ជាតិ
លោក ញាណ ភឿន៖ អ្នក​ច្រៀងកាត់សក់មិន​ត្រូវ​លេងសើចជ្រុល រហូតដល់​ប្រាសចាកប្រពៃណី​នោះឡើយ
04, Feb 2022 , 7:59 am        
រូបភាព
លោក ញាណ ភឿន រដ្ឋលេខាធិការក្រសួងធម្មការនិង_សាសនា (រូប_ផ្ដល់_ឱ្យ) និងរូបក្នុងរង្វង់បង្ហាញពីស្ត្រីដែលឡើងអង្គុយលើភ្លៅអ្នកកំដរ
លោក ញាណ ភឿន រដ្ឋលេខាធិការក្រសួងធម្មការនិង_សាសនា (រូប_ផ្ដល់_ឱ្យ) និងរូបក្នុងរង្វង់បង្ហាញពីស្ត្រីដែលឡើងអង្គុយលើភ្លៅអ្នកកំដរ
ភ្នំពេញ៖ លោក ញាណ ភឿន រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​ និង​សាសនា បាន​សង្កត់​ធ្ងន់​ថា ការ​ដែល​អ្នក​ចម្រៀង​ស្រី ទៅ​អង្គុយ​លើ​ភ្លៅរបស់​​មនុស្ស​ប្រុស​ ដែលជា​​អ្នក​កំដរ​​ ក្នុង​កិច្ច​ពិធី​កាត់​សក់​ នៃ​​ពិធី​មង្គល​ការ​មួយ​​ កាល​ពី​ពេល​កន្លង​ទៅ​ បាន​បង្ហាញ​លក្ខណៈ​មិន​សម​ជា​ស្ត្រីខ្មែរ​ថ្លៃ​ថ្នូរ​ឡើយ​។

 
កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ គណនី​​ហ្វេស​ប៊ុក​មួយ​ បាន​បង្ហោះ​​វីដេអូ​ខ្លី​បង្ហាញ​ពី​អ្នក​​ចម្រៀងស្រីម្នាក់​ ​ដែលជា​អ្នក​ច្រៀង​​កាត់​សក់ ក្នុង​ពិធី​​មង្គល​ការ​មួយ បាន​ទៅ​អង្គុយ​លើ​ភ្លៅ​អ្នក​កំដរ​ខាង​កូន​ប្រុស​។​ នារី​អ្នក​ចម្រៀង​កាត់​សក់​នោះ មាន​វ័យ​ប្រហែល​ស្របាលគ្នា​​នឹង​អ្នក​កំដរផង​​ដែរ​។ 
  
នារី​អ្នក​ចម្រៀង​​បាន​ទៅអង្គុយ​​លើ​ភ្លៅ​បុរស​ជា​អ្នក​កំដរ​ម្នាក់​ ហើយ​ជើង​របស់​នាង​ទាំង​ពី​រ បាន​ដាក់​លើ​ភ្លៅ​របស់​បុរស​ជា​អ្នក​កំដរមួយ​​​រូប​ទៀត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នារី​និង​បុរស​ ដែល​ជា​អ្នក​ចម្រៀងកាត់​សក់​ទាំង​ពីរនាក់​នោះ​ ថែម​ទាំង​បង្គាប់​ឱ្យ​អ្នក​កំដរ​ប្រុស​​​ ប៉ះ​ពាល់​សាច់​ផ្នែក​ជើង​ និង​ចង្កេះ​​របស់​នាងអ្នក​ចម្រៀង​​​ថែម​ទៀត​ផង​។ បន្ថែម​ពី​នោះ នាង​ជា​អ្នក​ចម្រៀង​កាត់​សក់​ ក៏​បាន​បង្ហាញ​កាយ​វិកាមិន​សម​រម្យ​​​ មួយ​ចំនួន​​ទៀត​ផង​ដែរ​។
 
