COVID-19
អន្តរជាតិ
ថៃ នឹងពិចារណាលើកលែងការធ្វើចត្តាឡីស័កវិញ ដើម្បីជួយវិស័យទេសចរណ៍ឡើងវិញ
18, Jan 2022 , 8:29 pm        
រូបភាព
អាកាសយានដ្ឋានសុវណ្ណភូមិ នៅទីក្រុងបាងកក។ រូបភាព៖ Xinhua
អាកាសយានដ្ឋានសុវណ្ណភូមិ នៅទីក្រុងបាងកក។ រូបភាព៖ Xinhua
ការផ្អាកការអនុវត្តវិធានចត្តាឡីស័ក និងការបើកប្រទេសឡើងវិញ នឹងលើកយកទៅពិចារណា ក្នុងកិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) ដែលមានលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចាជាប្រធាន នៅក្នុងថ្ងៃទី២០ ខែមករា។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Thanakorn Wangboonkongchana បានបញ្ជាក់បែបនេះ។

 
ថៃ ចាប់ពីខែវិច្ឆិកា បានចាប់ផ្តើមអនុវត្តគោលនយោបាយ «Test and Go» ដែលអនុញ្ញាតឱ្យអ្នកដំណើរមកដល់ថៃចូលក្នុងប្រទេស ដោយមិនតម្រូវឱ្យចត្តាឡីស័ក។ ប៉ុន្តែគោលនយោបាយមួយនេះ ត្រូវបាន ផ្អាកវិញ ដោយសារថៃបារម្ភពីការរីកសាយនៃវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ឆ្លងចូលទៅក្នុងសហគមន៍។  
 
ដោយពិនិត្យឃើញថាវីរុសអូមីក្រុង មិនបានបង្កអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ និងមានការអំពាវនាវឱ្យបើកប្រទេសឡើងវិញ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នឹងពិចារណាបើកប្រទេសឡើងវិញ នៅថ្ងៃទី២០ ខែមករា។ បើតាមលោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាល មជ្ឈមណ្ឌល CCSA នឹងរៀបចំកិច្ចប្រជុំ ដើម្បីវាយតម្លៃឡើងវិញពីស្ថានភាពវីរុសអូមីក្រុងនៅក្នុងប្រទេស រួមទាំងកែសម្រួលវិធានការមួយចំនួន។ 
 
ទន្ទឹមនេះ ក្រសួងសុខាភិបាលថៃ នឹងស្នើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ កែប្រែតំបន់គ្រប់គ្រងជំងឺកូវីដ-១៩ ដោយផ្អែកទៅតាមស្ថានភាពបច្ចុប្បន្ន ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនដែរ។ 
 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul បានថ្លែងថា ប្រសិនបើ CCSA អនុម័តឱ្យបើកប្រទេសឡើងវិញ កម្មវិធី «Test and Go» អាចចាប់ផ្តើមអនុវត្តត្រឹមថ្ងៃទី១ ខែកុម្ភៈ ខាងមុខ។ ក្រោមកម្មវិធីនេះ អ្នកដំណើរដែលមានលទ្ធផលអវិជ្ជមានពេលទៅដល់ថៃ មិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។
 
អាជ្ញាធរថៃ នៅថ្ងៃទី១៨ ខែមករា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៣៩៧ករណី និងអ្នកស្លាប់ចំនួន ១៨នាក់។ ករណីឆ្លងជំងឺកូវីដ-១៩ របស់ថៃសរុបមានចំនួន ២,៣លានករណី និងអ្នកស្លាប់មានចំនួនជាង ២ម៉ឺននាក់។ ស្របគ្នានេះ ថៃបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង ១១០លានដូសដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន ៤៧លាននាក់បានទទួលវ៉ាក់សាំងចំនួន ២ដូស, ១០លាននាក់ បានចាក់ ៣ដូស និងជាង ៦៤ម៉ឺននាក់ បានចាក់វ៉ាក់សាំងចំនួន ៤ដូស៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com