អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ៖ បញ្ហាមីយ៉ាន់ម៉ា ស្មុគស្មាញ ហើយត្រូវសាងទំនុកចិត្តជាមួយមេដឹកនាំមីយ៉ាន់ម៉ា
19, Jan 2022 , 11:57 am        
រូបភាព
លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា ជជែកជាមួយលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ
លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា ជជែកជាមួយលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ
លោកប្រាយុទ្ធ ចន្ទអូចា ប្រមុខរដ្ឋាភិបាលថៃ បានលើកឡើងថា បញ្ហារបស់មីយ៉ាន់ម៉ា គឺស្មុគស្មាញ ហើយស្ថានភាពនៅក្នុងប្រទេសមួយនេះ គួរតែលើកយកមកពិភាក្សាជាមួយការយោគយល់ និងកសាងទំនុកចិត្តជាមួយមេដឹកនាំមីយ៉ាន់ម៉ា។ ការអះអាងរបស់លោកនាយករដ្ឋមន្រ្តីបែបនេះ ធ្វើឡើងស្របពេលយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច​ តែងប៉ះទង្គិចគ្នា និងមានប្រជាជនចំណាកស្រុកជាច្រើននាក់។

 
ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា អ្នកស្រី Noeleen Heyzer នៅថ្ងៃទី១៧ ខែមករា បានជួបជាមួយលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ដើម្បីពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ា ជាពិសេសបញ្ហាជនភៀសខ្លួនមីយ៉ាន់ម៉ាចូលមកថៃ។ ការប៉ះទង្គិចរវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមតំបន់ក្បែរព្រំដែន បានធ្វើឱ្យប្រជាជនស៊ីវិលមីយ៉ាន់ម៉ាស្លាប់, របួស និងធ្វើចំណាកស្រុក ឬរត់ចូលព្រៃ ដើម្បីរកកន្លែងសុវត្ថិភាព។ 
 
ក្នុងជំនួបជួបផ្ទាល់នេះ លោក ប្រាយុទ្ធ បានលើកឡើងថា បញ្ហានៅមីយ៉ាន់ម៉ា គឺមានភាពស្មុគស្មាញ និងគួរតែពិភាក្សាជាមួយមេដឹកនាំមីយ៉ាន់ម៉ា។ 
 
«បញ្ហាមីយ៉ាន់ម៉ា គឺស្មុគស្មាញ និងស្ថានការណ៍ក្នុងប្រទេសមួយនេះ គួរតែលើកយកទៅពិភាក្សាដោយយោគយល់ និងតាមរយៈការកសាងទំនុកចិត្តជាមួយមេដឹកនាំមីយ៉ាន់ម៉ា»។ លោកប្រាយុទ្ធ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ថៃបានរៀបចំតំបន់មនុស្សធម៌រួចហើយ ខណៈជនភៀសខ្លួនអាចត្រលប់ទៅប្រទេសខ្លួនវិញ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តប៉ុណ្ណោះ។ 
 
ទន្ទឹមនេះ ប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ បានយល់ឃើញថា ប្រមុខរដ្ឋាភិបាលថៃ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់វិបត្តិនៅមីយ៉ាន់ម៉ា ដែលតែងមានការប៉ះទង្គិចនៅតំបន់ក្បែរព្រំដែន។ ចាប់តាំងពីរដ្ឋប្រហារយោធាមក ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានក្រោកប៉ះបោរប្រឆាំងយោធាមីយ៉ាន់ម៉ាឡើងវិញ បើទោះមុនរដ្ឋប្រហារ ភាគីទាំងនោះបានឯកភាពអនុវត្តបទឈប់បាញ់ជាមួយគ្នាក៏ដោយ។ កន្លងទៅ មេដឹកនាំយោធា បានប្រកាសអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២។ 
 
មុនជំនួបជាមួយលោក ប្រាយុទ្ធ ពេលនេះ អ្នកស្រី Heyzer ក៏បានជួបជាមួយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានផ្លាស់វេនអាស៊ានដែរ ដោយក្នុងការជួបគ្នាតាមប្រព័ន្ធវីដេអូនោះ ប្រេសិតUN រូបនេះ បានបញ្ជាក់ថា ខ្លួនមានឆន្ទះ ក្នុងការសហការជាមួយកម្ពុជា ក្នុងការដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។ អ្នកស្រីបានសាទរចំពោះចំណាត់ការរបស់សម្តេច ហ៊ុន សែន ក្នុងពេលទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ 
 
សូមបញ្ជាក់ថា បណ្តាប្រទេសអាស៊ានមួយចំនួនដូចជាឥណ្ឌូណេស៊ី និងសិង្ហបុរី នៅតែបន្តបដិសេធវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំអាស៊ាន បើមិនទាន់មានដំណើរការអនុវត្តការឯកភាពទាំង ៥ចំណុច ដែលដាក់ចេញកាលពីខែមេសា៕
 

Tag:
 ថៃ
  UN
© រក្សាសិទ្ធិដោយ thmeythmey.com