អន្តរជាតិ
ពាណិជ្ជកម្មតាមរថភ្លើងរវាងចិន និងកូរ៉េខាងជើង ដំណើរការឡើងវិញ បន្ទាប់ពីផ្អាកជាង ២ឆ្នាំ
18, Jan 2022 , 10:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ព្រំដែនកូរ៉េខាងជើង-ចិន បានបើកឡើងវិញសម្រាប់ពាណិជ្ជកម្មតាមរថភ្លើង បន្ទាប់ពីផ្អាកដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពី២ឆ្នាំមុន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក  Zhao Lijian បានបញ្ជាក់បែបនេះ។

 
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ មក កូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួនទាំងអស់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈប្រព័ន្ធសុខាភិបាលខ្លួន មានភាពទន់ខ្សោយ។ បន្ទាប់ពីបិទព្រំដែនជាង ២ឆ្នាំ រថភ្លើងដឹកទំនិញរបស់កូរ៉េខាងជើង បានមកដល់ក្រុង Dandong ជាលើកដំបូង។ 
 
«ដោយសារផលប៉ះពាល់ជំងឺឆ្លងសកល ដំណើរការរថភ្លើងចិន និងកូរ៉េខាងជើង បានផ្អាករយៈពេលយូរ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា ពេលនេះ រថភ្លើងដឹកទំនិញរវាងចិន និងកូរ៉េខាងជើង បានចាប់ផ្តើមប្រតិបត្តិការឡើងវិញ។ ប៉ុន្តែពាណិជ្ជកម្មឆ្លងព្រំដែនមួយនេះ នឹងប្រព្រឹត្តឡើងដោយផ្អែកលើវិធានការទប់ស្កាត់ជំងឺឆ្លង។ 
 
ចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងជើង ដោយទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានចំនួន ៧៦០លានដុល្លារ ក្នុងឆ្នាំ២០២០។ កូរ៉េខាងជើង មានការិយាល័យគយ នៅក្នុង Dandong។ ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ កូរ៉េខាងជើង មិនទាន់រាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនៅឡើយទេ៕ 
 

Tag:
 ចិន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com