អន្តរជាតិ
«នូសានតារា» ដែលមានន័យថាប្រជុំកោះ ជាឈ្មោះរដ្ឋធានីឥណ្ឌូណេស៊ីថ្មីពេលរើពីហ្សាការតា
18, Jan 2022 , 9:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
រដ្ឋធានីថ្មីឥណ្ឌូណេស៊ី ដែលគ្រោងរៀបចំនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត នឹងត្រូវដាក់ឈ្មោះ នូសានតារា (Nusantara)  ដែលមានន័យថា ប្រជុំកោះ នៅក្នុងភាសាឥណ្ឌូណេស៊ី។ លោក Suharso Monoarfa រដ្ឋមន្រ្តីផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៧ ខែមករា។

 
នៅក្នុងឆ្នាំ២០១៩ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រកាសប្តូររដ្ឋធានីពីហ្សាការតា ទៅនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត។ គម្រោងរៀបចំរដ្ឋធានីថ្មីនេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួន ៣២ពាន់លានដុល្លារ ដោយត្រូវចាប់ផ្តើមនៅឆ្នាំ២០២០។ ប៉ុន្តែជំងឺឆ្លងសកល បានធ្វើឱ្យគម្រោងស្ថាបនារដ្ឋធានីថ្មីនេះ ត្រូវផ្អាកសិន។ 
 
ពាក់ព័ន្ធនឹងរដ្ឋធានីថ្មី រដ្ឋមន្រ្តីផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី លោក Suharso Monoarfa បានបញ្ជាក់ថា ទីក្រុងថ្មីនោះ នឹងត្រូវដាក់ឈ្មោះ «នូសានតារា» ដែលមានន័យថា ប្រជុំកោះតាមភាសាឥណ្ឌូណេស៊ី។ 
 
«ខ្ញុំទើបតែបានទទួលការបញ្ជាក់ និងបញ្ជាដោយផ្ទាល់ពីលោកប្រធានាធិបតី នៅថ្ងៃទី១៤ ខែមករា»។ លោករដ្ឋមន្រ្តីផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះក្នុងអំឡុងកិច្ចប្រជុំជាមួយគណៈកម្មាធិការពិសេសសម្រាប់ការស្ថាបនារដ្ឋធានីថ្មី។ 
 
ក្នុងជំនួបដដែលនោះ លោក Monoarfa បានការពារថា ហេតុផលក្នុងការដាក់ឈ្មោះរដ្ឋធានីថ្មីជា នូសានតារា គឺដោយសារឈ្មោះនេះ ត្រូវបានស្គាល់ជាយូរមកហើយ ដោយឈ្មោះមួយនេះ តំណាងជាអន្តរជាតិ, សាមញ្ញ និងបញ្ជាក់ពីឥណ្ឌូណេស៊ី ជាប្រទេសដែនកោះ។ យ៉ាងណាមិញ សមាជិកនៃគណៈកម្មាធិការពិសេសសម្រាប់ការស្ថាបនារដ្ឋធានីថ្មី បានយល់ឃើញថា ឈ្មោះ នូសានតារា អាចនឹងច្រឡំ ដោយសារពាក្យមួយនេះ ត្រូវបានប្រើ ដើម្បីរៀបរាប់ពីឥណ្ឌូណេស៊ី។ សមាជិកផ្សេងទៀត បានស្នើឱ្យចាត់ទុករដ្ឋធានីថ្មីនោះ ជាតំបន់រដ្ឋបាលពិសេសនូសានតារា ដើម្បីបញ្ចៀសការច្រឡំ។ 
 
លោករដ្ឋមន្រ្តីផែនការ បានបង្ហើបឱ្យដឹងថា កន្លងមក ក្រុមរបស់លោក បានពិភាក្សាជាមួយភាសាវិទូ និងអ្នកប្រវត្តិសាស្រ្ត ហើយបានដាក់សំណើឈ្មោះរដ្ឋធានីរហូតដល់ទៅ៨០ឯណោះ ទៅលោកប្រធានាធិបតី ដែលត្រូវបានមនុស្សមួយចំនួនស្គាល់ថា ចូកូវី។ សំណើឈ្មោះទាំងនោះរួមមាន នេហ្ការ៉ា ចាយ៉ា (ប្រទេសដ៏រុងរឿង), នូសានតារា ចាយ៉ា (ដែនកោះដ៏រុងរឿង) និងនូសាកាយ៉ា (ការបង្កើនដែនដីកំណើត)។ 
 
មូលហេតុដែលឥណ្ឌូណេស៊ី ចង់ផ្លាស់ប្តូររដ្ឋធានីពីហ្សាការតា ទៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត គឺដោយសារចំនួនប្រជាជនណែនណាន់ខ្នាន់ខ្នាប់នៅក្នុងទីក្រុង ដែលបង្កឱ្យមានបញ្ហាស្ទះចរាចរណ៍ ការបំពុលខ្យល់ក្នុងក្រុង និងបញ្ហាទឹកជំនន់ក្នុងក្រុង។ បើតាមការបញ្ជាក់របស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ការប្តូរទីក្រុងនេះ នឹងជួយកាត់បន្ថយវិសមភាពប្រជាជន និងសម្រួលបន្ទុកក្នុងក្រុងហ្សាការតា។ រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងប្តូរការិយាល័យខ្លួន មករដ្ឋធានីថ្មីនៅក្នុងឆ្នាំ ២០២៤ ខាងមុខ៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com