ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ទូលព្រះមហាក្សត្រ៖ លោក ហ៊ុន ម៉ាណែត ជាអ្នកបន្ទាប់
31, Jan 2022 , 10:29 am        
រូបភាព
សម្តេច ហ៊ុន សែន និង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ រូបពីទទក
សម្តេច ហ៊ុន សែន និង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ រូបពីទទក
ការដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាំតែលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង ហើយក៏ជាអនាគតអ្នកស្នងតំណែង ចូលគាល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី បានក្លាយជាប្រធានបទមួយ ដែលសារព័ត៌មានខ្លះ និងអ្នកតាមដានស្ថានការណ៍នយោបាយ យកទៅវិភាគបែបនេះបែបនោះ។ ការវិភាគរឿង ដែលមិនគួរវិភាគនេះ បានជំរុញឲ្យសម្តេច ហ៊ុន សែន ចេញមកបំភ្លឺ ជាមួយនឹងអាការៈហួសចិត្ត។



ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសមួយបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បកស្រាយថា ក្នុងអំឡុងផ្ទុះជំងឺកូវីដ-១៩ លោក ហ៊ុន ម៉ាណែត បានខិតខំយ៉ាងខ្លាំង ក្នុងការការពារព្រះបរមរាជវាំង ដើម្បីចៀសផុតពីជំងឺរាតត្បាតមួយនេះ។ នេះជាមូលហេតុចម្បងមួយ ដែលសម្តេចនាយករដ្ឋមន្រ្តី ក្នុងនាមជាឪពុក ត្រូវនាំកូនទៅចូលគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដើម្បីទូលថ្វាយព្រះអង្គទាំងទ្វេអំពីការប្រឹងប្រែងរបស់កូន។

ដោយមិនលាក់លៀម ប្រមុខរដ្ឋាភិបាល ក៏បានលាតត្រដាងផងដែរ អំពីការទូលថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ចំពោះករណីលោក ហ៊ុន ម៉ាណែត ដែលនឹងត្រូវស្នងតំណែងនាយករដ្ឋមន្រ្តី។ មេដឹកនាំកម្ពុជា ដែលកាន់តំណែងនាយករដ្ឋមន្រ្តីជិត៤០ឆ្នាំមកហើយនោះ បានមានប្រសាសន៍ដូច្នេះថា៖«ខ្ញុំ និយាយឲ្យត្រង់ទៅ ក៏ដើម្បីបញ្ជាក់ថ្វាយព្រះអង្គដែរថា ថ្ងៃក្រោយ ទូលបង្គំដកខ្លួនហើយ គឺឲ្យកូនបន្តទៅ។ គ្រាន់តែប៉ុណ្ណឹង គេ យកទៅវិភាគ»។


សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

សម្តេច លើកឡើងថា ការដែលនាយករដ្ឋមន្រ្តី ចូលគាល់ព្រះមហាក្សត្រ គឺជារឿងធម្មតាក្នុងទំនាក់ទំនងរវាងព្រះមហាក្សត្រ និងនាយករដ្ឋមន្រ្តី។ សម្តេច បន្តថា ព្រះអង្គ មិនមែនព្រះរាជានុញ្ញាតតែនាយករដ្ឋមន្រ្តីទេ ប្រជានុរាស្រ្ត ដែលចង់ចូលគាល់ព្រះអង្គ ក៏ទ្រង់ព្រះរាជានុញ្ញាតដែរ។

សម្តេច ហ៊ុន សែន និយាយសំដៅទៅកាន់សារព័ត៌មាន និងអ្នកវិភាគពីរឿងសម្តេចចូលគាល់ព្រះរាជាជាមួយលោក ហ៊ុន ម៉ាណែត ថា៖«ម៉េចបានគេ យកទៅវិភាគ? វា ដូចជាជ្រុលពេកទេដឹង? ប្រហែលជាអត់ការធ្វើក៏អី? និយាយរួម អត់មានការងារធ្វើមែនក្រុមនេះ»។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បាននាំលោក ហ៊ុន ម៉ាណែត ចូលព្រះបរមរាជវាំងតែពីរនាក់ ដើម្បីគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី។ សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ក៏ស្ថិតក្នុងពិធីចូលគាល់នោះដែរ។

លោក ហ៊ុន ម៉ាណែត ដែលរៀនចប់ពីបណ្ឌិត្យសភាយោធាអាម៉េរិក West Point ត្រូវបានជ្រើសតាំងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីចុងឆ្នាំ២០២១ តាមរយៈការលើកដៃ។ ក្នុងជួរគណបក្ស លោក ជាសមាជិកមួយរូបនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលជាស្ថាប័នកំពូលរបស់គណបក្សកាន់អំណាចមួយនេះ។ ក្នុងជួរកងទ័ពវិញ លោក ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលពាក់ផ្កាយ៣ (ឧត្តមសេនីយ៍ឯក)។

យ៉ាងណាក៏ដោយចុះ លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្ន មានវ័យ៤៤ឆ្នាំ នឹងឡើងឈរជាបេក្ខជននាយករដ្ឋមន្រ្តីពីគណបក្សប្រជាជនកម្ពុជា នៅពេលណានោះ មិនទាន់ដឹងជាក់លាក់នៅឡើយទេ ដ្បិតសម្តេច ហ៊ុន សែន បានប្រើពាក្យថា សម្តេច នឹងកាន់តំណែងនាយករដ្ឋមន្រ្តីនេះ រហូតដល់អស់ចិត្ត៕

Tag:
 ហ៊ុន សែន
  ហ៊ុន ម៉ាណែត
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com