបានដាក់ចេញនៅខែមេសា ឱ្យបានដំណើរការល្អឡើយ។ «ទាល់តែមានការវិវដ្តដ៏សំខាន់មួយក្នុងការអនុវត្តការឯកភាព ៥ចំណុច អាស៊ានគួររក្សាសេចក្តីសម្រេចរបស់ខ្លួន...ក្នុងការអញ្ញើញតំណាងមិនស្ថិតក្នុងជួរនយោបាយចូលរួមប្រជុំ»។ លោកលី បានថ្លែងបែបនេះ មុនបន្តថា រាល់ការពិភាក្សា ក្នុងការកែសម្រួលសេចក្តីសម្រេចមេដឹកនាំអាស៊ាន ត្រូវតែផ្អែកលើការពិត។ 
 
ទន្ទឹមនោះ មេដឹកនាំសិង្ហបុរីរូបនេះ ក៏បានជំរុញឱ្យប្រធានអាស៊ានផ្លាស់វេន រក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ក្នុងនោះរួមទាំងរដ្ឋាភិបាលយោធា និងបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ 
 
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរី លោកលី បានបន្ថែមថា លោកមិនច្បាស់ឡើយ ថាតើអាស៊ាន ឬប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចដើរតួនាទីសម្របសម្រួលបទឈប់បាញ់ ដោយសារកន្លងមក អាស៊ាន មិនអាចទំនាក់ទំនងទៅគ្រប់ភាគីបានទាំងអស់ឡើយ។ ប៉ុន្តែសិង្ហបុរី ក៏មិនជំទាស់ជាគោលការណ៍ដែរ លើនីតិវិធីទាំងនោះ ប្រសិនបើអាចបញ្ចប់ហិង្សានៅមីយ៉ាន់ម៉ា។ 
 
សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា។ តាមរយៈទស្សនកិច្ចនោះ កម្ពុជាបាននាំសម្ភារវេជ្ជសាស្រ្តមួយចំនួនទៅមីយ៉ាន់ម៉ា ខណៈមេដឹកនាំយោធាបានប្រកាសអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២៕ 
 

Tag:
 សិង្ហបុរី
  មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com