អន្តរជាតិ
ប្រធានាធិបតីចិន៖ ការប្រឈមមុខរបស់មហាអំណាច មានតែផលវិបាកធ្ងន់ធ្ងរប៉ុណ្ណោះ
18, Jan 2022 , 3:10 pm        
រូបភាព
ប្រធានាធិបតីចិន លោកស៊ី ជិនភីង ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ នៅវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងថ្ងៃទី១៧ ខែមករា។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោកស៊ី ជិនភីង ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ នៅវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងថ្ងៃទី១៧ ខែមករា។ រូបភាព៖ Xinhua
ការប្រឈមមុខរបស់ប្រទេសមហាអំណាច បង្កឱ្យមានតែផលវិបាកធ្ងន់ធ្ងរ និងមិនអាចដោះស្រាយបញ្ហាបានឡើយ។ ប្រធានាធិបតីចិន ស៊ី ជិនភីង បានថ្លែងបែបនេះ នៅថ្ងៃទី១៧ ខែមករា។ ថ្លែងពីទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ លោក ស៊ី ក៏បានព្រមានពីការអនុវត្តអនុត្តរភាព និងការសម្លុតពីសំណាក់ប្រទេសមួយចំនួនដែលធ្វើឱ្យស្ថានការណ៍ពិភពលោក កាន់តែអាក្រក់។

 
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលរៀបចំនៅទីក្រុង Davos នៅតែបន្តធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារតែបញ្ហាជំងឺឆ្លងសកល។ នេះជាឆ្នាំទីពីរហើយ ដែលវេទិកាសេដ្ឋកិច្ចពិភពលោក ត្រូវប្រារព្ធឡើងតាមប្រព័ន្ធវីដេអូ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបន្តរាលដាលលើពិភពលោក។ ក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ប្រធានាធិបតីចិន ស៊ី ជិនភីង បានជំរុញឱ្យបោះចោលគំនិតបែបសង្រ្គាមត្រជាក់, ស្វែងរកការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងលទ្ធផលឈ្នះ-ឈ្នះ។ 
 
«ប្រវត្តិសាស្រ្ត បានបង្ហាញពីពេលវេលា និងបញ្ជាក់ម្តងទៀតថា ការប្រឈមមុខមិនអាចដោះស្រាយបញ្ហាបានឡើយ វាមានតែបង្កើតផលវិបាកធ្ងន់ធ្ងរប៉ុណ្ណោះ»។ លោកស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា​ ពិភពលោកបច្ចុប្បន្ន បានចាកឆ្ងាយពីភាពស្ងៀមស្ងាត់ និងពោរពេញទៅដោយសេចក្តីស្អប់ និងគំនិតលម្អៀងទៅវិញ។ 
 
ក្នុងវេទិកាដដែល មេដឹកនាំចិនរូបនេះ បានបន្តថា ការគាំពារនិយម និងឯកតោនិយម មិនអាចការពារប្រទេសណាបានឡើយ ហើយមានតែធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសដទៃ ក៏ដូចជាផលប្រយោជន៍ផ្ទាល់ខ្លួន។ បើតាមលោក ស៊ី វាកាន់តែអាក្រក់ថែមទៀត នៅពេលមានការអនុវត្តអនុត្តរភាព និងការសម្លុតប្រទេសដទៃ។ 
 
ដោយមិននិយាយចំឈ្មោះប្រទេសណា ប្រមុខរដ្ឋចិន ព្រមានថា ប្រទេសមួយក្រុមតូច កំពុងធ្វើឱ្យពិភពលោកមានការបែងចែក, គិតគូរពីបញ្ហាសន្តិសុខជាតិជ្រុលពេក ដែលធ្វើឱ្យបច្ចេកវិទ្យា និងសេដ្ឋកិច្ចដើរថយក្រោយ, យកសេដ្ឋកិច្ច, វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ធ្វើជាអាវុធ។ បញ្ហានេះ បានបំផ្លាញកិច្ចខិតខំអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមរួម។ 
 
ក្នុងន័យនេះ លោកស៊ី បានជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយសន្តិភាព, កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រួមទាំងគោរពគ្នាទៅវិញទៅមក និងស្វែងរកមូលដ្ឋានរួមគ្នា ដោយទុកភាពខុសគ្នានៅដោយឡែក។ មិនតែប៉ុណ្ណោះ មេដឹកនាំចិន អំពាវនាវឱ្យរួមគ្នាការពារសណ្តាប់ធ្នាប់អន្តរជាតិ គាំទ្រតម្លៃមនុស្សជាតិ និងកសាងសហគមន៍រួមគ្នាផងដែរ៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com