COVID-19
អន្តរជាតិ
កូវីដ-១៩៖ ទីក្រុងចិន ស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ ខណៈពិធីចូលឆ្នាំថ្មីជិតមកដល់
17, Jan 2022 , 5:39 pm        
រូបភាព
ប្រជាជនចិនកំពុងធ្វើដំណើរនៅឯស្ថានីយ៍រថភ្លើងក្នុងខេត្តគ័ងតុង។ រូបថត Xinhua
ប្រជាជនចិនកំពុងធ្វើដំណើរនៅឯស្ថានីយ៍រថភ្លើងក្នុងខេត្តគ័ងតុង។ រូបថត Xinhua
ទីក្រុងចិនមួយចំនួន បានដាក់ចេញវិធានការ និងស្ថិតក្នុងការប្រុងប្រយ័ត្នកម្រិតខ្ពស់ ខណៈវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនអីមីក្រុង ត្រូវបានរកឃើញជាបន្តបន្ទាប់។ ការប្រុងប្រយ័ត្នកម្រិតខ្ពស់បែបនេះ ធ្វើឡើងស្របពេលរដូវកាលធ្វើដំណើរក្នុងពេលឈប់សម្រាក ក្នុងពិធីចូលឆ្នាំចិនបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករា។

 
ករណីឆ្លងជំងឺកូវីដ-១៩ នៅចិន ត្រូវបានរកឃើញជាច្រើនករណី។ ចិន នៅថ្ងៃទី១៧ ខែមករា បានរាយការណ៍ករណីឆ្លងចំនួន២២៣ករណី ដោយក្នុងនោះករណីឆ្លងក្នុងស្រុកមានចំនួន ១៦៣ករណី។ ទន្ទឹមនេះ វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុង ត្រូវបានរកឃើញជាបន្តបន្ទាប់ រួមទាំងនៅក្នុងទីក្រុងប៉េកាំងផងដែរ។ 
 
ស្របពេលការធ្វើដំណើររបស់ប្រជាជនចិនជាច្រើនលាននាក់ ចាប់ផ្តើមឡើងនៅថ្ងៃទី១៧ ខែមករា ក្នុងរដូវកាលចូលឆ្នាំចិន អាជ្ញាធរបានព្រមានពីការកើនឡើងហានិភ័យនៃជំងឺកូវីដ-១៩ និងដាក់ចេញវិធានការមួយចំនួន។ ក្រុងឡកយ៉ាង ក្នុងខេត្តហឺណាន និងក្រុងជៀយ៉ាង ក្នុងខេត្តគ័ងតុង នៅថ្ងៃទី១៦ ខែមករា បានប្រកាសថា អ្នកដំណើរ ត្រូវតែរាយការណ៍ទៅសហគមន៍ និយោជក និងសណ្ឋាគារពីការធ្វើដំណើររបស់ខ្លួន មុនពេលមកដល់ ៣ថ្ងៃ។ 
 
ចំណែកនៅទីក្រុងអ៊ីលីន ក្នុងតំបន់ស្វយ័តគ័ងស៊ីជ័ងវិញ នៅថ្ងៃទី១៥ ខែមករា បានជូនដំណឹងថា ប្រជាជនដែលចូលមកក្នុងខេត្ត ត្រូវតែបំពេញបែបបទតាមប្រព័ន្ធអនឡាញក្នុងនោះមានដូចជា ឯកសារសុខភាព និងប្រវត្តនៃការធ្វើដំណើរ មុនមួយថ្ងៃ។
 
ក្រៅពីក្រុងខាងលើ រដ្ឋាភិបាលតំបន់ជាច្រើន បានជំរុញឱ្យប្រជាជនខ្លួន កុំចាកចេញពីទីក្រុង ប្រសិនបើមិនមានការចាំបាច់ ក្នុងពេលឈប់សម្រាក ខណៈពេលជើងហោះហើរអន្តរជាតិ និងក្នុងស្រុក ត្រូវបានផ្អាក។ ចំណាត់ការទាំងនេះ មិនមែនត្រឹមតែឈប់ស្កាត់ការហក់ឡើងនៃជំងឺកូវីដ-១៩ ក្នុងពេលចូលឆ្នាំចិន និងបន្ទាប់ពីចូលឆ្នាំចិនឡើយ ប៉ុន្តែចិនក៏បង្ការករណីឆ្លង ក្នុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាផងដែរ។ 
 
បើទោះប្រជាជនចិនជាច្រើនលាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ២ដូសក៏ដោយ ប៉ុន្តែចិននៅតែអនុវត្តគោលនយោបាយមិនលើកលែងចំពោះជំងឺឆ្លង និងចាត់វិធានការតឹងរ៉ឹងជាច្រើននៅក្នុងប្រទេស។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ចិនមានករណីឆ្លងជំងឺកូវីដ-១៩ ជាង ១០ម៉ឺនករណី និងអ្នកស្លាប់សរុបមានចំនួន ៤៦៣៦នាក់៕ 
 

Tag:
 កូវីដ-១៩
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com