អន្តរជាតិ
ព្រឹត្តិការណ៍អន្តរជាតិ៖ កូរ៉េខាងជើងសាកល្បងមីស៊ីល, សម្តេច ហ៊ុន សែនទៅមីយ៉ាន់ម៉ា, ជំនួបរុស្ស៊ី-អាម៉េរិក...
16, Jan 2022 , 10:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែនទៅមីយ៉ាន់ម៉ា បានក្លាយជាប្រធានបទដ៏សំខាន់មួយ។ នៅដើមឆ្នាំ២០២២  កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរហូតដល់ទៅ ៣ដង ដែលធ្វើឱ្យអាម៉េរិកប្រកាសដាក់ទណ្ឌកម្មជាថ្មី។ ទន្ទឹមនេះ ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា ក៏ត្រូវបានមន្រ្តីទូត និងថ្នាក់ដឹកនាំប្រទេសមួយចំនួនជជែកច្រើនដែរ។ ខាងងក្រោមនេះ គឺជាការសង្ខេបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍។

 
ថ្ងៃទី១០ ខែមករា
 
ជំនួបមន្រ្តីជាន់ខ្ពស់រុស្ស៊ី និងអាម៉េរិក បានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ស្វ៊ីស ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន និងការពង្រាយទ័ពរុស្ស៊ី។ ក្នុងកិច្ចប្រជុំនោះ រុស្ស៊ី និងអាម៉េរិក នៅតែបន្តខ្វែងគំនិតគ្នាលើបញ្ហាដូចជា សមាជិកភាពរបស់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធយោធាណាតូ និងសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនជាដើម។
 
ចិន នឹងគាំទ្រកម្ពុជា ដែលជាប្រធានផ្លាស់វេនអាស៊ានយ៉ាងពេញទំហឹង លើតួនាទី និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយភាពខុសគ្នារវាងភាគីនៅមីយ៉ាន់ម៉ា តាមការពិភាក្សានយោបាយ និងរៀបចំស្ថិរភាពឡើងវិញ ក៏ដូចជាការសម្រេចបានការអភិវឌ្ឍមុនថ្ងៃកំណត់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បញ្ជាក់បែបនេះ។ 
 
ថ្ងៃទី១១ ខែមករា
 
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ បានប្រកាសថា ជប៉ុននឹងបន្តរក្សាការរឹតត្បិតព្រំដែនខ្លួនរហូតដល់ចុងខែកុម្ភៈ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងខ្លួន អូមីក្រុង។ ក្រោមការរឹតបន្តឹងព្រំដែន ករណីពិសេសមួយចំនួន ទាក់ទងនឹងបញ្ហាមនុស្សធម៌ និងផលប្រយោជន៍ជាតិ នឹងត្រូវយកទៅពិចារណា។
 
កូរ៉េខាងជើង បានបាញ់មីស៊ីលជាលើកទី២ ក្នុងរយៈពេលមិនដល់មួយអាទិត្យផង បន្ទាប់ពីមេដឹកនាំកំពូល ជំរុញឱ្យបង្កើនសមត្ថភាពយោធាបន្ថែមទៀត។ យោធាកូរ៉េខាងត្បូងអះអាងថា ខ្លួនបន្តរក្សាការត្រៀមខ្លួន ខណៈនាយករដ្ឋមន្រ្តីជប៉ុនបង្ហាញការសោកស្ដាយចំពោះទង្វើរបស់ទីក្រុងព្យុងយ៉ាង។
 
ថ្ងៃទី១២ ខែមករា
 
មេដឹកនាំហុងកុង ការី ឡាំ បានលើកឡើងថា រដ្ឋបាលនឹងបន្ថែមបទល្មើសមួយចំនួនទៀតទៅក្នុងច្បាប់សន្តិសុខជាតិដែលអនុម័តដោយទីក្រុងប៉េកាំងកាលពីឆ្នាំ២០២០។
 
តំណាងរុស្ស៊ី និងបក្សសម្ព័ន្ធយោធាណាតូ បានជួបគ្នា នៅទីស្នាក់ការកណ្តាលរបស់ណាតូ នាទីក្រុងព្រុចសែល បែលហ្ស៊ិក ដើម្បីជជែកពីវិបត្តិអ៊ុយក្រែន។ ជំនួបដ៏សំខាន់មួយនេះ បានបញ្ចប់ទៅដោយមិនមានលទ្ធផលអ្វីឡើយ ដោយអង្គការណាតូ នៅតែបន្តគាំទ្រឱ្យអ៊ុយក្រែនចូលជាសមាជិក ប្រសិនបើត្រូវតាមលក្ខខណ្ឌ ខណៈរុស្ស៊ីព្រមានពីលទ្ធភាពផ្ទុះឡើងនៃសង្រ្គាម។
 
ថ្ងៃទី១៣ ខែមករា
 
កងកម្លាំងច្រើនជាង ២ពាន់នាក់ ដែលមកពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) បានចាប់ផ្តើមដកចេញពីកាហ្សាក់ស្ថានហើយ បន្ទាប់ពីប្រទេសមួយនេះ បានស្តារស្ថិរភាពឡើងវិញ។ រដ្ឋាភិបាលក្រុងមូស្គូ បានអះអាងបែបនេះ។ 
 
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន បានរិះគន់កូរ៉េខាងជើងជុំវិញការសាកល្បងមីស៊ីលជាបន្តបន្ទាប់នៅដើមឆ្នាំ២០២២នេះ។ ក្នុងកិច្ចសម្ភាសមួយ លោក ប្លីងខិន យល់ថា កូរ៉េខាងជើងព្យាយាមបាញ់មីស៊ីលជាច្រើនសារដោយសារតែចង់បានការចាប់អារម្មណ៍ប៉ុណ្ណោះ តែក៏ឆ្លៀតសង្កត់ធ្ងន់ថា ការណ៍នេះបានធ្វើឱ្យមានអស្ថិរភាពតំបន់ផងដែរ។
 
ថ្ងៃទី១៤ ខែមករា
 
កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែមករា បានបាញ់មីស៊ីលពីរគ្រាប់ទៀត។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ។ ការបាញ់នោះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។
 
ប្រសិនបើមិនមានការវិវដ្តដ៏សំខាន់មួយ នៅក្នុងការអនុវត្តការឯកភាព ៥ចំណុច លើបញ្ហាមីយ៉ាន់ម៉ា អាស៊ាន គួរតែរក្សាសេចក្តីសម្រេចរបស់ខ្លួន ក្នុងការមិនអញ្ជើញតំណាងយោធាចូលរួម ក្នុងកិច្ចប្រជុំ។ ប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុង បានថ្លែងបែបនេះ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយសម្តេច ហ៊ុន សែន។ 
 
ថ្ងៃទី១៥ ខែមករា
 
រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលដឹកនាំដោយក្រុមតាលីបង់ បានលើកឡើងថា ខ្លួនកំពុងពិនិត្យមើលការបើកសាលារៀនសម្រាប់ក្មេងស្រី និងស្រ្តី នៅខែមីនាខាងមុខ។ អនុរដ្ឋមន្រ្តីព័ត៌មាន និងវប្បធម៌អាហ្វហ្កានីស្ថាន លោក Zabihullah Mujahid បានលើកឡើងបែបនេះ ស្របពេលក្រុងតាលីបង់ កំពុងរងសម្ពាធពីសហគមន៍អន្តរជាតិ។
 
 

Tag:
 កូរ៉េខាងជើង
  មីយ៉ាន់ម៉ា
  កម្ពុជា
  រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com