ជាតិ
ក្រុមតាលីបង់ សន្យាបើកសាលារៀនសម្រាប់ក្មេងស្រី និងស្រ្តី ក្នុងពេលឆាប់ៗ
16, Jan 2022 , 9:29 pm        
រូបភាព
លោក Zabihullah Mujahid អនុរដ្ឋមន្រ្តីព័ត៌មាន និងវប្បធម៌អាហ្វហ្កានីស្ថាន ។ រូបភាព៖ AP
លោក Zabihullah Mujahid អនុរដ្ឋមន្រ្តីព័ត៌មាន និងវប្បធម៌អាហ្វហ្កានីស្ថាន ។ រូបភាព៖ AP
រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលដឹកនាំដោយក្រុមតាលីបង់ បានលើកឡើងថា ខ្លួនកំពុងពិនិត្យមើលការបើកសាលារៀនសម្រាប់ក្មេងស្រី និងស្រ្តី នៅខែមីនាខាងមុខ។ អនុរដ្ឋមន្រ្តីព័ត៌មាន និងវប្បធម៌អាហ្វហ្កានីស្ថាន លោក Zabihullah Mujahid បានលើកឡើងបែបនេះ ស្របពេលក្រុងតាលីបង់ កំពុងរងសម្ពាធពីសហគមន៍អន្តរជាតិ។

 
 
បន្ទាប់ពីកាន់អំណាចឡើងវិញនៅពាក់កណ្តាលខែសីហា ក្រុមតាលីបង់ មិនអនុញ្ញាតឱ្យក្មេងស្រីរៀនលើសពីថ្នាក់ទី៧ ត្រលប់ទៅសាលារៀនឡើយ ខណៈស្រ្តីនៅអាហ្វហ្កានីស្ថាន ត្រូវបានរឹតត្បិតក្នុងការធ្វើដំណើរក្នុងប្រទេសដោយសេរី។ 
 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP អនុរដ្ឋមន្រ្តីព័ត៌មាន និងវប្បធម៌អាហ្វហ្កានីស្ថាន លោក Zabihullah Mujahid បានលើកឡើងថា រដ្ឋាភិបាលអាហ្វហ្កានីស្ថាន កំពុងពិនិត្យមើលការបើកថ្នាក់រៀនឡើងវិញសម្រាប់ក្មេងស្រី និងស្រ្តីទាំងអស់ បន្ទាប់ពីថ្ងៃទី២១ ខែមីនា ខាងមុខ។ បើតាមអនុរដ្ឋមន្រ្តីរូបនេះ ក្មេងប្រុស និងក្មេងស្រី ត្រូវតែនៅដាច់ដោយឡែកពីគ្នា ក្នុងសាលារៀន ដែលនេះបានបង្កផលលំបាក ក្នុងការស្វែងរកអាគារ ឬកន្លែងស្នាក់នៅសម្រាប់ក្មេងស្រី ក្នុងពេលសិក្សា។ 
 
មន្រ្តីអាហ្វហ្កានីស្ថានដដែលនេះ បានបន្តថា តំបន់ដែលមានប្រជាជនរស់នៅច្រើន គឺមិនមានកន្លែងគ្រប់គ្រាន់សម្រាប់បែងចែកក្មេងស្រី និងក្មេងប្រុសឱ្យរៀននៅដាច់ដោយឡែកឡើយ។ «យើងមិនបានប្រឆាំងនឹងការអប់រំឡើយ»។ លោក Mujahid បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា យើងនឹងព្យាយាមដោះស្រាយបញ្ហាខ្វះសាលារៀនបន្ថែមទៀត នៅក្នុងឆ្នាំខាងមុខ។ 
 
សូមបញ្ជាក់ថា ក្មេងស្រី ដែលរៀនលើសពីថ្នាក់ទី៧ មិនត្រូវអនុញ្ញាតឱ្យទៅសាលារៀនឡើយ នៅអាហ្វហ្កានីស្ថាន លើកលែងតែខេត្តចំនួន ១០ ក្នុងចំណោមខេត្ត៣៤ប៉ុណ្ណោះ ដែលអនុញ្ញាត។ ក្នុងរដ្ឋធានីកាប៉ុល បន្ទប់រៀនតូចៗ ត្រូវបានបែងចែកការសិក្សារបស់ក្មេងស្រី និងប្រុសឱ្យនៅដាច់ដោយឡែកពីគ្នា៕ 
 

Tag:
 អាហ្វហ្កានីស្ថាន
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com