ជាតិ
សង្គមជាតិ
៣ថ្ងៃ អ្នកជំនាញរកឃើញទំនិញខូចគុណភាព ជាង១១០គីឡូក្រាមនៅភ្នំពេញ
29, Jan 2022 , 2:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ទំនិញខូចគុណភាព និងគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ១១៧, ៨៤ គីឡូក្រាម ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ពីថ្ងៃទី ២៦ ដល់២៨ មករា។ លោក ឌឹម ថេង អគ្គនាយករងនៃនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក ប ប) បានប្រាប់ឱ្យអាជីវករ  ប្រុងប្រយ័ត្នចំពោះការលក់ទំនិញ ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានស្លាកសញ្ញាបញ្ជាក់។



អាជ្ញាធរបានរឹបអូសមឹកចំនួន ៦៨គីឡូក្រាម នៅបណ្ដោយផ្លូវត្រឡោកបែក ក្រោយរកឃើញមានសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ។ ចំណែកទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១,៩៥គីឡូក្រាម ក៏ត្រូវបាន មន្ត្រីនៃនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក ប ប) រកឃើញនៅរាជធានីភ្នំពេញដែរ។ ដោយឡែកទំនិញខូចគុណភាពចំនួន ៧,៨៩គីឡូក្រាមទៀត ត្រូវបានមន្ត្រីជំនាញរកឃើញ នៅផ្សារទំនើបរតនាផ្លាហ្សារ នៅថ្ងៃទី២៨ មករា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ ក .ប. ប។

 
 រូបភាពពីទំព័រហ្វេសប៊ុក ក ប  ប
បន្ទាប់ពីរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាពជាបន្តបន្ទាប់ លោក ឌឹម ថេង អគ្គនាយករងនៃនាយកដ្ឋាន ក. ប.ប បានអំពាវនាវឱ្យអាជីវករ កុំលក់ទំនិញដែលគ្មានប្រភពច្បាស់លាស់។ 
 
« អ្នកទិញអាហារមកបរិភោគត្រូវចេះមើលកាលបរិច្ឆេទនៃការផុតកំណត់។ ចំណែកអ្នកលក់ត្រូវដឹងពីប្រភពទំនិញឱ្យបានច្បាស់លាស់ ។ កាលណាគ្មានប្រភព ហើយទំនិញគ្មានស្លាកសញ្ញាច្បាស់លាស់ យើង(កបប)មិនអនុញ្ញាតឱ្យលក់ទេ។ ចំណែកការវេចខ្ចប់ជាកាដូរ ពេលខ្លះមានដាក់ទំនិញខូចគុណភាពចូល យើងក៏ពិនិត្យដែរ »។ នេះជាការបញ្ជាក់របស់ លោក ឌឹម ថេង ដោយបន្តថា អ្នកលក់គ្រឿងសមុទ្រ កុំប្រើសារធាតុគីមីរក្សាទុកហួសកម្រិត ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដូចជា ការប្រតិកម្មសុខភាព និង សុខភាពផ្លូវដង្ហើម។ 

 
 រូបភាពពីទំព័រហ្វេសប៊ុក ក ប  ប

លោក ឌឹម ថេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវយកអាល់កុលគ្មានប្រភពច្បាស់លាស់មកលាយស្រាទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ៕
 

Tag:
 រាជធានីភ្នំពេញ
  កបប
© រក្សាសិទ្ធិដោយ thmeythmey.com