អន្តរជាតិ
ហ្វីលីពីន៖ កិច្ចចរចាបទឈប់បាញ់មីយ៉ាន់ម៉ា គួរមានគ្រប់ភាគីទាំងអស់ រួមទាំងលោក ស្រីស៊ូជី
17, Jan 2022 , 10:29 am        
រូបភាព
លោក Teodoro Locsin រដ្ឋមន្រ្តីការបរទេសហ្វីលីពីន។ រូបភាព៖ លោក Teodoro Locsin រដ្ឋមន្រ្តីការបរទេសហ្វីលីពីន។ រូបភាព៖ PCOO
លោក Teodoro Locsin រដ្ឋមន្រ្តីការបរទេសហ្វីលីពីន។ រូបភាព៖ លោក Teodoro Locsin រដ្ឋមន្រ្តីការបរទេសហ្វីលីពីន។ រូបភាព៖ PCOO
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Teodoro Locsin បានលើកឡើងនៅថ្ងៃទី១៦ ខែមករាថា វត្តមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ គឺជាការស្វាគមន៍ដ៏សំខាន់មួយ។ បើតាមលោករដ្ឋមន្រ្តី កិច្ចចរចានោះ ក៏ត្រូវរួមបញ្ចូលទាំងលោកស្រី អ៊ុងសាន ស៊ូជីដែរ បើទោះត្រូវតុលាការកាត់ទោសក៏ដោយ។

 
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ ខណៈដំណើរការនៃការអនុវត្តចំណុចឯកភាពទាំង៥ ពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា មានសភាពយឺត។ បញ្ហានេះ បានធ្វើឱ្យមេដឹកនាំបណ្តាប្រទេសអាស៊ានខ្វែងគំនិតគ្នា ជុំវិញការអញ្ជើញមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំអាស៊ាន។ ក្នុងជំនួបជាមួយសម្តេចហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមករា សមភាគីសិង្ហបុរី លោក លី សៀនឡុង បានលើកឡើងថា សិង្ហបុរី នឹងមិនជំទាស់ជាគោលការណ៍ឡើយ ចំពោះតួនាទីប្រេសិតពិសេស ក្នុងការដោះស្រាយបទឈប់បាញ់។ 
 
ពីរថ្ងៃបន្ទាប់ពីការលើកឡើងរបស់លោកលី ប្រមុខការទូតហ្វីលីពីន លោក Teodoro Locsin បានស្វាគមន៍ពីការចូលរួមរបស់ប្រេសិតពិសេសក្នុងកិច្ចចរចាបទឈប់បាញ់នៅមីយ៉ាន់ម៉ា ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ប៉ុន្តែកិច្ចចរចានោះ ក៏ត្រូវមានវត្តមានលោកស្រី អ៊ុនសាន ស៊ូជីផងដែរ។ 
 
«កិច្ចចរចានេះ ត្រូវតែបញ្ចូលគ្រប់ភាគីទាំងអស់ មិនតែ២ ឬ៣ភាគីឡើយ។ លោកស្រីស៊ូជី ក៏ត្រូវមានវត្តមានដែរ បើទោះត្រូវតុលាការកាត់ទោស»។ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា លោកស្រី ស៊ូជី គឺជាតួអង្គ ដែលមិនអាចខ្វះបាន ក្នុងការរៀបចំលទ្ធប្រជាធិបតេយ្យឡើងវិញ។ លោក Locsin បានបន្តថា ការភ្ជាប់ទំនាក់ទំនងរបស់ប្រេសិតពិសេសទៅគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែមិនភ្ជាប់ជាមួយលក្ខខណ្ឌអ្វីឡើយ។ 
 
នៅលើបណ្តាញសង្គម Twitter ដដែលនោះ ថ្នាក់ដឹកនាំហ្វីលីពីនរូបនេះ បានថ្កោលទោស តុលាការមីយ៉ាន់ម៉ាផងដែរ ដែលកាត់ទោសលោកស្រីស៊ូជី ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ដើម្បីបំបិទសំឡេងអ្នកប្រឆាំងនៅក្នុងប្រទេស។ លោក Locsin បានជំរុញឱ្យមេដឹកនាំយោធាដោះលែងអ្នកទោសនយោបាយ អនុវត្តដំណើរការប្រជាធិបតេយ្យ បញ្ចៀសអំពើហិង្សា គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ 
 
ខណៈពេលចំណុចឯកភាពទាំង ៥ ដែលបានដាក់ចេញកាលពីខែមេសា កន្លងទៅ នៅតែមានសភាពយឺត ប្រមុខការទូតហ្វីលីពីន បានអះអាងថា ហ្វីលីពីននឹងសហការជាមួយសមាជិកអាស៊ានផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយជួនប្រជាជនមីយ៉ាន់ម៉ាពីការលំបាក និងជំរុញឱ្យមានកិច្ចចរចារវាងភាគីមីយ៉ាន់ម៉ាទាំងអស់ រួមទាំងលោកស្រីស៊ូជី។ 
 
ស្របគ្នានោះ លោករដ្ឋមន្រ្តី ក៏បានសាទរដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែនទៅមីយ៉ាន់ម៉ាផងដែរ ដើម្បីរួមចំណែកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ក្នុងន័យនេះ លោករដ្ឋមន្រ្តី Locsin បានបញ្ជាក់ថា ទស្សនកិច្ចនោះ គួរតែទទួលបានការគាំទ្រ។ 
 
គួររំលឹកថា បើទោះយោធាមីយ៉ាន់ម៉ា បានប្រកាសអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២ ក៏ដោយ ប៉ុន្តែសារព័ត៌មានមីយ៉ាន់ម៉ា នៅតែបន្តចុះផ្សាយពីប៉ះទង្គិចគ្នារវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ការបាញ់ប្រហារនាពេលកន្លងមក បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ បានបាត់បង់ជីវិត ខណៈប្រជាជនផ្សេងទៀត បានចេញពីផ្ទះសម្បែងដើម្បីរកកន្លែងសុវត្ថិភាព៕ 
 

Tag:
 ហ្វីលីពីន
  មីយ៉ាន់ម៉ា
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com