ជាតិ
ហ្វីលីពីន ឯកភាពទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវាពីឥណ្ឌា ស្របពេលមានជម្លោះដែនទឹកជាមួយចិន
15, Jan 2022 , 8:29 pm        
រូបភាព
ទូកល្បាតសមុទ្ររបស់ហ្វីលីពីន។ រូបភាព៖ AFP
ទូកល្បាតសមុទ្ររបស់ហ្វីលីពីន។ រូបភាព៖ AFP
ហ្វីលីពីន បានឯកភាពទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវាមួយគ្រឿងពីឥណ្ឌា ក្រោមកិច្ចព្រមព្រៀងជិត ៣៧៥លានដុល្លារ។ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៤ មករា។ ការទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវានេះ ធ្វើឡើងស្របពេលក្រុងម៉ានីល មានជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ជាមួយក្រុងប៉េកាំង។

 
 
ហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១២ មក បានចាប់ផ្តើមធ្វើទំនើបកម្មយោធារបស់ខ្លួន ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានជម្លោះដែនទឹកជាមួយចិន ជាច្រើនឆ្នាំមកហើយ។ ម្យ៉ាងវិញទៀត ហ្វីលីពីន តែងចោទចិនជាញឹកញាប់ ជុំវិញនាវាចិន បានបើកចូលក្នុងដែនទឹករបស់ខ្លួន។ 
 
ដើម្បីការពារដែនទឹករបស់ខ្លួន ហ្វីលីពីន បានឯកភាពទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវាពីឥណ្ឌា។ យ៉ាងណាមិញ លោករដ្ឋមន្រ្តីការពារជាតិហ្វីលីពីន Delfin Lorenzana បានបង្ហាញព័ត៌មានលម្អិតតិចតួចណាស់ ជុំវិញកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវាមួយគ្រឿងជិត ៣៧៥លានដុល្លារ ជាមួយក្រុមហ៊ុន BrahMos Aerospace ដែលជាក្រុមហ៊ុនរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី។ ប្រព័ន្ធមីស៊ីលនេះ នឹងត្រូវប្រគល់ឱ្យកងទ័ពជើងទឹកហ្វីលីពីនគ្រប់គ្រង។
 
តាមការឯកភាពទិញខាងលើ ហ្វីលីពីន អាចជាប្រទេសទីមួយ ក្នុងការទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវាពីឥណ្ឌា។ ប៉ុន្តែមកទល់ពេលនេះ ក្រសួងការពារជាតិឥណ្ឌា មិនទាន់ចេញមុខបកស្រាយឡើយ។ ក្រោមកិច្ចព្រមព្រៀងខាងលើ ឥណ្ឌានឹងផ្តល់សម្ភារទាក់ទិននឹងប្រព័ន្ធមីស៊ីល ការហ្វឹកហ្វឺន ការថែទាំ ក៏ដូចជាការដឹកជញ្ជូន។ 
 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP លោក Ramon Zagala អ្នកនាំពាក្យកងកម្លាំងហ្វីលីពីន បានបកស្រាយថា ប្រព័ន្ធមីស៊ីលនោះ គឺជាផ្នែកមួយនៃការការពារដែនដីហ្វីលីពីន និងទប់ស្កាត់អ្នកឈ្លានពានដ៏មានឥទ្ធិពល។ ការអះអាងរបស់អ្នកនាំពាក្យរូបនេះ ទំនងសំដៅដល់ចិន ដែលកន្លងមកនាវាប្រទេសមួយនេះ បានចូលក្នុងដែនទឹកហ្វីលីពីនជាញឹកញាប់៕
 

Tag:
 ហ្វីលីពីន
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com