COVID-19
អន្តរជាតិ
កូវីដ-១៩៖ ថៃ រាយការណ៍ករណីស្លាប់លើកដំបូង ដោយសារវីរុសអូមីក្រុង
16, Jan 2022 , 3:55 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
លោកយាយវ័យ ៨៦ឆ្នាំម្នាក់ បានទទួលមរណភាព បន្ទាប់ពីឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង។ អាជ្ញាធរសុខាភិបាលថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែមករា។

 
 
លោកយាយវ័យ ៨៦ឆ្នាំមួយរូប ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer ចំនួន ២ដូស បានទទួលមរណភាព បន្ទាប់ពីឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុង។ នេះជាករណីស្លាប់លើកដំបូងនៅក្នុងប្រទេសថៃ ដោយសារវីរុសអូមីក្រុង។ 
 
ពាក់ព័ន្ធនឹងករណីស្លាប់នេះ មន្រ្តីសុខាភិបាលខេត្តSongkhla បានអះអាងថា ស្រ្តីរូបនេះ មានជំងឺវ័យជរា និងអាចឆ្លងវីរុសអូមីក្រុងពីចៅប្រុសរបស់ខ្លួន។ ចៅប្រុសនោះ បានចេញលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ បន្ទាប់ពីត្រលប់មកពីខេត្តភូកេត។ លោកយាយ បានទទួលមរណភាពនៅថ្ងៃទី១២ ខែមករា និងមានលទ្ធផលឆ្លងវីរុសអូមីក្រុង។ 
 
មកទល់ពេលនេះ ករណីឆ្លងវីរុសអូមីក្រុង នៅថៃ មានជាច្រើនពាន់ករណី។ គិតត្រឹមថ្ងៃទី១០ ខែមករា ថៃ មានករណីឆ្លងអូមីក្រុងសរុបជាង ៥ពាន់ករណី។ ករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅថៃមានចំនួនជាង ២,៣លានករណី និងអ្នកស្លាប់មានជាង ២ម៉ឺននាក់។ 
 
ទន្ទឹមនេះ ថៃបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ១០៣លានដូស ដល់ប្រជាជនខ្លួន ខណៈប្រជាជនថៃចំនួន ៤៥,៥ លាននាក់ បានទទួលវ៉ាក់សាំងចំនួន ពីរដូស៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com