លោក ញាណ​ ភឿន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​ និង​សាសនា បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ទង្វើ​ខាង​លើ​ បាន​បង្ហាញ​លក្ខណៈ​​មិន​សម​ជា​ស្ត្រី​ខ្មែរ​ថ្លៃ​ថ្នូ​រ​សោះ​ឡើយ​។ អ្នក​ជំនាញ​​ ខាងទំនៀម​​ប្រពៃណី​រូប​នេះ បន្ថែម​​ថា កន្លង​មក​លោកក៏​​ធ្លាប់​បា​​ន​ធ្វើ​ជា​អាចារ្យ ក្នុង​ពិធី​មង្គល​ការ​ ដែល​មាន​ការ​ប្រព្រឹត្ត​មិន​សម​រម្យ​​ស្រដៀង​​​នេះ​ដែរ​​។  លោក​​អះ​អាង​ថា លោក​ធ្លាប់​បាន​ផ្ដល់​យោបល់​កែលម្អ​ ទៅ​ក្រុម​ទាំង​នោះ​ដែរ ប៉ុន្តែ​ពួក​គេបាន​​ប្រើ​ទឹក​មុខ​មិន​ពេញ​ចិត្ត​។ បន្ថែម​លើ​នោះ​ ពួក​គេ​ថែម​ទាំង​​ពោល​ពាក្យ​ថា ​នេះ​គឺ​ជា​វិធី​សាស្ត្រទាក់​ទាញ​ចិត្ត​អ្នក​ទស្សនា​ ដើម្បី​ការ​​ធ្វើ​ជំនួញ​ជា​ដើម​។
 
«​ខ្ញុំ​​បាន​ឃើញ​​ច្រើន​ដងហើយ​ ពេល​ខ្លះខ្ញុំ​​បាន​ជួយ​ប្រាប់​ និង​កែលម្អដែរ​ ប៉ុន្តែ​ភាគ​ច្រើន​គេ​ប្រើ​ទឹក​មុខ​មិន​ពេញ​ចិត្ត។ ខ្ញុំ​ច្រើន​ប្រើ​ពាក្យ​ថា កូន​ៗ​គួរ​ពិចារណា​ឡើង​វិញ​ អំពី​វប្បធម៌។ ការ​អង្គុយ​លើ​ភ្លៅ​ហ្នឹង​ វា​កាន់​តែ​បង្ហាញ​ពី​ភាព​មិន​សម​រម្យ​ ក្នុង​ចរិត​លក្ខណៈ​ជា​ស្រ្តី​​របស់​ខ្មែរ​ទៀត។​ បាត់​គុណ​តម្លៃ​វប្បធម៌​​​ និង​សេចក្ដី​ថ្លៃ​ថ្នូរ​។ គួរ​យក​កិរិយា​ក្នុង​នាម​ជា​ស្ត្រី​មាន​សណ្ដាប់​ធ្នាប់​ ក្នុង​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ ទៅ​អនុវត្តិ​ឱ្យ​បាន​ល្អ គឺ​ជា​ការ​លើក​កិត្តិយស​ហើយ​។ នៅ​តាម​ទូរទស្សន៍​ខ្លះ​ ក៏​មាន​ការ​សម្ដែង និង​ប្រើ​ភាសា​​មិន​សម​រម្យ​ដែរ​ តែ​គេ​ថា​មេ​គេ​​ឱ្យ​ថា​បែប​ហ្នឹង ដើម្បី​ទាក់​ទាញ​អារម្មណ៍​របស់​អតិថិជន​ឱ្យ​បាន​ច្រើន​ ហើយ​គេ​ងាយ​លក់ផលិត​ផល​​របស់​គេ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ញាណ ភឿន​​។
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌​រូប​នេះ អះ​អាង​ថា លោក​នឹង​លើ​បញ្ហាទាំង​នោះ​​ ស្នើ​ទៅ​ក្រសួងដើម្បី​រក​ដំណោះ​ស្រាយ​។ លោក ញាណ​ ភឿន​ បន្ថែម​ទៀត​ថា ​លោ​ក​ចង់​ស្នើ​ឱ្យ​មានការ​បើក​​​វគ្គ​បណ្ដុះ​បណ្ដាលមួយ​ស្ដី​ពី​ការ​ស្លៀក​ពាក់​ ការ​ប្រើ​ភាសា​ក្នុង​ពិធី​កម្ម​ផ្សេង​ៗ​នៃ​ពិធី​មង្គល​ការ និង​ផ្សេង​ៗ​ទៀត​​ ដែល​មាន​ការ​សហការ​ជា​មួយ​ក្រសួង​ធម្មការ​ និង​សាសនា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ និង​ក្រសួង​ព័ត៌​មាន​។ 
 
រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​ពន្យល់​បន្ថែម​៖«ពេល​នេះ​កំពុង​ពិចារណា​ ថា​តើ​ប្រជុំ​ពិភាក្សា​គ្នា​យ៉ាង​ម៉េច​? ប៉ុន្តែ​អ្វី​ៗ​មិន​អាច​ទាញ​មួយ​ភ្លេត​បាន​ភ្លាម​ទេ​។ ​ទាល់​តែ​មាន​មតិរិះ​គន់​ ដើម្បីយើង​លើក​យោបល់​កែលម្អសម​រម្យ​ណា​មួយ​ តាម​ចរិត​លក្ខណៈ​ប្រពៃណី​ដ៏​ថ្លៃ​ថ្លា​របស់​ខ្មែរ​យើង​។ យើង​ពុំ​ទាន់​អាច​កំណត់​ថា​យើង​នឹង​ប្រជុំ​ ឬ​បើក​វគ្គ​នោះ​នៅ​ពេល​ណា​ទេ ព្រោះ​គម្រោង​នេះ​មាន​យូរ​មក​ហើយ​ ប៉ុន្តែ​ដោយ​សារ​បញ្ហា​កូវីដ-១៩ និង​បញ្ហា​មួយ​ចំនួន​ទៀត​ ធ្វើ​ឱ្យ​យើង​ពុំ​ទាន់​អាច​ប្រជុំ​លើ​បញ្ហា​នេះ​បាន​»។ ​
 
សូម​បញ្ជាក់​ថា ពី​​បុរាណ​ កិច្ច​ពិធី​កាត់​សក់ក្នុង​ពិធី​មង្គល​ការ​ ​ពុំ​​មាន​ការ​​ច្រៀង​​កាត់​សក់​ដូច​សម័យ​បច្ចុប្បន្ន​​នេះ​ឡើយ​។ បើ​តាម​លោក ញាណ​ ភឿន ពី​ដើម​ពិធី​កាត់​សក់ មាន​តែវង់​​ភ្លេង​ប៉ុណ្ណោះ​ និង​មាន​ពិធី​កម្ម​មួយ​ចំនួន​នៅ​ក្នុង​នោះ​ ហើយ​គេ​​​ប្រារព្ធ​ឡើង ​ដើម្បី​ឱ្យ​មាន​សិរី​សួស្ដី​ដល់​កូន​ប្រុស​ស្រី ដោយ​មាន​អាចារ្យ​ជា​អ្ន​ក​ដឹក​នាំ​។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៥០​​ ស្មៀន ឈិន បាន​បង្កើត​​​ឱ្យ​មាន​អ្នក​ចម្រៀង​ស្រី​និង​ប្រុស​ពីនាក់ ដើម្បី​ច្រៀន​ក្នុង​ពិធី​កាត់​សក់ អម​ដោយ​ការ​កំប្លែង​ខ្លះ​ផង​។ ការ​បញ្ចូល​បែប​បទ​ថ្មី​នេះ ទទួល​បាន​ការចាប់​អារម្មណ៍​ពី​មហាជន​ជា​ច្រើន ហើយ​វា​បាន​បន្ត​រហូត​​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។
 
លោករដ្ឋ​លេខា​ធិការ​​ អះ​អាង​ថា​ បច្ចុប្បន្ន​នេះ ពុំ​មាន​​​​សាលា​បើក​វគ្គ​អ្នក​កាត់​សក់​នោះ​​ទេ​។ អ្នក​ចម្រៀង​​នារី និង​បុរស​ ចេះ​ច្រៀង​តាម​រយៈ​ការ​រៀន​តតាម​គ្នា​ពី​អ្នក​ចេះ​មុន​។ លោកថា អ្នក​ខ្លះ​បាន​យក​តម្រាប់​ពី​អ្នក​ជំនាន់​មុខ​ នូវ​ចំណុច​ល្អៗ​​។ ប៉ុន្តែ​អ្នក​ចម្រៀង​មួយ​ចំនួន​ទៀត​ បាន​យក​តម្រាប់​មិន​ល្អ ពី​អ្នក​ចេះ​មុន​ ដូច​ជា​ការ​ប្រើ​ភាសា​​មិន​ល្អ និង​ការ​ធ្វើ​កាយ​វិការ​មិន​សម​ទំនង​ជា​ដើម​។ អ្នក​ជំនាញ​ទំនៀម​ប្រពៃណី​ខ្មែរ​​រូប​នេះ លើក​ទឹក​ចិត្ត​អ្នក​ចម្រៀងកាត់​សក់​​ នៃ​ពិធី​មង្គល​ការ​ ទាំង​នារី​និង​បុរស​ គួរ​រៀប​ចំ​កិរិយា​​យ៉ាង​ណា​ ឱ្យ​ស្រប​នឹង​​ប្រពៃណី វប្បធម៌​ជាតិ​ខ្មែរ​ដ៏​ល្អ​ផូរផង់​៕​
 
 

Tag:
 ពិធី​
  មង្គល​ការ
  ប្រពៃណី​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com