ជាតិ
សង្គមជាតិ
ចាប់វៀតណាម៦នាក់ ដែលបង្ខាំងស្រ្តីវៀតណាមគ្នាឯង៣នាក់ ដើម្បីជំរិតយកប្រាក់
02, Feb 2022 , 10:36 am        
រូបភាព
ស្រ្តីជនជាតិវៀតណាម៣នាក់ ដែលត្រូវចាប់បង្ខាំងនៅភ្នំពេញ (រូបពីអគ្គស្នងការដ្ឋានគរបាលជាតិ)
ស្រ្តីជនជាតិវៀតណាម៣នាក់ ដែលត្រូវចាប់បង្ខាំងនៅភ្នំពេញ (រូបពីអគ្គស្នងការដ្ឋានគរបាលជាតិ)
កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានចាប់ជនល្មើសជាជនជាតិវៀតណាម៦នាក់ (ស្រ្តីម្នាក់) ដែលបានបង្ខាំងស្រ្តីជនជាតិវៀតណាមដូចគ្នា៣នាក់ ជាមួយនឹងការធ្វើទារុណកម្មលើពួកគេ ដើម្បីជំរិតទារប្រាក់។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។



កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ជនល្មើសទាំង៦នាក់នោះ បានបើករថយន្តរត់គេចពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយត្រូវកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចាប់បាន។ សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់រថយន្តពួកគេ ដោយសារពួកគេ បើកលឿនជ្រុល និងបុករបាំងត្រួតពិនិត្យលើដងផ្លូវ។ ក្នុងរថយន្តនោះ សមត្ថកិច្ច រកឃើញកាំភ្លើងហ្គាស២ដើម ខ្នោះដៃ១១គូ ដំបងឆក់២ដើម និង ពិលឆក់៣ដើម។ បន្ទាប់ពីសាកសាករួច ទើបសមត្ថកិច្ច ដឹងថា ពួកគេទាំង៦នាក់ ជាជនល្មើស ដែលធ្វើសកម្មភាពបង្ខាំងស្រ្តីជនជាតិវៀតណាម៣នាក់ នៅរាជធានីភ្នំពេញ ដើម្បីជំរិតទារប្រាក់៣,៥ម៉ឺនដុល្លារ។

ជនល្មើសជាបុរសទាំង៥នាក់ គឺ ឈ្មោះ NguYen Cong Danh អាយុ២៦ឆ្នាំ, ឈ្មោះ Pham Van Thiy អាយុ២២ឆ្នាំ, ឈ្មោះ Ngo Tri Ha អាយុ៣១ឆ្នាំ, ឈ្មោះ Teunh Van Quy អាយុ២៩ឆ្នាំ, ឈ្មោះ Le Van Chien អាយុ២៣ឆ្នាំ, និង ជនល្មើសជាស្រ្តី គឺ ឈ្មោះ Lam Thi Da Ni អាយុ២៦ឆ្នាំ។ អគ្គស្នងការដ្ឋានគរបាលជាតិ អះអាងថា បច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវតាមនីតិវិធីជំនាញ៕

Tag:
 វៀតណាម
  បង្ខាំង
  ជំរិតទារប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com